ចូលរួមត្រេកអរ! សម្ដេចតេជោ ហ៊ុន សែន ប្រកាសរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស មិនគិតថ្លៃ
ភ្នំពេញ៖ សូមចូលរួមត្រេកអរ! ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយមិនតម្រូវឲ្យមានការបង់ប្រាក់។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចដូច្នេះថា៖ បងប្អូនកីឡាករកីឡាការិនី! កន្លងមក បងប្អូនកីឡាករ កីឡាការិនីមួយចំនួន បានរងរបួសដោយការប្រកួត ពិសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួស បងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និង ឯកជន ដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាលផង ដែលជាញឹកញាប់ភរិយាខ្ញុំ បានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ ។
ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះ សម្ដេចតេជោ បានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវ យក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី ១០០ ទៅ ២០០គ្រែ។ សម្ដេចបញ្ជាក់ថា ការព្យាបាល មិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។
សម្ដេចតេជោ ហ៊ុន សែន បានសូមឱ្យក្រសួងសុខាភិបាល រៀបចំឲ្យបានឆាប់ ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។ សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត ៕ ដោយ វណ្ណលុក

