កាកបាទក្រហមកម្ពុជា អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០»
ភ្នំពេញ ៖ ដើម្បីចែករំលែកសេចក្តីស្រឡាញ់ និងចូលរួមអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០» កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដោយមានការសហការជាមួយក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) បានរៀបចំពិធីជួបសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួចចំនួន ៧២នាក់ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្របជាមួយទិវានៃក្តីស្រឡាញ់១៤កុម្ភៈ នៅបរិវេណមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីកាកបាទក្រហមកម្ពុជា នៃទីស្នាក់ការកណ្តាល និងសាខារាជធានីភ្នំពេញ អនុសាខាខណ្ឌពោធិ៍សែនជ័យ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បុគ្គលិកក្រុមហ៊ុនវីតាល់ ស្ត្រីមានផ្ទៃពោះ និងមាតាទើបសម្រាលកូនរួមប្រមាណ ១០០នាក់។
ក្នុងឱកាសនោះ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានថ្លែងដោយក្ដីរីករាយ ដែលបានសហការជាថ្មីម្តងទៀតជាមួយកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សម្រាប់ឆ្នាំទី២ នៃការរៀបចំកម្មវិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៣ ហើយដែលឆ្នាំនេះយើងធ្វើស្របពេលជាមួយទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ដែលវីតាល់ និងកាកបាទក្រហមកម្ពុជា ពាំនាំក្តីស្រឡាញ់ និងការចែករំលែកចំណេះដឹងជុំវិញ សុខភាពមាតា និងទារក ជូនបងប្អូនដែលមានវត្តមាននៅទីនេះ ក្នុងនោះមានអ្នកម្តាយដែលកំពុងពរពោះនៅឡើយ និងបងប្អូនជាម្តាយដែលទើបសម្រាលកូនហើយ។
លោកជំទាវ បានបន្ថែមថា «មូលបទសំខាន់មួយទៀត ដែលបន្តជំរុញឱ្យវីតាល់សហការរៀបចំកម្មវិធីនេះ ព្រោះវីតាល់ជឿថាការផ្តល់ជូនទៅដល់សង្គម គឺជាការបង្កើតឱ្យមានវប្បធម៌ នៃការចែករំលែក ដែលវិស័យឯកជន គួរតែធ្វើតាមរយៈការផ្តល់ជំនួយ និងសកម្មភាពផ្សេងៗទោះក្នុងរូបភាពណាក៏ដោយ។ ជាមួយគ្នានេះវីតាល់ ដែលមានមូលនិធិ២៥រៀល បានតាំងចិត្ត ក្នុងការបន្តគាំទ្រ និងបង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារសង្គមឱ្យកាន់តែទូលំទូលាយ ពិសេសគឺការគាំពារសុខភាពមាតា ទារក និងកុមារ។»
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ និងជាពិសេសការគិតគូរពីសុខុមាលភាពរបស់ក្មួយៗស្ត្រីជាមាតានេះផងដែរ។
ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យ ដែលបានផ្តល់ទីកន្លែងសម្រាប់រៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ហើយជាពិសេសថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះគណៈគ្រប់គ្រងក្រុមហ៊ុនវីតាល់ ដែលបានរួមចំណែកយ៉ាងធំធេងជាមួយកាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំទី២ ក្នុងការរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៣នេះ ក៏ដូចជាការរៀបចំកម្មវិធីក្នុងសង្គមផ្សេងៗជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនទឹកពិសាវីតាល់ និងកាកបាទក្រហមកម្ពុជា បានផ្តល់ជូននូវកាដូអនុស្សាវរីយ៍ដល់ស្ត្រីមានផ្ទៃពោះ និងមាតាទើបសម្រាលកូនដែលចូលរួមកម្មវិធីដោយក្នុងម្នាក់ៗទទួលបាន ៖ ទឹកវីតាល់, មីជាតិ, អង្ករ, ឃីតសម្រាប់ម្តាយ និងឃីតសម្រាប់ទារក ព្រមជាមួយថវិកាមួយចំនួនផងដែរ។ គួរជម្រាបជូនផងដែរថា វីតាល់ មិនត្រឹមតែជាក្រុមហ៊ុនជាតិផលិតទឹកពិសា ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ វីតាល់តែងតែផ្សារភ្ជាប់ខ្លួនទៅនឹងការចូលរួមកិច្ចការសង្គម ពិសេសតាមរយៈមូលនិធិ ២៥៛ ដែលជាគំនិតផ្តួចផ្តើមអស់រយៈពេល១០ឆ្នាំជាងរួចមកហើយ ៕ ដោយ / គ្រី សម្បត្តិ