ពន្ធដារឥណ្ឌាចុះត្រួតពិនិត្យការិយាល័យសារព័ត៌មាន ប៊ីប៊ីស៊ី បន្ទាប់ពីបាន ចុះផ្សាយវីដេអូឯកសាររិះគន់នាយករដ្ឋមន្រ្តី លោក ម៉ូឌី

ញូវដែលី៖ មន្ត្រីពន្ធដារឥណ្ឌាបានចុះឆែកឆេរការិយាល័យរបស់សារព័ត៌មាន ប៊ីប៊ីស៊ី(BBC) នៅទីក្រុងញូវដែលី (New Delhi) និងទីក្រុងម៉ុមបៃ (Mumbai) ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមស្ថាប័ន ផ្សព្វផ្សាយ របស់អង់គ្លេសនេះ ដែលបានលើកឡើងថា ការ ចុះត្រួតពិនិត្យនេះធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានហាមប្រាមការឃោសនារបស់សារព័ត៌មាន BBC ជុំវិញវីដេអូឯកសាររិះគន់នាយក រដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) អំពីបញ្ហាកុបកម្ម កាលពីឆ្នាំ២០០២។

គួរដឹងថា វីដេអូឯកសារនេះបានបង្ហាញពីការដឹកនាំរបស់អ្នកនយោបាយ ជាតិ និយមហិណ្ឌូរូបនេះ ក្នុងឋានៈជាប្រមុខរដ្ឋភាគខាងលិចនៃរដ្ឋហ្គូចារ៉ាត (Gujarat) ក្នុងអំឡុងពេលកុបកម្មដែលមនុស្សយ៉ាងហោចណាស់ ១.០០០ នាក់បានសម្លាប់ ដែលភាគច្រើនជាជនជាតិមូស្លីម។ សកម្មជនសិទ្ធិមនុស្សបានសន្និដ្ឋានថាចំនួនអ្នកស្លាប់អាចនឹងមានចំនួនច្រើនជាងតួលេខខាងលើរហូតដល់ទៅពីរដងឯណោះ។

កាលពីល្ងាចថ្ងៃអង្គារ ក្រុមមន្ត្រីពន្ធដារនៅតែបន្តសាកសួរនិងត្រួតពិនិត្យនៅ ការិយាល័យប៊ីប៊ីស៊ី នៅឡើយ ។ ខណៈដែលបុគ្គលិកមួយចំនួនត្រូវបាន ស្នើឱ្យ បន្តនៅក្នុងការិយាល័យជាមួយពួកគេ ខណៈដែលបុគ្គលិកជា ច្រើន ទៀត បានចាកចេញទៅផ្ទះរៀងៗខ្លួន។ ប៊ីប៊ីស៊ី បានឱ្យដឹងថា៖ «សារព័ត៌មានរបស់យើងទាំងអស់នៅតែបន្ត ដំណើរ ការជាធម្មតា ហើយយើងប្តេជ្ញាផ្សព្វផ្សាយបម្រើដល់ប្រយោជន៍ ទស្សនិក ជន ទាំងអស់នៅក្នុងប្រទេសឥណ្ឌា»។

គួររម្លឹកថា កាលពីខែមុន រដ្ឋាភិបាលឥណ្ឌាបានច្រានចោលវីដេអូឯកសារ ដែលចេញផ្សាយដោយ BBC ក្រោមចំណងជើងថា «ប្រទេសឥណ្ឌា៖ ចម្ងល់អំពីលោកម៉ូឌី» ដោយបានចោទថា វាជាវីដេអូឯកសារដែលមាន ចរិតឃោសនានយោបាយ និងបានធ្វើការបិទការផ្សាយមិនអនុញ្ញាត ឱ្យមានការចែករំលែកបន្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទៀតផង។

ក្រសួងការបរទេសក៏បានលើកឡើងកាលពីខែមុនថា វីដេអូឯកសារនេះ គឺមាន គោលបំណងឃោសនានយោបាយ និងជាការពិពណ៌នាដែល មិន គួរឱ្យជឿទុកចិត្ត មានភាពលំអៀង ខ្វះវត្ថុបំណង និងបង្ហាញពីផ្នត់ គំនិ ត អាណានិគម។

ចំណែក ប៊ីប៊ីស៊ី បានឈរលើគោលការណ៍វិជ្ជាជីវៈអ្នកសារព័ត៌មានរបស់ ខ្លួនក្នុងការផលិតវីដេអូឯកសារ ហើយបានលើកឡើងថា ខ្លួនកំពុង សហការ ជាមួយនឹងក្រុមមន្ត្រីពន្ធដារទាំងនោះ។ ប៊ីប៊ីស៊ី ក៏បានលើកឡើង នៅលើ បណ្ដាញ ធ្វីរទ័រ(Twitter) ថា៖ «អាជ្ញាធរពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន កំពុងស្ថិតនៅការិយាល័យរបស់ BBC ក្នុងទីក្រុងញូវដែលី និងទីក្រុងម៉ុមបៃ ហើយយើងកំពុងផ្ដល់ការសហការយ៉ាងពេញលេញ។ យើងសង្ឃឹមថា នឹង មានការដោះស្រាយស្ថានភាពនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

មន្ត្រីនាយកដ្ឋានពន្ធលើប្រាក់ចំណូលបានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «បេសកកម្មប្រតិបត្តិការត្រួតពិនិត្យកំពុងដំណើរការទៅមុខ» ។ដូច្នេះហើយ នាយកដ្ឋាននេះមិនអាចផ្ដល់ព័ត៌មានលម្អិតបាននោះទេ ហើយ នាយក ដ្ឋានក៏មិនបានឆ្លើយតបទៅនឹងអ៊ីមែលដែលសារព័ត៌មាន រ៉យទ័រ ស្នើ សុំ ការអត្ថាធិប្បាយនោះដែរ។

ការចុះឆែកឆេរដែលធ្វើឡើងដោយនាយកដ្ឋានពន្ធលើប្រាក់ចំណូល បាន អនុញ្ញាតឱ្យមន្ត្រីប្រមូលព័ត៌មានណាមួយដែលខ្លួនយល់ថា មានប្រយោជន៍ សម្រាប់ធ្វើការវិភាគនៅពេលក្រោយបាន។ លោក តារុន ហ្គូឡាទី (Tarun Gulati) អ្នកតស៊ូមតិជាន់ខ្ពស់ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី បានមានប្រសាសន៍ថា មន្ត្រីទាំងនោះមានសិទ្ធិរក្សាទុកសៀវភៅ ឬ ឯកសារ ណាមួយដែលជាប់ពាក់ព័ន្ធ។ លោក ហ្គូឡាទី បានលើកឡើងថា ការ សាកសួរ គឺខុសពីប្រតិបត្តិការចូលឆែកឆេរ និងការរឹបអូស ដែលត្រូវបានគេ ស្គាល់ជាទូទៅថាជាការលួចវាយឆ្មក់។

ដោយឡែក ការិយាល័យបរទេសរបស់អង់គ្លេសបានឱ្យដឹងថា ខ្លួនកំពុង តាមដាន យ៉ាងយកចិត្តទុកដាក់នូវរបាយការណ៍នៃការសាក សួរអំពីពន្ធ ផ្សេងៗដែលធ្វើឡើងនៅការិយាល័យរបស់ ប៊ីប៊ីស៊ី។ រីឯអ្នកតស៊ូមតិខាងផ្នែកសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ និងក្រុមបក្សប្រឆាំងរបស់ ប្រទេស ឥណ្ឌាបានថ្កោលទោសជុំវិញការចុះត្រួតពិនិត្យនេះ។

បើយោងតាមប្រភពមួយក្នុងចំណោមប្រភពពីរផ្សេងទៀតនៅក្នុងការិយាល័យរបស់ ប៊ីប៊ីស៊ី នៅទីក្រុងញូវដែលី បានប្រាប់សារព័ត៌មាន រ៉យទ័រ នៅមុន នេះថា ក្រុមមន្ត្រីពន្ធដារកំពុងសាកសួរមន្ត្រីគណនេយ្យដែលធ្វើការនៅ ប៊ីប៊ីស៊ី ហើយគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញទេពី ការិយាល័យ នោះទេ។

ប្រភពមួយទៀតបានឱ្យដឹងថា ការិយាល័យប៊ីប៊ីស៊ី ត្រូវបានអនុញ្ញាត ឱ្យបើក ដំណើរការដូចធម្មតា ខណៈដែលការសាកសួរកំពុងដំណើរការ ប៉ុន្តែគេ បានបដិសេធមិនបញ្ជាក់ឱ្យបានច្បាស់នោះទេ ថាតើក្រុមមន្ត្រីពន្ធដារ បាន ចូលទៅក្នុងបន្ទប់សារព័ត៌មានឬក៏យ៉ាងនោះទេ។ ខណៈពេលដែលការ ត្រួតពិនិត្យទៅលើពន្ធកំពុងបន្ត ក្រុមអ្នកសារព័ត៌មានបានប្រមូលផ្ដុំគ្នានៅ ខាងក្រៅការិយាល័យ ប៊ីប៊ីស៊ី ដើម្បីរាយការណ៍ពីការវិវត្តទៅនៃសកម្មភាព របស់ក្រុមមន្ត្រីពន្ធដារ។ ចំណែកឯប៉ូលីស និងសន្តិសុខឯកជនបានព្យាយាម រក្សាសណ្តាប់ធ្នាប់ និងរារាំងអ្នកកាសែតរាប់សិបនាក់មិនឱ្យចូលទៅក្នុង បរិវេណនោះ។

គណបក្ស Bharatiya Janata Party (BJP) របស់លោកម៉ូឌី បានអះអាង ថាស្ថាប័នរបស់ឥណ្ឌាធ្វើការដោយឯករាជ្យ ហើយនាយកដ្ឋានពន្ធដារគឺកំពុង អនុវត្ត ទៅតាមច្បាប់ក្នុងការត្រួតពិនិត្យមើលសកម្មភាពណាមួយដែល មិន បានអនុលោមទៅតាមច្បាប់ដែលមានចែង។ អ្នកនាំពាក្យរបស់គណបក្ស BJP លោក Gopal Krishna Agarwal បានថ្លែងថា «ឥណ្ឌាគឺជាប្រទេស លទ្ធិប្រជាធិបតេយ្យដ៏រស់រវើកដែលគ្មាននរណាម្នាក់នៅពីលើច្បាប់នោះឡើយ»។ គួរកត់សម្គាល់ថា បន្ទាប់ពីព័ត៌មាននេះបានចេញផ្សាយ ការស្វែង រកតាម អ៊ីនធឺណិតដោយប្រើប្រាស់ពាក្យថា «វីដេអូឯកសារឥណ្ឌា លោក ណារិនដ្រា ម៉ូឌី» បានកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដែលភាគ ច្រើន ពួកគេស្វែងរកដើម្បីទាញយកទុកមើល។

អង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា The Editors Guild of India និងដែលបានអះអាងថាខ្លួនជាសមាគមមិនប្រកាន់បក្ខពួក បាន ថ្លែងថា ខ្លួនមានការព្រួយបារម្ភជាខ្លាំង ដោយសារភ្នាក់ងាររដ្ឋាភិបាលត្រូវ បានប្រើប្រាស់ដើម្បីបំភិតបំភ័យ និងបៀតបៀនអង្គភាពសារព័ត៌មានណា ដែលរិះគន់ស្ថាប័នកាន់អំណាច។

កាលពីឆ្នាំ២០២១កន្លងទៅ នាយកដ្ឋានពន្ធដារនេះតែងតែបាន ចុះត្រួត ពិនិត្យ និងឆែកឆេរការិយាល័យរបស់ស្ថាប័នផ្សព្វផ្សាយជាច្រើន បន្ទាប់ ពីស្ថាប័នទាំងនោះធ្វើការរិះគន់ ឬផ្សព្វផ្សាយចំៗអំពីចំណុចអវិជ្ជមានរ បស់រដ្ឋាភិបាល ក្នុងនោះរួមមាន ស្ថាប័នសារព័ត៌មាន NewsClick, Newslaundry, Dainik Bhaskar និង Bharat Samachar ជាដើម។ គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (Committee to Protect Journalists) ប្រចាំតំបន់អាស៊ី បានលើកឡើងនៅលើបណ្ដាញ Twitter ថា «អាជ្ញាធរមិនត្រូវបៀតបៀនអ្នកកាសែតដែលកំពុងបំពេញការងាររ បស់ ពួកគេនោះទេ»។

បន្ថែមលើនេះ សមាជគណបក្សប្រឆាំងក៏បានថ្កោលទោសចំពោះចំណាត់ ការរបស់នាយកដ្ឋានពន្ធដារ ដោយបានរិះគន់ចំៗថា «ការធ្វើបែបនេះ វា បង្ហាញថារដ្ឋាភិបាលរបស់លោក ម៉ូឌី ភ័យខ្លាចចំពោះការរិះគន់»។ នេះបើយោងតាមសមាជិកសភាមួយរូប និងជាអគ្គលេខាធិការសភា លោក Venugopal បានសរសេរនៅលើបណ្ដាញ Twitter របស់ខ្លួន។

គួររម្លឹកថា វីដេអូឯកសារនេះបានបង្ហាញឱ្យឃើញពីព្រឹត្តិការណ៍កាល ពី ខែកុម្ភៈ ឆ្នាំ២០០២ នៅពេលដែលក្រុមមូស្លីមត្រូវបានគេសង្ស័យថា បាន ដុតរថភ្លើងដឹកអ្នកធម្មយាត្រាហិណ្ឌូក្នុងរដ្ឋហ្គូចារ៉ាត បន្ទាប់មកបានបង្កឱ្យ មាន កំហឹងឈានដល់ប្រើអំពើហិង្សានៅតាមសហគមន៍ ដែលនេះជា ព្រឹត្តិការណ៍ដ៏អាក្រក់មួយក្នុងប្រវត្តិសាស្ត្ររបស់ឥណ្ឌា។

កាលណោះ លោក ម៉ូឌី បាននឹងកំពុងគ្រប់គ្រងរដ្ឋ ហ្គូចារ៉ាត អស់រយៈពេល ជាងមួយទសវត្សរ៍ មុននឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៤។ រហូតមកទល់សព្វថ្ងៃនេះ លោក ម៉ូឌី តែងត្រូវបានរងការចោទប្រកាន់ថា លោកខកខានមិនបានខិតខំប្រឹងប្រែងបញ្ឈប់កុបកម្មកាលពីឆ្នាំ២០០២។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីរូបនេះតែងតែបដិសេធរាល់កា រចោទ ប្រកាន់ទាំងឡាយ ហើយនៅឆ្នាំ២០១៣ ក្រុមប្រឹក្សាដែលត្រូវបានតែងតាំង ដោយតុលាការកំពូលបានសម្រេចថាគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោសទៅលើលោក ម៉ូឌី នោះទេ។
ដោយ៖ ធា សុណា
ប្រភព៖ https://www.reuters.com/world/india/indias-income-tax-department-conducts-searches-bbc-offices-sources-2023-02-14/

ads banner