រយៈពេលប្រាំខែ សមត្ថកិច្ចធ្វើការពិន័យដកពិន្ទុអ្នកបើកបរមិន គោរព ច្បាប់ មានជាង ៣៦ ០០០ដង
ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ ដែលបានដាក់ឱ្យដំណើរ ការ អនុវត្តសាកល្បងនៅទូទាំងប្រទេសនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ សមត្ថកិច្ច បានធ្វើការផាកពិន័យមានរហូតទៅដល់ ៣៦ ៣០០ ដងឬករណី ចំពោះអ្នកបើកបរមិនគោរពច្បាប់ ។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើក ទិសដៅការងារឆ្នាំ ២០២៣ លើប្រធានបទ «បន្តលើកកម្ពស់គុណភាព នៃ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស» នៅថ្ងៃទី១៥ខែកុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំដែលយើងយក គំនិតផ្តួចផ្តើមថ្មីមួយទៀត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺការដាក់ឱ្យប្រើប្រាស់នៃការដកពិន្ទុចំពោះដល់អ្នកប្រើប្រាស់ផ្លូវ ថ្នល់ ដែលខុសច្បាប់ បើកលើសល្បឿនកំណត់ និងមិនពាក់ខ្សែក្រវាត់ ។ល។
ឯកឧត្តមថ្លែងថា ៖«យើងបានសហការជាមួយនឹងក្រសួងមហាផ្ទៃ បាន ធ្វើកិច្ចការ នេះចេញជាអេប( App) មួយដោយផ្តល់នូវម៉ាស៊ីន ដកពិន្ទុ ៣០០គ្រឿង ទៅក្រសួងមហាផ្ទៃដើម្បីចាប់ដំណើរការសាកល្បងនៅកញ្ញា ឆ្នាំ ២០២២។ ពីខែកញ្ញាមកដល់ពេលនេះមានរយៈពេលប្រាំខែ ករណីផាក ពិន័យ មានរហូតទៅដល់ ៣៦៣០០ ដង ឬករណី ដែលអ្នកប្រើប្រាស់ ផ្លូវ មិនគោរពច្បាប់ចរាចរណ៍ ហើយត្រូវបានដកពិន្ទុនៅទីនោះតែម្តង»។
ឯកឧត្តមបានគូសបញ្ជាក់ថា លទ្ធផលនេះគឺជាមោទនភាពមួយ ដែល ក្រសួង សាធារណការ និងដឹកជញ្ជូនជាមួយក្រសួងមហាផ្ទៃបានខិតខំប្រឹងប្រែង រៀប ចំម្មវិធីទូរសព្ទដៃ (App) ដកពិន្ទុនេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា។ ឯកឧត្តមបន្តទៀតថា៖«មិនទាន់មានប្រទេសច្រើនទេនៅក្នុងពិភពលោក ដែលដកពិន្ទុនៅទីតាំងកន្លែងកើតហេតុ ។ដកភ្លាមៗ នេះជាការល្អមួយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។ប៉ុន្តែសម្តែងការព្រួយបារម្ភ ចំពោះ គ្រោះថ្នាក់ចរាចរណ៍ដែលនៅតែមានអត្រា អ្នកស្លាប់ច្រើន បើទោះបីជា ភាគីពាក់ព័ន្ធខិតខំដាក់ចេញនូវវិធានការនានាក៏ដោយ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា៖«ចំពោះគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២២សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ទិសដៅ ឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខិតខំប្រឹងប្រឹងប្រែង ផ្សព្វផ្សាយ ធ្វើកិច្ចការយ៉ាងណា កាត់បន្ថយការស្លាប់ឱ្យបាន ៤.៥ភាគរយ ជាមធ្យមក្នុងមួយថ្ងៃ។ ប៉ុន្តែ ២០២២នេះយើងធ្វើមិនបាន៤.៥ ទេ យើងធ្វើ បាន ៤.៦៨ ភាគរយ។ ដូច្នេះមនុស្សស្លាប់ ៦៦នាក់ លើសផែនការ យើង ចង់ ឱ្យកាត់បន្ថយឱ្យទាបបំផុត ។ប៉ុន្តែកាត់បន្ថយមិនបានតាមការគ្រោងទុក ឬតាមទិសដៅ »។
ដោយឡែកពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោកថ្មីវិញឯកឧត្តម ស៊ុន ចាន់ថុល បង្ហើបឱ្យដឹងថា ច្បាប់ថ្មីនេះត្រូវបានធ្វើចប់សព្វគ្រប់អស់ហើយ ប៉ុន្តែរង់ចាំ កែអក្ខរាវិរុទ្ធ ហើយនឹងដាក់ជូនទីស្តីការគណៈរដ្ឋមន្រ្តីក្នុងពេលឆាប់ៗ ខាង មុខនេះ ដើម្បីបន្តដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភា ក្នុងការពិនិត្យនិង ត្រៀម អនុម័តច្បាប់ថ្មីនេះ។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី(AIP) លោក គឹម បញ្ញា យល់ថា ការដាក់ឱ្យអនុវត្តនូវកម្មវិធីដកពិន្ទុលើបណ្ណបើកបរដែលល្មើសច្បាប់ចរាចរណ៍នេះ វានឹងចូលរួមចំណែកកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ នៅ កម្ពុជា។លោកថ្លែងថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ គឺគាត់បើក បរ មិនគោរពច្បាប់ ហើយគាត់បើកលឿន បើកបរក្នុងស្ថានភាពស្រវឹង គាត់ វាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គាត់មិនគោរពតាមច្បាប់ចរាចរណ៍ មួយ ចំនួនទៀត។ ដូច្នេះបើយើងអនុវត្តឱ្យបានម៉ឺងម៉ាត់ ខ្ញុំជឿជាក់ថា នឹងអាច កាត់បន្ថយចំនួនអ្នកបើកបរដែលគាត់បំពានច្បាប់នៅលើដងផ្លូវ។
យ៉ាងណាក៏ដោយ លោក គឹម បញ្ញា ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ត យន្តការថ្មីនេះ ឱ្យបានទូលំទូលាយ ស្មើភាពនិងមានតម្លាភាពចៀសវាង ការ រិះគន់ពីសំណាក់មហាជន។
សូមជម្រាបថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន ដាក់ឱ្យអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរសាកល្បងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ និងអនុវត្តពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ សម្រាប់ការដកពិន្ទុបណ្ណបើកបរ និងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្ពីពីចរាចរណ៍ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ ដោយក្នុងនោះតម្រូវឱ្យអ្នក បើក បរយានយន្តគ្រប់រូបយកតាមនូវបណ្ណបើកបរយានយន្ត(ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុ ក្នុងករណីមាន ការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕
ដោយ៖ឡាយ សាមាន