មេដឹកនាំចិនបង្ហាញការគាំទ្រចំពោះអ៊ីរ៉ង់ ចំពេលមានសម្ពាធពីលោកខាងលិច
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសម្ដែងនូវការគាំទ្រ ចំពោះ ប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំនៃប្រទេសនេះ ទៅកាន់ក្រុងប៉េកាំងកាលពីថ្ងៃអង្គារ ស្របពេលដែលក្រុងតេហេរ៉ង់ព្យាយាម ពង្រីកទំនាក់ទំនងជាមួយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ដើម្បីបន្ថយ សម្ពាធទណ្ឌកម្មរបស់លោកខាងលិចជុំវិញការអភិវឌ្ឍន៍នុយក្លេអ៊ែរ។
លោក ស៊ី ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ផ្សាយតាមទូរទស្សន៍រដ្ឋ ក្រោយជំនួប ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី យ៉ាងដូច្នេះថា៖ «ប្រទេស ចិនគាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាពជាតិ ប្រឆាំងនឹងឯកតោភាគី និយម និងការគំរាមកំហែង»។
តាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលចិនដដែល លោក ស៊ី បានថ្លែងថា ទីក្រុងប៉េកាំង «ប្រឆាំងនឹងកងកម្លាំងខាងក្រៅដែលជ្រៀតជ្រែកក្នុងកិច្ចកា រផ្ទៃក្នុងរបស់អ៊ីរ៉ង់ និងធ្វើឱ្យខូចសន្តិសុខ និងស្ថិរភាពរបស់ប្រទេសអ៊ីរ៉ង់»។ សេចក្ដីថ្លែងការណ៍បន្តថា លោក ស៊ី បានសន្យាថានឹង «ធ្វើការរួមគ្នាលើបញ្ហា ដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក» ប៉ុន្តែមិនបាន ផ្តល់ព័ត៌មានលម្អិតទេ។
ចំណែកឯរដ្ឋាភិបាលរបស់លោក រ៉ៃស៊ី មិនបានបញ្ចេញព័ត៌មាន លម្អិតពី កិច្ចប្រជុំនេះទេ ប៉ុន្តែលោកប្រធានាធិបតីរូបនេះបានហៅរដ្ឋាភិបាលទាំងពីរ ថាជា «មិត្តក្នុងគ្រាលំបាក» នៅក្នុងអត្ថាធិប្បាយមួយដែលបានចេញ ផ្សាយ កាល ពីថ្ងៃ ចន្ទដោយកាសែតបក្សកុម្មុយនិស្តចិន People’s Daily។
គេសង្កេតឃើញថា សេចក្ដីថ្លែងការណ៍ដដែលមិនបានបង្ហាញថាតើមេដឹកនាំ ទាំងពីរបានពិភាក្សាគ្នាអំពីសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីឬយ៉ាងណានោះទេ ខណៈដែលនាពេលកន្លងមក អ៊ីរ៉ង់រងការចោទប្រកាន់ថាបាន ផ្គត់ផ្គង់ដ្រូនទៅឱ្យរុស្ស៊ីដើម្បីប្រើប្រាស់នៅអ៊ុយក្រែន ហើយរដ្ឋាភិបាលនៃ ប្រទេសនេះបានច្រានចោល ហើយរួចមកទើបអះអាងថា ដ្រូនទាំងនោះផ្ដល់ ឱ្យ រុស្ស៊ីតាំងពីមុនសង្រ្គាមមកម្ល៉េះ។
លោក ស៊ី បង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលលោក រ៉ៃស៊ី ដោយថែមទាំង រិះគន់លើអនុត្តរភាពរបស់សហរដ្ឋអាមេរិកលើពិភពលោក ស្របពេលដែល ចិន អ៊ីរ៉ង់ និងរុស្ស៊ីមួយទៀត បានបង្ហាញខ្លួនឯងថា ជាក្រុមប្រទេស ប្រឆាំងនឹងមហាអំណាចអាមេរិក តាមរយៈការបង្កើនទំនាក់ ទំនងជិត ស្និទ្ធនឹងគ្នាជាដើម។
ក្នុងជំនួបកាលពីថ្ងៃអង្គារ លោក ស៊ី និងលោក រ៉ៃស៊ី បានចូលរួមការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២០ រួមទាំងពាណិជ្ជកម្ម និងទេសចរណ៍។ ទាំងនេះ បន្ថែមលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររយៈពេល ២៥ ឆ្នាំ ដែលបានចុះហត្ថលេខានៅឆ្នាំ ២០២១ ដើម្បីសហការក្នុង ការអភិវឌ្ឍ ប្រេង ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។
គួរបញ្ជាក់ថា ចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសអ្នកទិញប្រេងធំ បំផុតរបស់អ៊ីរ៉ង់ និងជាប្រភពនៃការវិនិយោគមួយរបស់ប្រទេស ដែលរង ទណ្ឌកម្មធ្ងន់ធ្ងរមួយនេះ។ ជាច្រើនឆ្នាំកន្លងមកហើយ អ៊ីរ៉ង់បានប្រឈមមុខ នឹងទណ្ឌកម្មពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ពីសហរដ្ឋអាមេរិក និងរដ្ឋាភិបាល លោក ខាងលិចផ្សេងទៀត ដែលចោទអ៊ីរ៉ង់ថាប្រឹងប្រែងដើម្បីអភិវឌ្ឍអាវុធ នុយ ក្លេអ៊ែរ ដែលការចោទប្រកាន់នេះត្រូវបានអ៊ីរ៉ង់ច្រានចោល ហើយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប្រើក្នុងន័យសន្តិភាពប៉ុណ្ណោះ៕
ដោយ៖ហួន ឌីណា
ប្រភព៖ China’s Xi expresses support for Iran amid Western pressure