ប្រទេសឥណ្ឌា សម្រេចលុបចោលលក្ខខណ្ឌការធ្វើតេស្តកូវីដ១៩ មុនចេញ ដំណើរសម្រាប់អ្នកធ្វើដំណើរមកពី ឬឆ្លងកាត់ប្រទេសចំនួនប្រាំមួយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា បានជូន ដំណឹងស្តីពី សម្រេច លុបចោលលក្ខខណ្ឌនៃការធ្វើតេស្តកូវីដ១៩ មុនចេញ ដំណើរសម្រាប់អ្នក ធ្វើដំណើរមកពី ឬឆ្លងកាត់ ប្រទេសចិន សិង្ហបុរី ហុងកុង សាធារណរដ្ឋកូរ៉េ ថៃ និងជប៉ុន។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា បានលើកឡើងដូចនេះ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៤ ខែកុម្ភៈ ស្តីពីវិធានការសម្រាប់អ្នក ធ្វើដំណើរចូលប្រទេសឥណ្ឌា ដោយបានបញ្ជាក់ថា ក្រសួងសុខាភិបាល និងសុខមាលភាពគ្រួសារឥណ្ឌា បានចេញលិខិតជូនដំណឹងអំពី ស្ថានភាព ជំងឺកូវីដ១៩ និងលក្ខខណ្ឌសម្រាប់អ្នកធ្វើដំណើរបរទេសមកកាន់ ប្រទេសឥណ្ឌា។

ប្រភពដដែលបានបញ្ជាក់ថាក្រសួងសុខាភិបាល និងសុខមាលភាពគ្រួសារ ឥណ្ឌា បានសម្រេចលុបចោលលក្ខខណ្ឌនៃការធ្វើតេស្តកូវីដ១៩ មុនចេញ ដំណើរសម្រាប់អ្នកធ្វើដំណើរមកពី ឬឆ្លងកាត់ ប្រទេសចិន សិង្ហបុរី ហុងកុង សាធារណរដ្ឋកូរ៉េ ថៃ និងជប៉ុន។ ក្រសួងសុខាភិបាល និងសុខមាលភាព គ្រួសារ ឥណ្ឌានៅបន្តអនុវត្តនៃការធ្វើតេស្តមិនឱ្យដឹងជាមុន (random testing) នៃអ្នកដំណើរ ២ភាគរយ (ដោយមិនគិតពីប្រទេសដើម) នៅអាកាសយានដ្ឋានដែលពួកគាត់មកដល់។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុប ចោលការ ធ្វើតេស្តរហ័ស និងលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នក ដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោង សម្រាប់អ្នកដំណើរមកពីក្រៅនៅពេលមកដល់ប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។

ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាធ្លាប់បានលើក ឡើងថា ក្រសួងសម្រេចលុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមក ដល់ កម្ពុជា និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាកា រ ពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
ទោះបីមានកា រលុបចោលលក្ខខណ្ឌទាំងនេះក៏ដោយ ក្រសួងសុខាភិបាល នៅតែលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់គប្បីធ្វើតេស្តរហ័សដោយខ្លួនឯងផងដែរ។
យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៤ ខែកុម្ភ ឆ្នាំ២០២៣ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៨ ៧០៥ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៦៤៤ នាក់ និងអ្នកស្លាប់នៅដដែល គឺចំនួន ៣ ០៥៦ នាក់៕
ដោយ៖នាង សុគន្ធា

ads banner