លោក អ៊ិត សំហេង ជំរុញមន្រ្តីរបស់ខ្លួនខិតខំដោះស្រាយរាល់បាតុភាព ដែលកើតមាននៅតាមរោងចក្រសហគ្រាស
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម អ៊ិត សំហេង បានជំរុញដល់មន្រ្តីអធិការកិច្ចការងារ និងមន្រ្តីផ្សះផ្សារវិវាទការងារ ខិតខំដោះស្រាយរាល់បាតុភាពដែលនឹងកើតមានឡើងនៅតាមរោងចក្រសហគ្រាសប្រកបដោយប្រសិទ្ធភាព សំដៅធានាឱ្យបាននូវអត្ថប្រយោជន៍ របស់កម្មករនិយោជិត។
ការជំរុញនេះធ្វើឡើងនៅ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី “គោលការណ៍ ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួម” នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធ្វើឡើងនៅទីស្តីការក្រសួងការងារ។ ការរៀបចំសិក្ខាសាលានាពេលនេះ ដើម្បីកសាងសមត្ថភាពមន្ត្រីអធិការ កិច្ច ការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងដោះ ស្រាយរាល់បាតុភាពដែលអាចនឹងកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថាននានា ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅធានាបាននូវអត្ថប្រយោជន៍របស់កម្មករនិយោជិត និងរក្សា បាន នូវស្ថិរភាពអាជីវកម្ម។
នាឱកាសនោះឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា បេសកកម្មរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបាននូវ អនុលោម ភាពការងារ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាផ្តល់ នូវបរិយាកាសការងារ និងវិនិយោគប្រកបដោយចីរភាពនិងភាពធន់ ដើម្បីបន្តទាក់ទាញបាននូវការវិនិយោគ និងការបញ្ជាទិញពីអន្តរជាតិ ព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសផលិតផលិតផលស្អាតស្អំ ដែលមិនមានការរំលោភបំពានសិទ្ធិនិងលក្ខខណ្ឌការងារ។
ឯកឧត្តមបានថ្លែងថា៖«ខណៈពេលដែលបញ្ជាការឯកភាពក្រុមអធិការកិច្ចការងារសម្រេចបាននូវលទ្ធផលការងារជាច្រើន ឃើញថានូវបញ្ហាប្រឈម មួយចំនួនដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយឱ្យបាន ល្អប្រសើរ ជាពិសេស ការកំណត់អំពីដែនសមត្ថកិច្ចក្នុងការដោះ ស្រាយវិវាទ ការងាររួម កូដកម្ម បាតុកម្ម ដែលកើតឡើងតាមសហគ្រាស គ្រឹះស្ថាននៅ តាមបណ្តាខេត្ត ក៏ដូចជានៅក្នុងរាជធានីភ្នំពេញ ដែលជាទីប្រជុំជន»។
ឯកឧត្តមបានបន្ថែមថា ផ្អែកលើបទពិសោធន៍ការងារនាពេលកន្លងមក ស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាតែងតែត្រូវបានធ្វើឱ្យមានភាពចម្រូងចម្រាស ដែលមួយចំនួនអាចនាំទៅដល់សកម្មភាពដែលបម្រើឱ្យ បដិវត្តន៍ ពណ៌ ជាពិសេសនៅពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ខិតជិត មកដល់។
ឯកឧត្តមបន្តថា៖«ជាទូទៅ យើងតែងសង្កេតឃើញថា មានការកើនឡើង នូវវិវាទការងាររួម កូដកម្ម និងបាតុកម្ម ដែលមានភាពស្មុគស្មាញក្នុងការដោះ ស្រាយ បញ្ចប់ដោយសន្តិវិធី បើទោះបីជា ក្រសួងបានប្រឹងប្រែងដោះ ស្រាយ យ៉ាងណាក៏ដោយ។ ជាក់ស្តែង កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើស រើស តំណាងរាស្ត្រ នីតិកាលពី៧ នៃរដ្ឋសភា ក៏កាន់តែខិតជិតមកដល់ផងដែរ ដែលក្នុងនោះ ចលនាផ្សេងៗ ក្នុងចេតនាទុច្ចរិតបង្កអស្ថិរភាពក្នុងសង្គម កម្ពុជា»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា យល់ឃើញថា ការជំរុញនេះជារឿងល្អ ប៉ុន្តែលោកចង់ឃើញមានការដោះស្រាយប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព ជូនដល់កម្មករនិយោជិត។
ក្នុងឱកាសសិក្ខាសាលានោះលោក អ៊ិត សំហេង បានធ្វើការណែនាំ និងផ្តល់ជាអនុសាសន៍ដល់មន្រ្តីដឹកនាំសម្រាប់ដោះស្រាយករណីកូដកម្ម បាតុកម្មទាំងនេះ ដោយត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពី នីតិវិធីនៃការដោះស្រាយវិវាទការងាររួម កូដកម្ម និងបាតុកម្ម ឱ្យបានត្រឹម ត្រូវប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងការទទួលខុសត្រូវ។ លោកណែនាំថា៖«ត្រូវបន្តដោះស្រាយវិវាទការងារតាមនីតិវិធីដោយឈរលើមូលដ្ឋានច្បាប់ ភាពស្មោះត្រង់ តម្លាភាព មិនលំអៀង និងប្រកបដោយ វិជ្ជាជីវៈ និងត្រូវអនុវត្តឱ្យបានតឹងរ៉ឹងនិងម៉ឺងម៉ាត់នូវរាល់ច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធប្រកបដោយយុទ្ធសាស្រ្ត»៕
ដោយៈឡាយ សាមាន