នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន គាំទ្រចំពោះសកម្មភាពសាលាភូមិន្ទរដ្ឋបាល ដែលបានសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធក្នុងការបណ្តុះបណ្តាល បង្កើនសមត្ថភាពមន្ត្រីសាធារណៈ
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគាំទ្រចំពោះសកម្មភាពសាលាភូមិន្ទរដ្ឋបាល ដែលបានសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាល បង្កើនសមត្ថភាពមន្ត្រីសាធារណៈ រយៈពេលកន្លងមក ក្នុងស្មារតីនៃការចូលរួមជំរុញឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងមានសមត្ថភាពប្រកួតប្រជែងជាងមុន ព្រមទាំងពង្រឹងបាននូវការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ដើម្បីឆ្លើយតបតម្រូវការនានារបស់មូលដ្ឋាន និងការលើកកម្ពស់សុខុមាលភាពប្រជាជន ។

ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ចំនួន ១១២នាក់ នៃវគ្គបណ្ដុះបណ្ដាលស្តីពី«ការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ» នៅព្រឹកថ្ងៃពុធទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីនិងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ មានប្រសានសន៍ថា សាលាភូមិន្ទរដ្ឋបាល តែងប្រកាន់ខ្ជាប់នូវគោលការណ៍បណ្តុះបណ្តាលប្រកបដោយគុណភាព និង តម្លៃនៃគុណាធិបតេយ្យ ដោយបានផ្តល់ការយកចិត្តទុកដាក់កម្រិតខ្ពស់ចាប់ពីដំណាក់កាលនៃការជ្រើសរើសសិស្សមន្ត្រី និងកម្មសិក្សាការី រហូតដល់ពេលបញ្ចប់ការសិក្សា។

ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ សូមពិចារណាលើគំរូសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈជាមួយបណ្តា ក្រសួង ស្ថាប័ន អង្គភាព នានា ដើម្បីការជម្រុញអភិវឌ្ឍសមត្ថភាពមន្រ្តី នៅក្នុងសាលាភូមិន្ទរដ្ឋបាល។ ជាមួយគ្នានោះ ឯកឧត្តម ក៏សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តសហការគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីរាជការកម្ពុជា ឱ្យឆ្លើយតបនឹងតម្រូវការនៃការកែទម្រង់របស់រាជរដ្ឋាភិបាល ៕

ដោយ ហេង សម្បត្តិ