សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយប្រតិភូថ្នាក់ដឹកនាំក្រសួង បានអញ្ជើញគោរពវិញ្ញាណខក្ខន្ធសពឯកឧត្តម ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយប្រតិភូថ្នាក់ដឹកនាំក្រសួង បានអញ្ជើញគោរពវិញ្ញាណខក្ខន្ធសពឯកឧត្តម ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឯកឧត្តម ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពកាលពីថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥នាទីរសៀល ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។ សម្ដេចក្រឡាហោម ស ខេង បានផ្ញើសាររំលែកមរណទុក្ខ ជូនលោកជំទាវ ឈាង នារី ព្រមទាំងក្រុមគ្រួសារ ។

ក្នុងនាមលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានសម្ដែងក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ ឯកឧត្តម ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងចូលរួមរំលែកសេចក្ដីទុក្ខព្រួយដ៏ក្រៀមក្រំជាមួយលោកជំទាវ និងក្រុមគ្រួសារ។

សម្ដេចបានចាត់ទុកមរណភាព ឯកឧត្តម ស៊ឹម សុផល មិនត្រឹមតែជាការបាត់បង់ដោយសេចក្តី អាឡោះអាល័យបំផុតនូវស្វាមី និងឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ របស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បាន បំពេញភារកិច្ចយ៉ាងសកម្មបម្រើប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ក្នុងរយៈពេលកន្លងមក។

ស្ថិតក្នុងវេលាដ៏សង្វេគក្រៀមក្រំនេះ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចូលរួមរំលែកនូវមរណទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ឹម សុផល សូមបានទៅ កាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕



ដោយ-រ៉ាវុធ