អភិបាលខេត្ត ៖ ជំនួយដីធ្លីនិងផ្ទះសម្បែងជូនជនក្រីក្រនឹងជួយ លុបបំបាត់ បញ្ហាលំនៅឋានអានាធិបតេយ្យក្នុងក្រុងបាត់ដំបង

អត្ថបទដោយ៖
CPA

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង បានចាត់ទុកថា គម្រោងសុវត្ថិភាពដីធ្លី និងលំនៅឋាន ដែលបានដំណើរការកន្លងមកនេះ គឺជាគម្រោងដ៏មាន សារៈសំខាន់សម្រាប់ខេត្តបាត់ដំបង។តាមរយៈគម្រោងនេះ រដ្ឋបាលខេត្ត ក៏រំពឹងថា នឹងឈានទៅជួយលុបបំបាត់បញ្ហាសំណង់បណ្តោះអាសន្នក្នុង ក្រុងកាន់តែមានប្រសិទ្ធភាព។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងពិធីប្រគល់បង្កាន់ដៃ និង កិច្ចសន្យាទទួលដីលំនៅឋានជូនប្រជាពលរដ្ឋក្រីក្រចំនួន៦១គ្រួសារដែលធ្លាប់រស់នៅលើដីសាធារណៈក្នុងក្រុងបាត់ដំបង ជាអ្នកទទួលបានដីនិងផ្ទះ ជាកម្មសិទ្ធិផ្ទាល់ខ្លួន តាមរយៈគម្រោងសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅ ឋាន របស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា (គម្រោងដី៦១ឡូត៍) កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គម្រោងសុវត្ថិភាព ដីធ្លី និងសុវត្ថិភាពលំនៅឋាន គឺបានអនុវត្តន៍ នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះ ស្ដេច ក្រុងបាត់ដំបង ដែលមានរដ្ឋបាលខេត្តជាម្ចាស់គម្រោង និងអង្គកា រលំនៅ ឋានមនុស្សជាតិកម្ពុជា ជាដៃគូសហការគាំទ្រផ្នែកបច្ចេកទេស ព្រម ទាំងផ្នែកហិរញ្ញវត្ថុ សម្រាប់រយៈពេលពីរឆ្នាំ ដោយគិតពីខែមករា ឆ្នាំ២០២១ រហូតដល់ខែធ្នូ ២០២២ សម្រាប់ចូលរួមជួយសាងសង់លំនៅឋានជូន ក្រុម គ្រួសារគោលដៅ។

ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានបង្ហាញក្តីសាទរដល់ប្រជាពលរដ្ឋទាំង៦១ គ្រួសារ ដែលទទួលបាន ដីឡូត៍លំនៅឋាន និងដីឡូត៍មានសាងសង់ លំនៅ ឋាន នៃគម្រោង ដី៦១ឡូត៍នេះ ទៅតាំងទីលំនៅ នៅទីតាំងថ្មី បានរួច រាល់១០០ ភាគរយ ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះអង្គការ លំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសប្រជាពលរដ្ឋ ដែលបានសហការ និងចូលរួមក្នុងដំណើការ “គម្រោង សុវត្ថិភាពដីធ្លី និងលំនៅឋាន ដ៏មានសារៈសំខាន់នេះឡើង។

ឯកឧត្តមបន្តថា៖«តាមរយៈគម្រោងនេះ មានគ្រួសារដែលទទួលបានដី និងផ្ទះចំនួន៤២គ្រួសារ ចំណែកគ្រួសារទទួលបានដីមានចំនួន៥គ្រួសារ ក្នុងចំណោម ១៩គ្រួសារ បានសាងសង់លំនៅឋានរួចហើយ ហើយក៏បាន ទទួលនូវបង្កាន់ដៃ និងកិច្ចសន្យាទទួលដីលំនៅឋាន តាមការរៀបចំ របស់ រដ្ឋបាលខេត្ត រួចហើយនៅពេលនេះ ដើម្បីរក្សាទុកជាភស្តុតាង បញ្ជាក់អំពី សិទ្ធិស្របច្បាប់របស់បងប្អូន»។

ទន្ទឹមនេះឯកឧត្តមក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើការទប់ស្កាត់ ជាដាច់ខាត មិនឱ្យសំណង់អាណាធិបតេយ្យកើតឡើងថ្មី នៅតាមទីតាំង នានា ដែលជាដីកម្មសិទ្ធិរបស់រដ្ឋមានដូចជា ដីចំណី ស្ទឹង ប្រឡាយ វត្តអារាម ផ្លូវសាធារណៈជាដើម ដើម្បីលុបបំបាត់សំណង់អានាធិបតេយ្យនៅខេត្ត បាត់ដំបង ឱ្យបានទាំងស្រុង។

ជុំវិញគម្រោងនេះដែរ លោកស្រី ប៊ីណាដេត បូឡូ ឌូធី (Bernadette Bolo-Duthy) នាយិកាប្រចាំប្រទេស នៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ កម្ពុជា បានលើកឡើងថា គម្រោងសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅឋាន គឺបង្កើតឡើងដើម្បីរួមគ្នាដោះស្រាយសម្រាប់គ្រួសារដែលរស់នៅក្នុងសហគមន៍សំណង់បណ្តោះអាសន្ន ដើម្បីទទួលបាននូវលំនៅឋានសមរម្យ មានសុវត្ថិភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

តាមរយៈគម្រោងសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅឋានខាងលើនេះ អភិបាលរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ក៏បានបង្ហាញក្តី រំពឹងទុកថា ក្រោយពីបានរៀបចំដីលំនៅឋានជូនដល់អ្នកទទួលផល ទាំង៦១គ្រួសារខាងលើនេះរួចមក នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ កាត់បន្ថយការតាំងទីលំនៅមិនរៀបរយ ដើម្បីឈានដល់ការលុបបំបាត់ បញ្ហាសំណង់បណ្តោះអាសន្នក្នុងក្រុងបាត់ដំបងបន្តិចម្តងៗ ពិសេសរួម ចំណែកជំរុញក្រុងបាត់ដំបង ជាក្រុងឆ្លាតវៃរបស់អាស៊ាននាពេលខាង មុខថែមទៀត៕

ដោយ៖ សែម ពិសី

ads banner