ឯកឧត្តម អ៊ិត សំហេង៖ការអភិវឌ្ឍលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលត្រូវតែសហការរួមគ្នា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា៖ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបាន ។

គួរបញ្ជាក់ថាការថ្លែងពីសំណាក់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បែបនេះបានធ្វើឡើងក្នុងពិធី បើកសិក្ខាសាលា ស្តីពី “គោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួម” នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធ្វើឡើងនៅទីស្តីការក្រសួងការងារ។

ឯកឧត្តម អ៊ិត សំហេង បានឱ្យដឹងថា បេសកកម្មរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបាននូវអនុលោមភាពការងារ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាផ្តល់នូវបរិយាកាសការងារ និង វិនិយោគប្រកបដោយចីរភាព និង ភាពធន់ ដើម្បីបន្តទាក់ទាញបាននូវការវិនិយោគ និងការបញ្ជាទិញពីអន្តរជាតិ ព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសផលិត ផលិតផលស្អាតស្អំ ដែលមិនមានការរំលោភបំពានសិទ្ធិ និង លក្ខខណ្ឌការងារ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ បានគូសបញ្ជាក់ផងថា៖បើផ្អែកលើបទពិសោធន៍ការងារនាពេលកន្លងមក ស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាតែងតែត្រូវបានធ្វើឱ្យមានភាពចម្រូងចម្រាស ដែលមួយចំនួនអាចនាំទៅដល់សកម្មភាពដែលបម្រើឱ្យបដិវត្តន៍ពណ៌ ជាពិសេសនៅពេលការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តខិតជិតមកដល់។ ជាទូទៅ យើងតែងសង្កេតឃើញថា មានការកើនឡើងនូវវិវាទការងាររួម កូដកម្ម និងបាតុកម្ម ដែលមានភាពស្មុគស្មាញក្នុងការដោះស្រាយបញ្ចប់ដោយសន្តិវិធី បើទោះបីជា ក្រសួងបានប្រឹងប្រែងដោះស្រាយយ៉ាងណាក៏ដោយ។ជាក់ស្តែង កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលពី៧ នៃរដ្ឋសភា ក៏កាន់តែខិតជិតមកដល់ផងដែរ ដែលក្នុងនោះ ចលនាផ្សេងៗ ក្នុងចេតនាទុច្ចរិតបង្កអស្ថិរភាពក្នុងសង្គមកម្ពុជា។

ទាក់ទិនក្នុងរឿងនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ដោយបញ្ជាក់ថា៖ សម្រាប់ ការរៀបចំសិក្ខាសាលានាពេលនេះរំពឹងថានឹងផ្តល់ជាសារៈយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពដែលអាចនឹងកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថាននានា ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅធានាបាននូវអត្ថប្រយោជន៍របស់កម្មករនិយោជិត និងរក្សាបាននូវស្ថេរភាពអាជីវកម្ម៕ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner