លោកបណ្ឌិត គិន ភា៖ ចំណាត់ការរបស់ក្រសួងព័ត៌មានបិទវិទ្យុ វីអូឌី គឺជាការត្រឹមត្រូវ

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៥ ខែកុម្ភៈ នេះថា ចំណាត់ការរបស់ក្រសួងព័ត៌មានដែលបានធ្វើការបិទវិទ្យុ វីអូឌី នេះ គឺក្រសួងបានអនុវត្តទៅតាមគោលការណ៍ច្បាប់ ក៏ដូចជាទៅតាមបទបញ្ជា នៃប្រមុខរាជរាជរដ្ឋាភិបាល។ បើពិនិត្យទៅលើអង្គហេតុឃើញថា វិទ្យុ វីអូឌី ហាក់ដូចជាមិនមានចេតនាទទួលស្គាល់នៅចំណុចខុសឆ្គងរបស់ខ្លួន ក៏ដូចជាកំហុសខាងវិជ្ជាជីវៈរបស់ខ្លួន។ បើទោះបីជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់នៅពេលវេលាសមស្រប ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានផ្តល់ពេលវេលាសមស្រប ដើមម្បីឱ្យវិទ្យុនេះពិនិត្យ និងកែតម្រូវហើយធ្វើការសុំទោសជាសាធារណៈនូវអត្ថបទចេញផ្សាយរបស់ខ្លួនដែលពាក់ព័ន្ធជាមួយនឹងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ដូចជាការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក៏ប៉ុន្តែជាឥរិយាបថមើលទៅ គឺវិទ្យុ វីអូឌី មិនមានសុឆន្ទៈនៅក្នុងការកែតម្រូវ និងធ្វើការសុំទោសជាសាធារណៈចំពោះប្រមុខរាជរដ្ឋាភិបាល រាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ខាងវិទ្យុ វីអូឌី ព្យាយាមអូសបន្លាយពេលវេលារហូតដល់ក្រសួងព័ត៌មានបានកោះហៅអ្នកគ្រប់គ្រងវិទ្យុនេះទៅធ្វើការសួរនាំ ហើយឱ្យអនុវត្តនៅច្បាប់ស្តីពីរបបសារព័ត៌មាន។

លោកបណ្ឌិតបានបន្តថា សេចក្តីបំភ្លឺរបស់វិទ្យុ វីអូឌី ក្នុងលិខិតទី១ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ គឺពួកគេមិនបានធ្វើការសុំទោសទៅដល់សម្តេចតេជោ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលទេ គ្រាន់តែបង្ហាញជាលក្ខណៈសោកស្តាយ មិនត្រឹមតែប៉ុណ្ណោះយើងឃើញថា លិខិតទី១ របស់គាត់ (វីអូឌី) ហាក់ដូចជាព្យាយាមទម្លាក់កំហុសទៅលើអ្នកនាំពាក្យរាជរដ្ឋាភិបាល ពាក់ព័ន្ធជាមួយនឹងប្រភពដែលគាត់បានយកមកចុះផ្សាយដោយមិនមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ ដែលជាហេតុធ្វើឱ្យសម្តេចប្រមុខរាជរដ្ឋាភិបាលអត់អាចទទួលយកបាននៅរបៀបនៃការឆ្លើយតបរបស់វិទ្យុ វីអូឌី ដែលខ្វះសុឆន្ទៈ និងខ្វះនៅការទទួលខុសត្រូវ។ រហូតដល់យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដដែល វិទ្យុ វីអូឌី បានចេញលិខិតមួយទៀតដែលមានលក្ខណៈជាការសុំទោស។ ប៉ុន្តែគាត់តែមិនបានបង្ហាញការទទួលស្គាល់នូវអត្ថបទរបស់គាត់ទេ ដោយគាត់ចាប់ផ្តើមជាមួយនឹងការសោកស្តាយដដែល ដែលគាត់ផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល ជាដើម។ របៀបនៃការសុំទោស គឺគាត់អត់បានទទួលស្គាល់កំហុសថា គាត់បានចេញផ្សាយអត្ថបទដែលខ្វះការផ្ទៀងផ្ទាត់ពីប្រភពឱ្យច្បាស់លាស់ ហើយនិងមានកំហុសវិជ្ជាជីវៈទេ ដែលធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជាទៅកាន់ក្រសួងព័ត៌មានដើម្បីបិទអាជ្ញាប័ណ្ណវិទ្យុវីអូឌី។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា បានបញ្ជាក់ថា ចំណាត់ការរបស់ក្រសួងព័ត៌មានធ្វើនេះ គឺផ្អែកទៅតាមគោលការណ៍ច្បាប់ស្តីពីរបបសារព័ត៌មានផង ហើយក៏ផ្អែកតាមអំណាចឆន្ទានុសិទ្ធិដែលជាការបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផង ពីព្រោះនៅក្នុងការដឹកនាំដើម្បីធានានៅស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រមុខរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញនៅបទបញ្ជានានាដែលសំដៅធានាបាននៅសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ ក្នុងនាមសម្តេចជាប្រមុខរាជរដ្ឋាភិបាលដែលទទួលបានអាណត្តិពីប្រជាពលរដ្ឋ តាមរយៈការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា ដោយតំណាងរាស្ត្រ ដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋ។

លោកយល់ឃើញថា អ្វីដែលជាចំណាត់ការនេះ គឺផ្អែកទៅលើភាពចាំបាច់ ដែលធានានៅសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារនៅកិត្យានុភាព សេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាល ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយអនុវត្តស្របទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ រាជរដ្ឋាភិបាលគ្រាន់តែធ្វើ ដើម្បីការពារកិត្តិយសរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ រីឯឥរិយាបទរបស់វីអូឌី គឺមិនបានឆ្លើយតបអ្វីដែលជាការប្រព្រឹត្តខុសនៅកំហុសផ្នែកវិជ្ជាជីវៈរបស់ខ្លួនទេ៕
ដោយ៖ពលជ័យ

ads banner