កូរ៉េខាងត្បូង៖ កង្វះស្បៀងអាហារនៅកូរ៉េខាងជើងហាក់ដូច ជាកាន់តែ យ៉ាប់យ៉ឺនទៅៗ

សេអ៊ូល៖ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយកាល ពីថ្ងៃពុធ ថា វិបត្តិស្បៀងអាហារនៅកូរ៉េខាងជើងហាក់ដូចជាកាន់តែយ៉ាប់យ៉ឺនទៅៗ ខណៈមានសេចក្ដីរាយការណ៍ថា ប្រទេសនុយក្លេអ៊ែរមួយនេះបានកាត់ បន្ថយ របបអាហារទាហានរបស់ខ្លួនជាលើកដំបូងដែលមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌ មាន រ៉យទ័រ។

ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងលើកឡើងដោយសំដៅលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីដើមខែ អំពីផែនការ សម្រាប់ កិច្ចប្រជុំគណបក្សកាន់អំណាចជាបន្ទាន់ស្តីពីកសិកម្ម ថា កូរ៉េខាង ជើងបានទទួលស្គាល់នូវការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ ក្រសួង ដែលគ្រប់គ្រងលើកិច្ចការទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាងមួយនេះនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា «ស្ថានភាពស្បៀងនៅកូរ៉េខាងជើងហាក់ដូចជា កាន់ តែយ៉ាប់យ៉ឺនទៅៗ»។

គួរបញ្ជាក់ថា កូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ បានទទួល រងនូវកង្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ រួមទាំងគ្រោះទុរ្ភិក្សក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដែលជារឿយៗ បញ្ហានេះបង្កពីគ្រោះមហន្តរាយធម្មជាតិដូចជា ទឹកជំនន់ ដែលបំផ្លាញការប្រមូលផលជាដើម។ មិនត្រឹមតែប៉ុណ្ណេះ ប្រទេស នេះក៏ស្ថិតនៅឯកោ ក្រោយទណ្ឌកម្មយ៉ាងតឹងរ៉ឹងរបស់អន្តរជាតិដោយសារតែ កម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ខណៈក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មតាមព្រំដែនស្ទើរតែបិទទ្វារ ដោយសារតែ គោលនយោបាយការពារកូវីដ-១៩។

នៅពុធដដែល កាសែតកូរ៉េខាងត្បូង DongA Ilbo បានរាយការណ៍ ដោយស្រង់សម្ដីមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងមិនបញ្ចេញឈ្មោះម្នាក់ថា ប្រទេសកូរ៉េខាងជើងបានកាត់បន្ថយអាហារប្រចាំថ្ងៃដល់ទាហានរបស់ខ្លួនជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០០០ ។ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនអាចបញ្ជាក់ ព័ត៌មានលម្អិតនៃការរាយការណ៍នេះទេ ប៉ុន្តែថា ខ្លួន និងភ្នាក់ងារផ្សេងទៀត កំពុងតាមដានស្ថានភាព។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា គណបក្សពលករកូរ៉េ បានកោះប្រជុំគណៈកម្មាធិការ មជ្ឈិមបក្សនៅចុងខែកុម្ភៈ សម្រាប់ «កិច្ចការសំខាន់ និងបន្ទាន់បំផុត ដើម្បីបង្កើតយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម»។
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងថា វាកម្រណាស់ដែលកូរ៉េខាងជើងកោះ ហៅកិច្ចប្រជុំពិសេសបែបនេះ។ កាលពីខែមុន ក្រុមអ្នកឃ្លាំមើលកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឈ្មោះ 38 North បានឱ្យដឹងថា ស្បៀងអាហាររបស់កូរ៉េខាងជើង ទំនងជាបានធ្លាក់ចុះក្រោមដល់កម្រិត ទាប បំផុត បើគិតពីតម្រូវការរបស់មនុស្សដោយអសន្តិសុខស្បៀងមានលក្ខណៈ អាក្រក់បំផុតចាប់តាំងពីគ្រោះទុរ្ភិក្សនៅទសវត្សរ៍ឆ្នាំ ១៩៩០។ 38 North បានអះអាងថា «របបលោក[ប្រធានាធិបតី] គីម [ជុងអ៊ុន] បានទទូចឱ្យរក្សា គំរូសេដ្ឋកិច្ចដែលបរាជ័យ ហើយនៅតែប្តេជ្ញាចិត្តចំពោះកម្មវិធីនុយក្លេអ៊ែរ របស់ ខ្លួន ហើយគ្មាន «ឆន្ទៈក្នុងការប្រឈមមុខនឹងការកែទម្រង់ចាំបាច់ នោះទេ ដោយសារតែការភ័យខ្លាចនៃការប្រកួតប្រជែងផ្ទៃក្នុង និងការដួល រលំរបស់របបនេះ»៕
ដោយ៖ហួន ឌីណា

ads banner