ក្រសួងសុខាភិបាល ប្រកាសប្រឡងជ្រើសរើសបុគ្គលិក ២០០នាក់ ឱ្យចូលបម្រើការងារនៅ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” សម្រាប់ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សូមជម្រាបជូនដំណឹងជាសាធារណៈដល់បេក្ខជន បេក្ខនារី ជាសិស្ស និស្សិត និងមន្ត្រីរាជការ ទូទៅឱ្យបានជ្រាបថា ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្ត្រីរាជការ ចំនួន ២០០នាក់ តាមរយៈការប្រឡងប្រជែង ឱ្យចូលបម្រើការងារនៅ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” សម្រាប់ឆ្នាំ២០២៣នេះ តាមលក្ខខណ្ឌដូចខាងក្រោម៖
ក / លក្ខខណ្ឌនៃការជ្រើសរើស ៖
១- បេក្ខជនត្រូវមានសញ្ញាតិខ្មែរ មានអាយុយ៉ាងតិច ១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញ ដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។
២- បេក្ខជនជាមន្ត្រីរាជការ ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ និងមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័ន/ អង្គភាពសាមី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងប្រជែងនេះ។ ក្នុងករណីរកឃើញថា បេក្ខជនជាមន្ត្រីរាជការដែល គ្មានការអនុញ្ញាតពីប្រធាន ក្រសួង-ស្ថាប័ន/អង្គភាពសាមី បានមកដាក់ពាក្យសុំប្រឡង នឹងមិនត្រូវបានអនុញ្ញាតឱ្យ ចូលរួមប្រឡងប្រជែង ឬឱ្យចូលបម្រើការងារក្នុងក្របខណ្ឌថ្មីនេះទេ។
៣- ចំពោះបេក្ខជនដែលបានប្រឡងជាប់ក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ ពុំមានសិទ្ធិដាក់ពាក្យសុំប្រឡងប្រជែងចូល ក្របខណ្ឌសុខាភិបាលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ឡើយ។
៤- បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថាគ្មានទោស (យកក្រោយពេលប្រឡងជាប់)។
ខ / មុខជំនាញ និងចំនួនជ្រើសរើស៖
១. វេជ្ជបណ្ឌិតឯកទេស និងវេជ្ជបណ្ឌិត ចំនួន ១០០នាក់។ វេជ្ជបណ្ឌិតឯកទេសដែលត្រូវការ៖ ១)ឯកទេសប្រពោធនកម្ម ដាក់ថ្នាំសណ្តំ និងសង្គ្រោះបន្ទាន់ ២).ឯកទេសសល្យសាស្ត្រទូទៅ ៣).ឯកទេសសល្យសាស្រ្តជំងឺឆ្អឹង និងបាក់បែក ៤).ឯកទេសសម្ភព និងរោគស្ត្រី ៥).ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺក្រពេញ ៦).ឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន ៧).ឯកទេសវិជ្ជារោគកុមា ៨).ឯកទេសជំងឺសួត ៩).ឯកទេសបេះដូងវិទ្យា ១០).ឯកទេសជំងឺប្រព័ន្ធប្រសាទ និង ១១).ឯកទេសវិទ្យុសាស្ត្រ និងរូបភាពវេជ្ជសាស្ត្រ។
២. បរិញ្ញាបត្រឱសថការី, ៣.បរិញ្ញាបត្រគិលានុបដ្ឋាក, ៤. បរិញ្ញាបត្រឆ្មប, ៥បរិញ្ញាបត្ររងគិលានុបដ្ឋាក (គិលានុបដ្ឋាកមធ្យម) ចំនួន ៣០នាក់, ៦. បរិញ្ញាបត្ររងឆ្មប (ឆ្មបមធ្យម), ៧. បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ ។
គ / វិញ្ញាសាប្រឡង៖ វិញ្ញាសាប្រឡងជាប្រភេទសំណួរមានចម្លើយជ្រើសរើសច្រើន (MCQ) លើមុខវិជ្ជាជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដែលមានរយៈពេល ៦០នាទី។
ឃ / ការដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែង៖ ចំពោះពាក្យស្នើសុំប្រឡងប្រជែង បេក្ខជនអាចទាញយកពីតំណភ្ជាប់វេបសាយ(Website www.moh.gov.kh ឬ Google Drive មានតំណភ្ជាប់ QR Code ខាងក្រោម ឬFacebook ផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក ឬមកទទួលពាក្យនៅ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក(ជាន់ផ្ទាល់ដី) នាទីស្តីការក្រសួងសុខាភិបាល ដែលមានអាសយដ្ឋាន ដីឡូត៍លេខ៨០ វិថីសម្ដេច ប៉ែន នុត(២៨៩) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ។
បេក្ខជនដែលមានបំណងចង់ប្រឡងប្រជែងចូលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព សូមមកដាក់ពាក្យសុំចុះ ឈ្មោះប្រឡងរៀងរាល់ម៉ោងធ្វើការ នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នាទីស្ដីការក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៧ ។
ង / មណ្ឌលប្រឡង និងកាលបរិច្ឆេទនៃការប្រឡងប្រជែង៖ ចំពោះមណ្ឌលប្រឡង និងកាលបរិច្ឆេទនៃការប្រឡងប្រជែង ក្រសួងសុខាភិបាលនឹងជូនដំណឹងនៅពេលក្រោយ ៕ ដោយ វណ្ណលុក