ខេត្តកំពតកំពុងសាងសង់កំពង់ផែខ្នាតអន្តរជាតិ (Video Inside)
ខេត្តកំពតកំពុងដំណើរការសាងសង់កំពង់ផែខ្នាតអន្តរជាតិមួយដែលនឹងមានសមត្ថភាពផ្ទុកទំនិញរហូតដល់១៥ម៉ឺនតោន។ អភិបាលខេត្តលោក ម៉ៅ ធនិន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦កុម្ភៈ នាទីស្តីការគណរដ្ឋមន្ត្រី បានថ្លែងថាកំពុងផែដែលបានសាងសង់តាំងពីខែឧសភា ឆ្នាំ២០២២មកនោះ នឹងក្លាយជាកំពង់ផែដ៏ធំមួយទៀតរបស់កម្ពុជាបន្ទាប់កំពង់ផែក្រុងព្រះសីហនុ។
កំពង់ទឹកជ្រៅកម្រិតអន្តរជាតិនៅក្នុងខេត្តកំពតនេះ ត្រូវបានសាងសង់ក្នុងទុនវិនិយោគ ១ពាន់ ៥០០លានដុល្លារអាមេរិក។ កំពង់ផែដែលសាងសង់លើទំហំផ្ទៃដីប្រមាណ៦០០ហិកតានោះ ត្រូវបានគេដាក់ឈ្មោះថា «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» ដែលវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។
មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែ ពហុបំណងកំពត មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត នៃក្រុងបូកគោ។ ការសាងសង់នឹងត្រូវធ្វើជាដំណាក់កាល ដោយក្នុងដំណាក់កាលដំបូងនឹងត្រូវចំណាយ២០០លាន ដុល្លារដែលធ្វើកន្លែងផ្ទុកកុងតេណ័រ, តំបន់សេដ្ឋកិច្ចពិសេស, តំបន់ពាណិជ្ជកម្មសេរី, មជ្ឈមណ្ឌលភស្ថុភារ, ឃ្លាំង, គយ និងរោងចក្រផលិត។
ដំណាក់កាលដំបូងកំពង់ផែនេះ ត្រូវគេរាយការណ៍ថានឹងអាចទទួលកប៉ាល់ផ្ទុកទំនិញបាន១០ម៉ឺនតោន, និងនៅពេលដំណើរការពេញលេញក្នុងឆ្នាំ២០២៥ និងក្រោយមកក្នុងឆ្នាំ២០៣០ នឹងអាចទទួលបានការផ្ទុកទំនិញកាន់តែច្រើនម៉ឺនតោនថែមទៀត។