អ្នកវិភាគចៅចាក់ស្មុក៖ ប្រតិកម្មរបស់បរទេសដែលតាំងខ្លួនជាតួឯកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មានលែងមានប្រសិទ្ធភាព នៅពេលប្រទេសខ្លួនឯងរួតរឹតដោយការរំលោភបំពាន
ភ្នំពេញ៖ «តើសហរដ្ឋអាម៉េរិកមានភាពក្លាហានក្នុងការផ្សព្វផ្សាយសេរីភាពសារព័ត៌មានដែរ ពេលកំពុងធ្វើទុក្ខបុកម្នេញ ធ្វើទារុណកម្ម និងដាក់គុក #JulianAssange និង Edward Joseph Snowden! នៅពេលអ្នកធ្វើទារុណកម្ម #JulianAssange អ្នកគ្មានឋានៈសូម្បីតែនិយាយលើសេរីភាពសារព័ត៌មាន។ សូមឈប់ទៅ!»។ នេះគ្រាន់តែជាសារមួយចំនួនដែលអ្នកប្រើប្រាស់ហ្វេសប៊ុកនិងធ្វីតទ័រជនជាតិអាម៉េរិកលើធ្វីតធ័ររបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ខណៈ ប្រតិកម្មតបស្រដៀងគ្នានេះក៏មាននៅលើការផ្សាយរបស់ តំណាងស្ថានទូតអង់គ្លេស ប្រទេសអូស្ត្រាលី អឺរ៉ុបដោយពួកគេបានលើកឡើងថា «ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងនេះក៏មិនល្អទេ ហើយលទ្ធិប្រជាធិបតេយ្យកំពុងមានបញ្ហា។ សូមគិតពីលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌ មានក្នុងប្រទេសខ្លួនឯងជាមុនសិន!»។
ការអត្ថាធិប្បាយលើការផ្សាយរបស់ក្រសួងការបរ ទេសរបស់សហរដ្ឋអាម៉េរិក និងបណ្តាស្ថានទូតនានាដែល បញ្ចេញប្រតិកម្មហួសហេតុនិងបង្កបដោយរបៀបវារៈនយោ បាយ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាលើចំណាត់ការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចដកអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) ពីមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឯករាជ្យ (CCIM) ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសបុគ្គលនិង ស្ថាប័នរាជរដ្ឋាភិបាលហើយមិនព្រមធ្វើការកែតម្រូវ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
នេះមិនមែនជាលើកទី១ ទេ ដែលពលរដ្ឋអាម៉េរិក អង់គ្លេស រួមនឹងពលរដ្ឋអឺរ៉ុបផ្សេងទៀតបានចូលអត្ថាធិប្បាយប្រឆាំងនឹងរដ្ឋការរបស់ខ្លួននៅពេលដែលចេញមកធ្វើតួឯកបង្រៀនមេរៀន ប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងសេរីភាពសារព័ត៌មានដល់ ប្រទេសដទៃ ដោយពួកគេបានទាញអារម្មណ៍ឱ្យរដ្ឋបាលនៃបណ្តាប្រទេសខ្លួនគិតគូរពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មានក្នុងប្រទេសរបស់ខ្លួនជាជាងដើរចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភ និងជំរុញប្រទេសផ្សេងទៀតឱ្យអនុវត្តលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សល្អឥតខ្ចោះតាមទ្រឹស្តី ខណៈបញ្ហាក្នុងប្រទេសខ្លួនឯងដោះស្រាយមិនទាន់បានរួចផងនោះ។ អ្វីដែលលើកឡើងដោយពលរដ្ឋអាម៉េរិក អឺរ៉ុប គឺជាការត្រឹមត្រូវ ព្រោះស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៃបណ្តាប្រទេសដែលដើរតួជាបិតាធិបតេយ្យក៏មិនមានលទ្ធិប្រជាធិបតេយ្យរឹងមាំដែរ។ មិនតែប៉ុណ្ណោះ ត្រង់ថាប្រទេសនៃបណ្តាស្ថានទូតទាំងនោះអនុវត្តវិធានការដូចគ្នាដកអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សីដូចជា RT, Sputnik និងហាមឃាត់បណ្តាញទំនាក់ទំនងសង្គមប្រទេសចិនមិនឱ្យមានការផ្សព្វផ្សាយនៅលើទឹកដីខ្លួន ពួកគេលើកហេតុផលថាដើម្បី«ការពារសេរីភាពសារព័ត៌មាន គឺមិនមែនវាយប្រហារលើសេរីភាពសារព័ត៌មានទេ» ខណៈប្រព័ន្ធផ្សព្វផ្សាយទាំងនេះមិនបានប្រព្រឹត្តអ្វីខុសឡើយ តែជាប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសដៃគូប្រកួតប្រជែងរបស់ខ្លួន។
ដោយមិនទទួលស្គាល់ការពិតថាប្រទេសខ្លួនក៏មានបញ្ហាដែរបណ្តាប្រទេសមហាអំណាចខ្លះបានតាំងខ្លួនជាបងធំពិភពលោកដើរប្រដៅគេប្រដៅឯង រួមនឹងដើរដាក់ចំណាត់ថ្នាក់ប្រទេសផ្សេងៗលើផ្នែកសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យ ដូចគីង្គក់ លក់ថ្នាំស្រែងអីចឹង។ ពេលនេះសាធារណជនមិនចេះតែជឿលើការឃោសនារបស់បណ្តាស្ថានទូតនៃប្រទេសទាំង នោះទៀតឡើយ។ ពលរដ្ឋបានដឹងយ៉ាងច្បាស់ថា ការវាយតម្លៃ ការរៀបចំរបាយការណ៍ផ្សេងៗ និងការចេញមកប្រតិកម្មដាក់សម្ពាធលើប្រទេសមួយចំនួនដែលខ្លួនយល់ថាមិនដើរតាមបន្ទាត់នយោបាយរបស់ខ្លួន វាគ្រាន់តែជាឧបករណ៍នយោបាយដើម្បី ធ្វើបាបប្រទេសតូចតាច និងខិតខំទាញឱ្យប្រទេសទាំងនោះ ស្ថិតក្រោមឥទ្ធិពល និងស្តាប់បង្គាប់ខ្លួនប៉ុណ្ណោះ។ លើសពីនេះ ទៅទៀត ប្រសិមបើមិនអាចធ្វើអ្វីបានទេ ពួកគេនឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បូបង្កើតជាបញ្ហាផ្សេងៗមិនចេះចប់មិនចេះហើយតាមរយៈការគាំទ្រលើកម្លាំងនយោបាយប្រឆាំងផ្សេងទៀតដើម្បីអុកឡុក បង្កចលាចលក្នុងសង្គមនោះ។
ប្រតិកម្មនឹងបណ្តាស្ថានទូតនានាដែលបានប្រើប្រាស់វេទិកា ប្រព័ន្ធផ្សព្វផ្សាយទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន ត្រូវបានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដោយបញ្ជាក់ថា «គឺស្មើនឹងការរំលោភលើអនុសញ្ញាទីក្រុងវីយែនស្តីពី ទំនាក់ទំនងការទូត (អនុសញ្ញាទីក្រុងវីយែន)»។ ជាតំណាងឱ្យប្រទេសមានអរិយធម៌និងគោរពច្បាប់ ស្ថានទូតបរទេសទាំងនោះគួរអនុវត្តតួនាទីរបស់ខ្លួន ដោយគោរពឱ្យបានម៉ឺងម៉ាត់ស្របតាមមាត្រា ៤១ (១) និង ៤២ (២) នៃអនុសញ្ញាទីក្រុងវីយែន ដែលគូសបញ្ជាក់ថា អ្នកការទូត «មានភារកិច្ច មិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស ម្ចាស់ផ្ទះ» និងបានតម្រូវថា «រាល់ការងារផ្លូវការទាំងអស់ជាមួយប្រទេសម្ចាស់ផ្ទះ គឺត្រូវធ្វើឡើងជាមួយ ឬតាមរយៈក្រសួងការបរទេសនៃប្រទេសម្ចាស់ផ្ទះ»។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់បន្ថែមថា ចំណាត់ការរដ្ឋបាលចំពោះអង្គភាពព័ត៌មានដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូច ដោយចេតនាដែលធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍នៃសិទ្ធិមនុស្ស និងសេរីភាព។ គួរឱ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបានគឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។ មាត្រា ១០ (ខ) នៃច្បាប់នេះ ចែងថា «ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណងបំផ្លាញបុគ្គលសាធារណៈនោះ គឺជាការមួលបង្កាច់ ដែលច្បាប់ហាមឃាត់»។ ការអះអាងថាជា «សារព័ត៌មានសេរី និងឯករាជ្យ» មិនមែនជា អាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិរទណ្ឌភាពឡើយ។ ឯករាជ្យភាពមិនអាចកាត់ផ្តាច់ចេញពីភារៈកិច្ចទទួលខុសត្រូវ លើការងារ និងការទទួលស្គាល់កំហុស។
ដោយឈរលើមូលដ្ឋាននៃការអនុវត្តអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអ្នកការទូតជើងចាស់បានព្រមានជាមុនថា៖ «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះ ឡើយ។ ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការ ផ្ទៃក្នុងរបស់យើង។ ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាន នៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»។
ដូច្នេះ បណ្តាស្ថានទូតបរទេសនៅកម្ពុជានិងស្ថាប័នរដ្ឋបាលខ្លួន គួរអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត និងពិនិត្យមើលបញ្ហាព្រមទាំងដោះស្រាយបញ្ហារំលោភសិទ្ធិសេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសខ្លួនឱ្យបានល្អជាមុនសិន ចាំមកប្រដៅគេផ្សេង។ ចំពោះការបិទវិទ្យុ VOD គឺជាការបំបាត់វិទ្យុដែលប្រព្រឹត្តិខុសសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ហើយវិទ្យុនេះបានស្លាប់បាត់ទៅហើយ។ ប៉ុន្តែសេរីភាពសារព័ត៌មាននៅកម្ពុជាមិនស្លាប់ទៅតាមវិទ្យុដែលទទួលជំនួយបរទេសនិងបម្រើគោលនយោបាយនិងរបៀបវារៈរបស់បរទេសនោះទេ ពោលគឺសេរីភាពសារព័ត៌មានកម្ពុជានៅតែរស់រវើក សកម្ម និងរីកចម្រើនព្រោះគ្មានវត្តមាននៃវិទ្យុដែលផ្សាយព័ត៌មានមិនពិត មួលបង្កាច់ និងញុះញង់៕
ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣

