សមត្ថកិច្ចជំនាញ ឃាត់ខ្លួន ជនជាតិ អង់គ្លេសម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់មនុស្ស)
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវឃាត់ខ្លួន ។ នេះបេីយោងតាម របាយការណ៍ របស់ ស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានឱ្យដឹងនៅព្រលប់ ថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
ក្នុងរបាយការណ៍ ដដែល បន្តថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៣០នាទី យប់ បានធ្វេីការស្រាវជ្រាវឃាត់ខ្លូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) នៅចំណុចមុខអគារ The Peak ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២៣:៤០នាទីយប់ ។
ជនសង្ស័យ ឈ្មោះ SWARTZ JOSEPH ហៅ VERNAZZA JASON ហៅ WILSON ALAN BRADLY ហៅ SPADER JAMES ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ អង់គ្លេស ទីលំនៅ និងមុខរបរមិនទាន់ដឹង ។ វត្ថុតាងដកហូត៖ អាវុធខ្លី០១ដេីម ម៉ាក ruger ពណ៌ខ្មៅ , កាំបិតបត់ ០១ដេីម។
បច្ចុប្បន្ននេះ ជនសង្ស័យ និងភស្តុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ ៖ ជីម ភារ៉ា
