ប្រមុខ អ.ស.ប អំពាវនាវសុំជំនួយបន្ថែម ខណៈចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីកើនឡើងលើស ៤១,០០០នាក់

អ៊ីស្តង់ប៊ុល៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏ធំសម្បើម ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសតួកគី និងស៊ីរីបានកើនឡើងលើសពី៤១,០០០នាក់នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលអង្គការសហប្រជាជាតិបានអំពាវនាវសុំថវិកាជំនួយ១ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលអំពាវនាវសុំថវិកាបន្ថែមជួយដល់ជនរងគ្រោះ ដោយបាននិយាយថា តម្រូវការគឺធំធេងណាស់… មនុស្សកំពុងរងទុក្ខវេទនា។

លោកថា ការបរិច្ចាគនេះ នឹងផ្តល់ជំនួយមនុស្សធម៌រយៈពេលបីខែដល់ប្រជាជនចំនួន៥.២លាននាក់ ហើយថា ថវិកាទាំងនេះនឹង អនុញ្ញាតឱ្យអង្គការបង្កើនការគាំទ្រចាំបាច់យ៉ាងឆាប់រហ័ស រួមទាំងនៅក្នុងផ្នែកសន្តិសុខស្បៀង ការការពារ ការអប់រំ ទឹកស្អាត និងទីជម្រកជាដើម។

ប្រមុខអង្គការសហប្រជាជាតិរូបនេះបាននិយាយយ៉ាងដូច្នេះថា ខ្ញុំសូមជំរុញសហគមន៍អន្តរជាតិឱ្យបង្កើន និងផ្តល់មូលនិធិយ៉ាងពេញលេញដល់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះ ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតមួយនៅក្នុងជំនាន់របស់ពួកយើង។

បើតាមការអះអាងពីមន្រ្តី និងគ្រូពេទ្យ មនុស្ស៣៨,០៤៤នាក់បានស្លាប់នៅតួកគី និង៣,៦៨៨នាក់ផ្សេងទៀតបាត់បង់ជីវិតនៅស៊ីរី ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកកាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងមកនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤១,៧៣២នាក់ហើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner