ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាថ្លែងបង្ហាញបំណងចង់បញ្ជូនបុគ្គលិកយោធារបស់ខ្លួន មកទទួលការបណ្តុះបណ្តាលជំនាញមីននៅកម្ពុជា (Video Inside)

ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបានថ្លែងនៅថ្ងៃនេះថា រុស្ស៊ីនឹងបញ្ជូនយោធារបស់ខ្លួន មកទទួលការបណ្តុះបណ្តាលលើការងារបោសសម្អាតមីន បើមានការអញ្ជើញជាផ្លូវការពីកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានប្រកាសស្វាគមន៍គ្រប់ប្រទេសទាំងអស់ ដែលចង់រៀនពីជំនាញដោះគ្រាន់មីននៅកម្ពុជា។ សម្តេចបានថ្លែងថាការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការដែលប្រទេស នៅលើពិភពលោកទាំងអស់ត្រូវតែចូលរួម។

ក្នុងសន្និសីទសារព័ត៌មានមួយក្នុងស្ថានទូតរុស្ស៊ី
ជំនួយការអនុព័ន្ធផ្នែកយោធា លោកវរសេនីយ៍ឯក សៀរហ្គេ ស៊្ហូមីលីន បានថ្លែងថា ប្រទេសរុស្ស៊ីគ្រោងបញ្ជូនយោធារបស់ខ្លួន មកទទួលការបណ្តុះបណ្តាលលើការងារបោសសម្អាតមីន នៅប្រទេសកម្ពុជា តាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន បើមានការអញ្ជើញជាផ្លូវការពីកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានដដែលនោះផងដែរ, មន្ត្រីស្ថានទូត បានលើកឡើងជុំវិញគោលនយោបាយការបរទេសរបស់រុស្ស៉ី និងស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធនឹងអ៊ុយក្រែន ខណៈសង្គ្រាមនាភាគខាងកើតប្រទេសបានឈានចូលជិតគម្រប់ខួបមួយឆ្នាំមកហើយនេះ។

ការបង្ហាញបំណងចង់បញ្ជូនបុគ្គលិករុស្ស៊ីមកទទួលការបណ្តុះបណ្តាលនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជា កាលពីខែមករាដើមឆ្នាំនេះ ទើបបានបណ្តុះបណ្តាលបុគ្គលិកអ៊ុយក្រែន១៥នាក់នូវជំនាញ ដោះមីន ដើម្បីសម្រាប់ការប្រើប្រាស់ដោះមីននៅអ៊ុយក្រែន។

កម្ពុជាជាប្រទេសមួយដែល មានការទទួលស្គាល់ជាអន្តរជាតិនូវជំនាញដោះមីន។ កន្លងមកដោយ មានការគាំទ្រដោយ រដ្ឋាភិបាលនិងប្រជាជនជប៉ុន, អង្គភាព CMAC របស់កម្ពុជា ធ្លាប់បានផ្តល់ ការជួយហ្វឹកហ្វឺន ដោះមីននេះ ដល់ប្រទេសជាច្រើនដូចជា កូឡុំប៊ី, អ៊ីរ៉ាក់, អង់ហ្គោឡា និងប្រទេសឡាវជាដើម ៕

ads banner