កម្ពុជាមានអគ្គិសនីប្រើប្រាស់តាមភូមិជិត១០០ភាគរយ (Video Inside)

ពលរដ្ឋកម្ពុជាមានអគ្គិសនីប្រើប្រាស់ស្ទើរតែ១០០ភាគរយហើយនៅទូទាំងប្រទេស។ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ បានថ្លែងនៅថ្ងៃនេះថាគិតត្រឹមចុងឆ្នាំ២០២២ ភូមិចំនួន១ម៉ឺន៣ពាន់៩២៣ ដែលស្មើនឹង៩៨.២៧ភាគរយ នៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ហើយ។

លោកបានបន្តថា គិតត្រឹមចុងឆ្នាំ២០២២ ភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់នៅសល់ចំនួន២៤៥ភូមិ ទៀតដែលស្មើនឹង ១.៧៣ភាគ មិនទាន់តខ្សែបណ្តាញអគ្គិសនី។ លោកបានរៀបរាប់បន្តទៀតថា មានភូមិប្រមាណជាង៨០ភូមិ ដែលមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថានឹងតខ្សែបណ្តាញអគ្គិសនីទៅដល់នៅនៅឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ឡើយ ដោយសារតែភូមិទាំងនោះស្ថិតនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ…ចំណែកភូមិខ្លះគឺជាភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។

ប្រធានអាជ្ញាធរអគ្គិសនីរូបនេះ បានឱ្យដឹងថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល, ភូមិដែលនៅសេសល់ជាង៨០ភូមិនេះ នឹងបង្កើតឱ្យមានការផ្គត់ផ្គង់ជាប្រព័ន្ធទោល ដោយប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ ខណៈក្រសួងរ៉ែ និងថាមពល បានកំពុងស្វះស្វែងរកប្រភពជំនួយនានា ដើម្បីយកមកផ្គត់ផ្គង់អគ្គិសនីនៅតាមភូមិទាំងនេះ។

ads banner