តុលាការកំពូលប្រកាសសាលដីកាលោក សុន ឆ័យ ថ្ងៃទី២៣កុម្ភៈ (Video Inside)

តុលាការកំពូលបានបើកសវនាការជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ នៅថ្ងៃសុក្រទី១៧កុម្ភៈនេះ និងត្រៀមប្រកាសសាលដីកាសំណុំរឿងបរិហារកេរ្តិ៍ នៅសប្តាហ៍ក្រោយ។

គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានចោទធ្ងន់ៗថាមានការទិញ និងលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតខែមិថុនាឆ្នាំ២០២២ ដែលជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា បានប្រកាសសាលក្រមថាលោក សុន ឆ័យ មានកំហុសក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង ២សំណុំរឿង។ តុលាការសាលាដំបូងបានផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យបង់ថវិកាចូលរដ្ឋចំនួន៩លានរៀល ចំពោះការចាញ់បណ្តឹងរបស់គជប។ តុលាការបានបង្គាប់ឱ្យលោក សុន ឆ័យ ដែលចាញ់ក្តីគណបក្សប្រជាជនកម្ពុជា ត្រូវបង់សងជម្ងឺចិត្តគណបក្សប្រជាជនចំនួន ៣ពាន់លានរៀល និងបង់ចូលថវិការដ្ឋចំនួន៨លានរៀល។ លោក សុន ឆ័យ បានប្តឹងបន្តទៅសាលាឧទ្ធរណ៍។

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ បានសម្រេចរក្សាតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈជាដដែល
ប៉ុន្តែបានសម្រេចកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណងជំងឺចិត្តកាន់តែច្រើនជាងមុន។

លោក សុន ឆ័យ បានបន្តប្តឹងទៅតុលាការកំពូល។ ក្រោយសវនាការថ្ងៃសុក្រនេះរួច,តុលាការកំពូលបានប្រកាសថា សាលដីកាសំណុំរឿងនេះ នឹងត្រូវប្រកាសនៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៣។

ads banner