របរការ៉េមឆា ក្លាយជាប្រភពចំណូលដែលអាចចិញ្ចឹមស្ត្រីម្នាក់ ព្រមទាំងកូនៗពីរនាក់ទៀតឱ្យទទួល បានការអប់រំ

អត្ថបទដោយ៖
CPA

សៀមរាប៖ មានប្រភពចេញពីប្រទេសថៃ ការ៉េមឆាជាបង្អែមលាងមាត់ដែលប្លែក មានសោភណ្ឌ ភាពទាក់ទាញ និងមានការគាំទ្រច្រើន។ នៅក្នុងប្រទេសថៃ ការ៉េមឆា ជាបង្អែមដ៏ពេញនិយមមួយ ដែលគេស្គាល់ថាជាប្រភេទ Street Food ហើយវាមានភាពល្បីល្បាញខ្លាំងក្នុងឆ្នាំ ២០១២។

ដោយមើលឃើញពីឱកាសនេះ ស្ត្រីខ្មែរមួយរូប គឺអ្នកស្រី អ៊ុក ចាន់វល័ក្ខណ៍ បានទៅរៀនធ្វើការ៉េមឆាពីប្រទេសថៃផ្ទាល់ និងបានមកចាប់ ផ្ដើមបើកអាជីវកម្មនេះ នៅខេត្តសៀមរាបក្នុងឆ្នាំ ២០១៤ នាផាប់ស្ត្រីត (Pub Street) ដែលជាតំប ន់ មានចរន្ដ ទេសចរណ៍បរ ទេ សខ្លាំង ដែលជាទីតាំង ស្ត្រីរូបនេះចាប់ផ្ដើមនូវមុខ របររបស់ខ្លួន។

ក្នុងការចាប់ផ្ដើមនេះ អ្នកស្រីត្រូវចំណាយដើមទុនអស់ច្រើន ដោយសារតែម៉ាស៊ីនសម្រាប់ធ្វើការ៉េមឆា មានតម្លៃថ្លៃ ដូ ច្នេះ អ្នកស្រីត្រូវសន្សំប្រាក់សម្រាប់ធ្វើដើមទុននេះប្រមាណជាបួនពាន់ដុល្លារ។

បើតាមអ្នកស្រី អ៊ុក ចាន់វល័ក្ខណ៍ កាលពីពេលចាប់ផ្ដើមដំបូងៗ អ្នកស្រីមិនមានជាទីតាំងណាមួយ ច្បាស់លាស់នៅឡើ យទេ ដោយ គ្រាន់តែមានរទេះផ្សារភ្ជាប់នឹងម៉ូតូ ដែលអ្នកស្រី និងស្វាមី ជិះលក់ចល័ត។ ម្យ៉ាងក៏ដោយសារពេលនោះ មិនទាន់មានការរៀបចំដងផ្លូវ Pub Street ដូចបច្ចុប្បន្នផង និយាយ រួមគឺម៉ូតូរ៉ឺម៉ក កង់បីអាចជិះចូលទៅក្នុងទីធ្លានោះបាន។
ប៉ុន្តែក្រោយពីមានការរៀបចំ និងមានការហាមប្រាម ឱ្យធ្វើចរាចរណ៍លើដងផ្លូវតំបន់ Pub Street ទើបអ្នកស្រី និងស្វាមីរៀបចំជាតូបតូចមួយ នៅជាប់នឹងដងផ្លូវដែលមានភ្ញៀវទេសចរដើរឆ្លងកាត់ខ្វែងខ្វាត់។
យូរៗម្ដង ភ្ញៀវដែលដើរឆ្លងកាត់តែងឈប់មើលការធ្វើការ៉េមរបស់អ្នកស្រី អ៊ុក ចាន់វល័ក្ខណ៍ និងសាកភ្លក់បង្អែម មួយនេះ។ ភាពរហ័សរហួនរបស់អ្នកស្រីក្នុងការឆាការ៉េមនៅលើបន្ទះដែក ព្រមទាំងភាពចម្រុះពណ៌ នៃការ៉េមដែលធ្វើចេញពីផ្លែឈើ កាន់តែទាក់ភ្នែកអ្នកដើរឆ្លងកាត់ឱ្យបង្វែរការចាប់អារម្មណ៍មកមើល តូបការ៉េមរបស់អ្នកស្រី។ នៅថ្ងៃខ្លះ កូនស្រី អាយុ៨ឆ្នាំរបស់អ្នកស្រីក៏ឆ្លៀតមកជួយលក់ ជួយហៅ ភ្ញៀវផងដែរ។
បើតាមការរៀបរាប់របស់អ្នកស្រី អ៊ុក ចាន់វល័ក្ខណ៍ ជិត១០ឆ្នាំមកនេះ របរការ៉េមឆាជាប្រភពចំណូល ដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារអ្នកស្រី ជាពិសេសកូនៗរបស់អ្នកស្រីទាំងពីរនាក់។

អ្នកស្រី អ៊ុក ចាន់វល័ក្ខណ៍ បានប្រាប់ថា ៖ «កាលពីមុនកូវីដ ខ្ញុំអាចរកបានមួយយប់២០ម៉ឺនទៅ ៦០ម៉ឺនរៀល តែក្រោ យកូវីដនេះដោយសារភ្ញៀវអត់ទាន់ត្រឡប់មកវិញអស់ មួយយប់បានត្រឹម២០ម៉ឺនអីហ្នឹង។»
សម្រាប់វត្ថុធាតុដើម អ្នកស្រីបញ្ជាក់ថា មិនមានអ្វីត្រូវត្រៀមដូចធ្វើនំផ្សេងៗទេ ពោលគឺគ្រាន់តែទិញគ្រឿងលាយមួយចំនួនដូចជា ទឹកដោះគោស្រស់ ទឹកដោះគោខាប់ ផ្លែឈើ និងគ្រឿងផ្សេងៗទៀត យកមកទុក ប៉ុណ្ណោះ។ ម្យ៉ាងដោយ សារវាជាប្រភេទបង្អែមដែលត្រូវធ្វើភ្លាមៗ ដូច្នេះហើយក្រៅពីពេលលក់ ការ៉េមទៅ អ្នកស្រីនៅសល់ពេលច្រើនសម្រាប់ធ្វើការងារផ្ទះ។

ដោយសារតែវត្ថុធាតុដើមច្រើន និងមានតម្លៃថ្លៃគួរសម ផាត់ថ្លៃចំណាយអ្នកស្រីអាចចំណេញបាន ៤០% ពីការលក់ ដែ លប្រាក់ចំណេញនេះសមល្មមនឹងផ្គត់ផ្គង់ការសិក្សារបស់កូនៗ។
បើតាមអាជីវកររូបនេះ ការលក់គឺចាប់ផ្ដើមពីម៉ោង៣រសៀលទៅ រហូតដល់ម៉ោង១២យប់ ព្រោះតំបន់ Pub Street អ៊ូរអរ និងមានភ្ញៀវនៅលេងកម្សាន្ដរហូតដល់ទាបភ្លឺ។ ដោយឡែក អ្នកស្រីក៏មានបំណង ចង់ពង្រីករបរនេះបន្តទៀតផងដែរ ព្រោះតែតម្រូវការជីវភាពក៏កាន់តែច្រើន ស្របពេលដែលកូនៗ អ្នកស្រីក៏កាន់តែធំ។ ម្យ៉ាងទៀត អ្នកស្រីថា របរនេះងា យស្រួលរកព្រោះជារបរដែលផ្ដល់សេវាកម្មដល់ ភ្ញៀវទេសចរ ដូច្នេះអ្នកស្រីអាចទទួលបានប្រាក់ត្រឡប់ភ្លាមៗ ដោ យ មិនមានការជំពាក់ដូចរបរផ្សេង។
ប៉ុន្តែយ៉ាងណា ការធ្វើអាជីវកម្មដែលពឹងលើភ្ញៀវទេសចរក៏មានគុណវិបត្តិផងដែរ។ អ្នកស្រី អ៊ុក ចាន់វល័ក្ខណ៍ បានរៀបរាប់ថា ៖ «អ្នករកស៊ីនៅទីនេះ ភាគច្រើនពឹងលើភ្ញៀវបរទេស អីចឹងហើយគេក៏មិនចេះតែមកលេងរាល់ខែដែរ គេមា នពេល មានវេលារបស់គេដូចគ្នា…អីចឹងហើយនៅខែដែលគេធ្វើ ការ យើងក៏រកមិនសូវរកបាន រហូតទាល់តែដល់ខែគេសម្រាកពីការងារ ទើបយើងអាចលក់បានច្រើន វិញ»។
បើទោះជាយ៉ាងនេះក៏ដោយ អ្នកស្រី អ៊ុក ចាន់វល័ក្ខណ៍ នៅតែពេញចិត្ត និងប្រឹងប្រែងប្រកបរបរលក់ ការ៉េមឆា ដោយមិនបោះបង់ចោលឡើយ ព្រោះរបរនេះជារបរស្នូលដែលអាចឱ្យអ្នកស្រីចិញ្ចឹម បីបាច់កូនឱ្យទទួល បានការសិក្សាល្អ៕
ដោយ:កែវ បុស្បា

ads banner