ថ្នាក់ដឹកនាំ និងសមាជិកបក្សត្រូវបង្កើនឆន្ទៈ និងបន្តសកម្មភាពវាយបំបាក់នយោបាយដើរខ្សឹប
កំពត ៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាកាលពី ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៤ នៅស្នាក់ការគណបក្សក្រុងកំពត ឯកឧត្តម បណ្ឌិ សោម ចិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្ស បានតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សនិងការអភិវឌ្ឍន៍មានភាពរីកចម្រើនលើគ្រប់វិស័យ ហើយនយោបាយការបរទេស មានការទទួលស្គាល់នូវកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធានអាស៊ាន ប្ដូរវេនប្រកបដោយជោគជ័យនាពេលថ្មីៗនេះ។
ឯកឧត្តមបានប្រាប់ដល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សសូមបន្តការយកចិត្តទុកដាក់ ថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំ ដោយត្រូវចាត់ទុកជាការងារអាទិភាព ពិសេសត្រូវបង្កើនឆន្ទៈ និងបន្តសកម្មភាពឆ្លើយតប វាយបក និងវាយបំបាក់នយោបាយរដូវឆ្កែព្រុស ឬនយោបាយដើរខ្សិបរបស់គណបក្សប្រឆាំង ដែលមានចរិតញុះញុង បំភិតបំភ័យ ភូតកុហក់។
ឯកឧត្តមបណ្ឌិតសោម ចិន និង សមាជិកក្រុមការងារគណបក្សចុះសួរសុខទុក្ខដល់គេហដ្ឋាននៃ សព របស់មន្ត្រី និងថ្នាក់ដឹកនាំគណបក្ស ដែលបានទទួលមរណភាពពីររូប ដើម្បីគោរពវិញ្ញាណខន្ធ និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព ទី១ សពលោកយ៉យ ស៊ីថង អតីតចៅសង្កាត់អណ្ដូងខ្មែរ ទី ២ សពឯកឧត្តម អ៊ឹង ម៉េងហួរ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកំពត ។ ឯកឧត្តមបាននាំយកបច្ច័យពីថ្នាក់ដឹកនាំ និងមន្ត្រីបក្សក្រុង ប្រគល់ជូនគ្រួសារសពលោកយ៉យ ស៊ីថង នូវអង្ករ និងថវិកាចំនួន១លាន ៧០ម៉ឺនរៀល និងគ្រួសារ សពឯកឧត្តមអ៊ឹង ម៉េងហួរចំនួនថវិកា ២លានរៀលផងដែរ ៕ Sila Sarin