ចិនព្រមានសហរដ្ឋអាមេរិក កុំចាក់សាំងបន្ថែមលើភ្លើង ជុំវិញជម្លោះនៅអ៊ុយក្រែន
ប៊ែរឡាំង៖ ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការដុតបញ្ឆេះភ្លើងជម្លោះនៅអ៊ុយក្រែន ជាទីដែលរុស្ស៊ីបាននិងកំពុងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួន។
Read. អំឡុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមូនិច ឆ្នាំ២០២៣ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ប្រធានការិយាល័យកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ក្នុងនាមជាមហាអំណាចមួយ សហរដ្ឋអាមេរិកគួរតែរួមចំណែកដល់ដំណោះស្រាយនយោបាយចំពោះវិបត្តិ កុំចាក់សាំងបន្ថែមលើភ្លើង ហើយរកឱកាសទទួលបានប្រយោជន៍ពីវា។
លោក វ៉ាង បន្តថា ចិនបានប្រកាន់ខ្ជាប់នូវគោលជំហរស្ថាបនាមួយ ទាក់ទងនឹងវិបត្តិនៅអ៊ុយក្រែន ហើយគាំទ្រដំណើរការចរចា។ បន្ថែមលើនេះ លោក វ៉ាង ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា ទីក្រុងប៉េកាំងនឹងមិនអត់ធ្មត់ចំពោះការណែនាំរបស់សហរដ្ឋអាមេរិក ឬសូម្បីតែការគំរាមកំហែងដាក់សម្ពាធលើទំនាក់ទំនងរវាងរុស្ស៊ី និងចិន។
ចំណែកក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា អំឡុងជំនួបជាមួយលោក វ៉ាង លោក ប្លីងគែន បានព្រមានអំពីផលប៉ះពាល់ និងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើប្រទេសចិនផ្តល់ជំនួយជាសម្ភារៈដល់រុស្ស៊ី ឬជំនួយជាមួយនឹងការគេចវេសពីទណ្ឌកម្មជាប្រព័ន្ធ។
រឿងនេះបានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានដកស្រង់ប្រភពមិនបញ្ជាក់អត្តសញ្ញាណដែលនិយាយថា ទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា ទីក្រុងប៉េកាំងអាចនឹងផ្តល់ជំនួយយោធាដែលមិនមានគ្រោះថ្នាក់ដល់ទីក្រុងមូស្គូ ដើម្បីប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ហើយថា រដ្ឋបាលលោក បៃដិន ក៏មានការព្រួយបារម្ភដែរថា ចិនអាចនឹងពិចារណាបញ្ជូនជំនួយដ៏សាហាវដល់រុស្ស៊ី៕ ប្រភព៖ Sputniknews ប្រែសម្រួលដោយ៖ ទីណា