ក្រុម តាលីបង់ គ្រោងប្រែក្លាយ អតីតមូលដ្ឋាន យោធាបរទេស ទៅជាតំបន់សេដ្ឋកិច្ចពិសេស
អាហ្វហ្គានីស្ថាន៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលតាលីបង់នឹងដាក់ចេញនូវផែនការ ប្រែក្លាយតំបន់មូលដ្ឋានយោធាបរទេសទៅជាតំបន់សេដ្ឋកិច្ចពិសេសសម្រាប់សកម្មភាពអាជីវកម្មផ្សេងៗ។
កាលពីខែធ្នូកន្លងទៅ រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទីបានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters) ថា ក្រសួងពាណិជ្ជកម្មកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើផែនការថ្មីនេះក្នុងតំបន់អតីតមូលដ្ឋានទ័ពអាមេរិក ហើយនឹងរៀបចំឯកសារពាក់ព័ន្ធផ្សេងៗដើម្បីដាក់ជូនទៅកាន់គណៈកម្មាធិការសេដ្ឋកិច្ចទាំងពីរ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីស្តីទីលោក Mullah Abdul Ghani Baradar និងបន្តដាក់ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីធ្វើការអនុម័ត។
លោកឧបនាយករដ្ឋមន្ត្រីស្តីទីរូបនេះ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «បន្ទាប់ពីការពិភាក្សាយ៉ាងសកម្ម និងគ្រប់ជ្រុងជ្រោយរួចមក គម្រោងនេះត្រូវបានសម្រេចថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តមើលការខុសត្រូវទៅលើមូលដ្ឋានយោធាបរទេសទាំងអស់ដែលនៅទំនេរ ដើម្បីបំប្លែងតំបន់ទាំងនោះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស»។ លោកបានបន្ថែមថា «ផែនការសាកល្បងនឹងចាប់ផ្តើមផ្លាស់ប្តូរមូលដ្ឋានយោធាដែលស្ថិតនៅរដ្ឋធានីកាប៊ុល និងនៅភាគខាងជើងខេត្តបាល់ (Balkh)»។
នៅពេលដែលបានសាកសួរអំពីស្ថានភាពនៃអតីតទីតាំងយោធាដ៏ធំមួយរបស់សហរដ្ឋអាមេរិក លោក Zabihullah Mujahid អ្នកនាំពា ក្យរបស់ក្រុមតាលីបង់បានប្រាប់អ្នកសារព័ត៌មាន VOA ថា «ពិតមែនហើយ មូលដ្ឋានយោធាបាហ្ក្រាម (Bagram) ស្ថិតក្នុងចំណោមមូលដ្ឋានយោធាដែលកំពុងត្រូវបានបំប្លែងទៅជាតំបន់សេដ្ឋកិច្ចពិសេសក្រោមផែនការដែលបានបង្ហាញនៅថ្ងៃនេះ»។
សូមជម្រាបដែរថា មូលដ្ឋានទ័ពបាហ្ក្រាម ស្ថិតនៅចម្ងាយប្រមាណជា ៧០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងកាប៊ុល (Kabul)។ អស់រយៈពេលជិត ២០ ឆ្នាំហើយដែលទីតាំងនេះត្រូវបានបម្រើការជាមជ្ឈមណ្ឌលសរសៃប្រសាទនៃបេសកកម្មប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រតិបត្តិការអាល់កៃដានៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និងប្រតិបត្តិការយោធាប្រឆាំងនឹងពួកតាលីបង់ដែលបះបោរនៅពេលនោះ។
គួររំឮកដែរថា សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្កានីស្ថានបានជួបជាមួយនឹងបញ្ហាប្រឈមជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ទីភ្នាក់ងារផ្តល់ជំនួយកំពុងព្រមានអំពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរចាប់តាំងពីក្រុមតាលីបង់បានចូលកាន់កាប់ក្នុងឆ្នាំ២០២១ ខណៈដែលកងទ័ពបរទេសបានដកខ្លួ នចេញក្រោយពីសង្គ្រាមរយៈពេល ២០ ឆ្នាំ។
ការចូលកាន់កាប់របស់ពួកក្រុមតាលីបង់នេះ បានជំរុញឱ្យមានការកាត់ផ្ដាច់មូលនិធិអភិវឌ្ឍន៍ជាច្រើន ការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលដែលគ្រប់គ្រងដោយបរទេស និងការដាក់ទណ្ឌកម្មលើវិស័យធនាគារទៀតផង។
ម៉្យាងវិញទៀត កាលពីឆ្នាំមុន ការសម្រេចចិត្តរបស់រដ្ឋបាលតាលីបង់ក្នុងការរារាំងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាស្ត្រីភាគច្រើនមិនឱ្យចូ លបម្រើការងារ បានជំរុញឱ្យភ្នាក់ងារជំនួយជាច្រើនផ្អាកប្រតិបត្តិការមួយផ្នែកធំរបស់ពួកគេ ខណៈដែលមនុស្សនៅក្នុងប្រទេសរាប់លាននា ក់នៅតែពឹងផ្អែកលើជំនួយមនុស្សធម៌។
គួរបញ្ជាក់ថា ក្រុមតាលីបង់បានលើកឡើងថា ពួកគេកំពុងផ្តោតលើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយខ្លួនឯង តាមរយៈពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ។ វិនិយោគិនបរទេសមួយចំនួនបានសម្តែងការព្រួយបារម្ភ ចំពោះការវាយប្រហារជាបន្តបន្ទាប់ រួមទាំងនៅក្នុងសណ្ឋា គារដ៏ពេញនិយមមួយ ដែលពោពេញទៅដោយពាណិជ្ជករចិន។
ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោកក៏បានកត់សម្គាល់ផងដែរថា ការនាំចេញបានកើនឡើង ហើយរដ្ឋបាលរបស់តាលីបង់បានគ្រប់គ្រងកំណើននេះបានល្អ ដោយរក្សាប្រាក់ចំណូលបានយ៉ាងច្រើនកាលពីឆ្នាំ២០២២៕
ដោយ៖ ធា សុណា
ប្រភព៖ https://www.reuters.com/world/asia-pacific/taliban-plans-turn-former-foreign-bases-into-special-economic-zones-2023-02-19 (https://www.reuters.com/world/asia-pacific/taliban-plans-turn-former-foreign-bases-into-special-economic-zones-2023-02-19/)/