នាយករដ្ឋមន្រ្តីហុងគ្រី ៖ សហភាពអឺរ៉ុបបានធ្វើសង្គ្រាមដោយប្រយោលជាមួយរុស្ស៊ី
ប៊ុយដាប៉ែស៖ សហភាពអឺរ៉ុបបានធ្លាក់ចូលទៅក្នុងសង្រ្គាម ដោយសារតែគោលនយោបាយរបស់ខ្លួន ក្នុងការផ្គត់ផ្គង់អាវុធ និងការស៊ើបការណ៍យោធាដល់អ៊ុយក្រែន នៅក្នុងជម្លោះជាមួយរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ិកទ័រ អរបាន ដែលបានបដិសេធក្នុងការបញ្ជូនអាវុធទៅកាន់ទីក្រុងកៀវ។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់រដ្ឋនៅទីក្រុងប៊ុយដាប៉ែស លោក អរបាន បានរំលឹកឡើងវិញថា ប្រទេសហុងគ្រីនឹងមិនចុះសម្រុងជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ក្នុងការផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែន ដែលជាប្រទេសជិតខាងភាគឦសានរបស់ខ្លួនឡើយ ដោយបន្ថែមថា មេដឹកនាំអឺរ៉ុបហាក់ដូចជាកំពុងឈានជើងចូលទៅក្នុងជម្លោះនេះដែរ។
លោក អរបាន បន្តថា ឥឡូវនេះយើងកំពុងបញ្ជូនរថក្រោះរួចហើយ នាពេលអនាគតក៏មានយន្តហោះផងដែរ ហើយមិនយូរប៉ុន្មាន យើងនឹងឮអំពីអ្វីដែលគេហៅថា អង្គភាពរក្សាសន្តិភាព។ លោកថា អឺរ៉ុបកំពុងជាប់ផុងក្នុងសង្គ្រាម តាមពិតពួកគេកំពុងធ្វើសង្រ្គាមដោយប្រយោលជាមួយរុស្ស៊ីរួចហើយ។
លោក អរបាន ដែលបានបម្រើការជានាយករដ្ឋមន្ត្រីហុងគ្រីតាំងពីឆ្នាំ២០១០ បាននិយាយថា ហុងគ្រីនឹងរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ហើយផ្តល់អនុសាសន៍នេះដល់សម្ព័ន្ធមិត្តរបស់យើង ទោះបីជាមេដឹកនាំលោកខាងលិចនៅតែបន្តដាក់ទណ្ឌកម្មលើទីក្រុងមូស្គូក៏ដោយ។
លោក អរបាន បន្ថែមថា ហុងគ្រីបានបង្ហាញជំនួយមនុស្សធម៌ដ៏អស្ចារ្យសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន និងថា គាត់ចង់ឱ្យជម្លោះរុស្ស៊ី-អ៊ុយក្រែនបញ្ចប់ជាបន្ទាន់ ប៉ុន្តែថា គាត់មិនមានឥទ្ធិពលនៅក្នុងអង្គការណាតូ និងសហភាពអឺរ៉ុប ដើម្បីសម្រេចរឿងនេះបាននោះទេ។ អ្នករាល់គ្នានៅខាងសង្គ្រាម លើកលែងតែយើង៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា