កងកម្លាំងបោសសម្អាតមីនចំនួន ១៩កងអនុសេនាតូចកងទ័ពជើងគោក បានចូលរៀនវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ បានដំណើរកាបើកវគ្គដល់កងកម្លាំងបោសសម្អាតមីនទាំង១៩កងអនុសេនាតូចកងទ័ពជើងគោក ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការវិស្វកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការបោសសម្អាយមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កងទ័ពជើងគោក និងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ។

តាមរបាយការណ៍បើកវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីននេះមានសិក្ខាកាមសរុបចំនួន ៦០២នាក់ ហើយការហ្វឹកហាត់បែងចែកចេញជា ០២ទីតាំង៖
១-សិក្ខាកាមចំនួន ១៣កង ស្មើនឹង ៣៣៨នាក់ ហ្វឹកហ្វឺននៅសាលាពលទាហានទី៥ (បឹងរាជ ) ស្ថិតក្នុងភូមិបត់ សាលាឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
២-សិក្ខាកាមចំនួន ៦កង ស្មើនឹង ១៥៦នាក់ ហ្វឹកហ្វឺននៅទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន(ភ្នំវាលចាប) ស្ថិត ក្នុងភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ សិក្សារយៈពេល ៥២ ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានមានប្រសាសម៏ថា ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងបានការចូលរួមសហការពីអាជ្ញាធរមីន ស៊ីម៉ាក់ NPMEC ពិសេសដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញជាផែនការយុទ្ធសាស្ត្រជាតិ លើផែនការមីន ស្តីពីគម្រោងសម្តេចតេជោលើសកម្មភាពមីន ក្រោមមូលបទ ( ផ្តល់ដីសុវត្ថភាព បង្កើតស្នាមញញឹម ) ដោយបានការគាំទ្រពីសប្បុរសជន និងមូលនិធិកម្ពុជាឆ្នាំ២០២៥ សម្រាប់ឆ្នាំដំបូងចំណាយថវិកាប្រមាណ ៣០លានដុល្លារសហរដ្ឋអាមេរិក ។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានគូសបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិលើវិស័យសកម្មភាពមីនរបស់រាជរដ្ឋាភិបាល កងទ័ពជើងគោក បានរៀបចំកងអនុសេនាតូចបោសសម្អាតមីនចំនួន ៤៥កង ។ ក្នុងនោះ១៦កងបានហ្វឹកហ្វឺន និងបានចូលរួមធ្វើប្រតិបត្តិការបោសសម្អាតមីនសម្រេចបានលទ្ធផលជោគជ័យប្រកបដោយសុវត្ថភាព និងតាមផែនការកំណត់ ។ ដោយឡែកថ្ងៃនេះកងទ័ពជើងគោកបន្តបើកវគ្គជូនដល់កងទាំង២៩ បន្ថែមទៀត នៅសាលាពលទាហានទី៥ នាពេលនេះ ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា ក៏បានគូសបញ្ចាក់ពីគោលបំណងនៃវគ្គបំប៉នជំនាញនាពេលនេះគឺសំដៅលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបង្កើនឲ្យមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថភាពខ្ពស់ក្នុងការអនុវត្តន៍កិច្ចការបោសសម្អាតមីនទាំងការគ្រប់គ្រងធនធានមនុស្ស និងមូលដ្ឋានសម្ភារឲ្យមានលក្ខណៈប្រសើរសមស្រប និងឲ្យយោធិនទាំងអស់យល់ដឹងអំពីការប្រើប្រាស់ម៉ាស៊ីនរាវមីនគ្រប់ប្រភេទ យល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ កាកសំណល់ជាតិផ្ទុះដែលបន្សល់ទុក្ខពីសម័យសង្គ្រាម ។

ឯកឧត្តម អ៊ុច វ៉ាន់ថា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រីវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យសណ្តាប់ធ្នាប់ បទបញ្ជាផ្ទៃក្នុងវគ្គ វិន័យ បទបញ្ជាទូទៅ ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹងមុខជំនាញបច្ចេកទេស និងត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាមលើបណ្តារខ្លឹមសារមេរៀន ត្រូវយកចិត្តទុកដាក់សិក្សាទាំងទ្រឹស្តី ក៏ដូចជាការអនុវត្តជាក់ស្តែង ខិតខំស្រាវជ្រាវបន្ថែមឯកសារដែលមានស្រាប់ ស្វែងយល់បទពិសោធន៍ល្អៗ ត្រូវពុះពារជំនះរាល់ការលំបាក និងខិតខំរៀនសូត្រឲ្យបានលទ្ធផលល្អនៅពេលបញ្ចប់វគ្គ ៕

ដោយ ៖ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner