សម្តេច ហ៊ុន សែន៖ វិទ្យុ វីអូឌី គ្មានថ្ងៃបើកវិញឡើយ ព្រោះការផ្សាយថា ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុកជាការប្រមាថរដ្ឋាភិបាលធ្ងន់ធ្ងរ

អត្ថបទដោយ៖
CPA

សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជំហជាថ្មីថា វិទ្យុសម្លេងប្រជាធិបតេយ្យ( VOD) នឹងគ្មានថ្ងៃបើកដំណើរវិញទេ ព្រោះការផ្សាយព័ត៌មានថា ឯកឧត្តម ហ៊ុន ម៉ាណែត ដើរតួជំនួសឪពុកចុះហត្ថលេខាផ្តល់ជំនួយដល់តួកគីជាការប្រមាថធ្ងន់ធ្ងរដល់រដ្ឋាភិបាល ហើយអាចនាំឲ្យមានការបែកបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ត្រី ដែលសម្តេចមិនអាចលើកលែងឲ្យបាន ហើយការបិ ទនេះក៏ជាការពង្រឹងវិជ្ជាជីវៈសារព័ត៌មានផងដែរ។

នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន មនុស្សជាង ២ពាន់នាក់ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសជាថ្មីជុំវិញករណីបិទវិទ្យុវីអូឌី (VOD ) ដែលសម្តេចបញ្ជាក់ថា វិទ្យុនេះគ្មានថ្ងៃអាចបើកដំណើរវិញបានឡើយ។
សម្តេចបានបន្ថែមដោយ បង្ហាញថា ការផ្សាយព័ត៌មានមានខ្លឹមសារថាឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច និងជាមេបញ្ជាការកងទ័ពជើងគោក បានដើរតួជំនួសឪពុកក្នុងការចុះហត្ថលេខាផ្តល់ជំនួយដល់តួកគីនោះ ជាការប្រមាថធ្ងន់ធ្ងរដល់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាជាតិ ដែលសម្តេចមិនអាចអត់ឱនបានឡើយ។
សម្តេច ហ៊ុន សែន ថ្លែងបញ្ជាក់ថា ៖ «ការបិទVOD ជាការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានកម្ពុជា។ សូមកុំគិតថា VOD អាចរស់ឡើងវិញឱ្យសោះ។ អារឿងវិទ្យុVOD នេះ វាគ្មានថ្ងៃរស់ឡើងវិញឡើយ»។

ជុំវិញការបិទវិទ្យុ VOD ដែលកន្លងមកមានប្រតិកម្មអវិជ្ជមានពីសង្គមស៊ីវិល និងបណ្តាទូតលោកខាងលិច សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ជាថ្មីដោយ មិនឲ្យជនបរទេសណាមកលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាដោយមិនបានជ្រាបពីព័ត៌មានពិតនោះទេ។ សម្តេចបន្ថែមថា បរទេសមិនអាចជួយឲ្យវិទ្យុ VOD អាចបើកដំណើរការ វិញដូចដើមនោះឡើយ។
សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ដូច្នេះថា ៖ « កុំសង្ឃឹមថា អ្នកឯង[VOD] អាចរស់ឡើងវិញ តាមរយៈទៅពឹងបរទេសនេះ ពឹងបរទេសនោះ បើពឹងបាន អាគណបក្សដែលរំលាយវាងាប់បាត់ទៅហើយ[អតីតគណបក្សសង្គ្រោះជាតិ] បានរស់វិញបានហើយ មិនមែនត្រឹមអាកូនវិទ្យុតូចមួយនោះទេ ហើយបិទអាមួយហ្នឹង វាមិនធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជា ងាប់ដែរ វាអត់ងាប់ទេ ផ្ទុយទៅវិញវាពង្រឹងបាននូវវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌នៃសារព័ត៌មាន បានត្រឹមត្រូវ»។

ជុំវិញបញ្ហានេះ ឯកឧត្តម យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បាន លើកឡើងថា ការប្រកាន់ជំហមិនបើកដំណើរការវិទ្យុ VODនេះ ដោយសារ ស្ថាប័ននេះមានភាពរឹងត្អឹងនឹងរដ្ឋាភិបាលជាមុន ដែលរដ្ឋាភិបាលបានទុកពេល និងលទ្ធភា ពសុំទោស និងបកស្រាយ ប៉ុន្តែស្ថាប័ននេះមិនចេះបត់បែនតាមកាលៈទេសៈនយោបាយទើបឈានទៅដល់ការបិទ។

ឯកឧត្តមបានបន្ថែមថា ការណ៍ដែលផ្សាយព័ត៌មានថា ឯកឧត្តម ហ៊ុន ម៉ាណែត ដើរតួជំនួសឪពុកចុះហត្ថលេខាផ្តល់ជំនួយដល់តួកគី ឯកឧត្តម យង់ ពៅ ថា វាជាកំហុសធ្ងន់ធ្ងរមួយ ខណៈ ឯកឧត្តម ហ៊ុន ម៉ាណែត មិនមានសិទ្ធិគតិយុត្តិក្នុងការចាត់ចែងច្បាប់ថវិកា និងការបញ្ជាចំណាយឡើយ។
ឯកឧត្តម យង់ ពៅ បានប្រាប់ថា ៖ «បើសិនរដ្ឋាភិបាលមិនបានប្រតិកម្មរឿងនេះទេ នឹងធ្វើឲ្យមតិសាធារណជន និងមតិក្រុមប្រឆាំង ជាពិសេស អាចវាយតម្លៃថា សម្តេច ហ៊ុន សែន ពិតជាបានប្រើកូនប្រុសឲ្យចុះហត្ថលេខាលើការបញ្ជាចំណាយនោះមែន ហើយអាចមានការយល់ច្រឡំថា សម្តេចយកអំណាចគ្រួសារទៅធ្វើការ ហើយធ្វើឲ្យសមាជិកគណៈរដ្ឋមន្ត្រីមើលមកក្នុងផ្លូវមិនល្អ បើសិនគ្មានការបកស្រាយ»។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បាន លើកឡើងទៀត ថា សំណុំរឿងបិទវិទ្យុ VOD ជាគំរូសម្រាប់បណ្តាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មាន និងជាពិសេសអ្នកសារព័ត៌មានផ្សេងៗទៀត ឲ្យបំពេញការងារប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ ។ ឯកឧត្តមថា អ្នកសារព័ត៌មានត្រូវដើរតួនាទីជាអ្នកផ្តល់ព័ត៌មាន ចៀសវាងដើរតួជាតុលាការ ជាអ្នកនយោបាយ ជាអ្នកសម្រេចចិត្តជួសសាម៉ីខ្លួនជាដើម ដើម្បីធ្វើឲ្យសង្គមជាតិមានសុខុដុម ហើយវាសមស្របនឹងគោលការណ៍វិជ្ជាជីវៈ។

សូមរំឭកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់វិទ្យុ VOD ក្រោមហេតុផលថា អង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន។
ការលុបអាជ្ញាបណ្ណនេះ ធ្វើឡើងបន្ទាប់ពី ស្ថាប័ននេះបានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា «មន្ត្រីរដ្ឋាភិបាលថា ការដែលឯកឧត្តម ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគីមិនមែនជារឿងខុសឆ្គង» ដែលទទួលបានប្រ តិកម្មធ្ងន់ៗពីសម្តេចនាយកមន្រ្តី ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត ៕ ដោយ ៖ សំបាន ច័ន្ទដារ៉ា

ads banner