សមាគមវារីវប្បករនៅកម្ពុជា និងរដ្ឋបាលជលផល ជំរុញការផ្លាស់ប្តូរបទពិសោធន៍ដល់កសិករពីបច្ចេកទេសចិញ្ចឹមត្រីបែបពាណិជ្ជកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖ សមាគមវារីវប្បករនៅកម្ពុជា និងមន្រ្តីរដ្ឋបាលជលផល បានសហការគ្នាដឹកនាំ ក្រុមកសិករចិញ្ចឹមត្រីនៅស្រុកស្អាង ខេត្តកណ្តាលទៅទស្សនកិច្ចសិក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្របច្ចេកទេសចិញ្ចឹមត្រីបែបពាណិជ្ជកម្មនៅខេត្តបាត់ដំបង ក្នុងរយៈពេល ៣ថ្ងៃ ដើម្បីជួយពង្រឹងផលិតកម្មរវាងគ្នាទៅវិញទៅមកនៅក្នុងវិស័យវារីវប្បកម្មនេះ។

លោក ឡែមផូរ វរិទ្ធិ មន្រ្តីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់ឱ្យដឹងថា គោលបំណងសំខាន់នៃទស្សនកិច្ចនោះគឺ ដើម្បីសមាជិករបស់សមាគម ដែលជាកសិករអ្នកចិញ្ចឹមត្រី ភ្ជាប់បណ្តាញគ្នា ក្នុងការផ្គត់ផ្គង់ពូជ និងបច្ចេកទេសនៃភ្ញាស់កូនត្រី ឱ្យគ្នាទៅវិញទៅមក ខណៈខេត្តបាត់ដំបង ជាច្រើនខេត្តដែលមានភាពរីកចម្រើនខ្លាំងដែរលើផ្នែកចិញ្ចឹមត្រី និងភ្ញាស់កូនត្រីនេះ។

លោកបានបន្ថែមថា ការចិញ្ចឹមត្រីបែបពាណិជ្ជកម្មនៅខេត្តបាត់ដំបងមានលក្ខណៈរីកចម្រើនខ្លាំងណាស់ ដោយពួកគាត់ភាគច្រើនចិញ្ចឹមត្រីឆ្តោ ត្រីទីឡាប់ព្យាក្រហម ត្រីប្រា ត្រីពោ។
លោក ឡែមផូរ វរិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «បើនិយាយពីការចិញ្ចឹមត្រីលក្ខណៈពាណិជ្ជកម្ម បាត់ដំបងជាប់ចំណាត់ថ្នាក់លេខ៣ នៅក្នុងប្រទេស ខណៈដែលលេខ១នៅខេត្តកំពង់ចាម និងលេខ២នៅខេត្តកណ្តាល។ ការចិញ្ចឹមត្រីលក្ខណៈពាណិជ្ជកម្ម មាននៅស្ទើរទូទាំងប្រទេស ប៉ុន្តែខេត្ត ដែលសម្បូរអ្នកចិញ្ចឹមច្រើន គឺជាខេត្តដែលស្ថិតនៅជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ»។

លោក ជួន ធួក ជាមេក្រុមដឹកនាំកសិករ ទៅផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្របច្ចេកទេចិញ្ចឹមត្រីបែបពាណិជ្ជកម្ម នៅខេត្តបាត់ដំបង បានឱ្យដឹងដែរថា បច្ចេកទេសចិញ្ចឹមត្រីរបស់កសិករនៅខេត្តបាត់ដំបង មានលក្ខណៈស្រដៀងនឹងខេត្តកណ្តាលដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកចិញ្ចឹមត្រីនៅក្នុងខេត្តនេះ ទទួលបានជោគជ័យខ្លាំងនោះ គឺការចងក្រងគ្នាជាប្រព័ន្ធរវាងកសិករចិញ្ចឹមត្រីនៅ ក្នុងខេត្ត។

លោកបានបន្ថែមថា ក្រុមកសិករនៅខេត្តកណ្តាលនៅមានភាពរប៉ាត់រប៉ាយនៅឡើយ មិនមានការចងក្រងជាប្រព័ន្ធឱ្យបានច្បាស់លាស់នៅឡើយទេ ទើបធ្វើឱ្យការផលិតពូជត្រី និងចិញ្ចឹមត្រី ជួបបញ្ហាមួយចំនួនដូចជា ការប្រមូលផលព្រមៗ ដែលបណ្តាលឱ្យលើសតម្រូវការទីផ្សារ និងរៀនសូត្របច្ចេកទេសចិញ្ចឹមត្រីតៗគ្នា ដោយមិនមានបច្ចេកទេសច្បាស់លាស់ជាដើម។

លោក ជួន ធួក បានគូសបញ្ជាក់ថា ៖ «អ្នកចិញ្ចឹមនៅខាងស្អាងនេះ មានច្រើនគួរសមដែរ ប៉ុន្តែយើងជួបការលំបាកមួយចំនួន ដោយសារ តែយើងមិនទាន់បានចងក្រងគ្នាជាប្រព័ន្ធនៅឡើយ ដូច្នេះយើងពិបាកក្នុងការគ្រប់គ្រងទិន្នន័យត្រី ដែលធ្វើឱ្យពេលខ្លះត្រីថោកពេក ឬថ្លៃពេក។ ខាងបាត់ដំបងគេធ្វើបានជោគជ័យណាស់ព្រោះគេស្រុះស្រួលគ្នាបានល្អក្នុងការចងក្រងគ្នាជាបណ្តុំជាមួយកសិករ ចិញ្ចឹមត្រីមួយ អ៊ីចឹងគេមានព័ត៌មានច្បាស់លាស់ពីបច្ចេកទេសចិញ្ចឹមត្រី និងពីតម្រូវការទីផ្សារ គេអាចលក់បានវិលជុំរហូត។ ដូចនេះខ្ញុំយល់ថា ការចងក្រងគ្នាជាបណ្តុំកសិករនេះមានសារៈសំខាន់ណាស់»។

ចំណែក លោក ថៃ ចាន់ណារិទ្ធ មន្រ្តីរដ្ឋបាលជលផល ដែលបានចុះទៅទស្សនកិច្ចជាមួយសមាគមវារីវប្បករកម្ពុជា និងកសិករអ្នកចិញ្ចឹមត្រីដែរនោះបានប្រាប់ថា ទស្សនកិច្ចនេះ គឺដើម្បីបង្ហាញដល់កសិករ និងនិស្សិតផ្នែកជលផលនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម អំពីរបៀបក្នុងការចិញ្ចឹមត្រីតាមបែរ ជាពិសេសការចិញ្ចឹមត្រីទីឡាប់ព្យាក្រហមក្នុងស្រះ។

លោកបានបន្ថែមថា ខាងជលផល តែងជួយដល់កសិករចិញ្ចឹមត្រី ក៏ដូចជាវារីវប្បករទាំងអស់ ពីបច្ចេកទេសចិញ្ចឹម ហើយរដ្ឋបាលជលផល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមទាំងអស់ឱ្យមានកត់ត្រាផ្សេងៗ ចាប់តាំងពីការដាក់កូនត្រីដំបូង រហូតដល់ការប្រមូលផលត្រី។

លោកចាន់ណារិទ្ធ បានបញ្ជាក់ដូច្នេះ ៖ «ការណ៍ដែលឱ្យកសិករព្យាយាមកត់ត្រានូវរាល់សកម្មភាពនានាក្នុងការចិញ្ចឹមត្រីនេះ គឺដើម្បីដឹងពីចំណុចខ្វះខាត រួចកែតម្រូវវា បន្ទាប់មកយើងអាចអភិវឌ្ឍបន្ថែម ដើម្បីអនុវត្តនៅពេលក្រោយឱ្យបានល្អ។ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា កសិករយើងមានការអភិវឌ្ឍសមត្ថភាពរបស់គាត់បានច្រើនមែនទែន ដោយគាត់បានយកចិត្តទុកដាក់ និងអនុវត្តតាមការ ណែនាំរបស់មន្រ្តីបច្ចេកទេស អ្នកជំនាញបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យការចិញ្ចឹមទទួលផល បានច្រើនជាងមុនដែរ»។
យោងតាមរបាយការណ៍ពីរដ្ឋបាលជលផលបានបង្ហាញថា ក្នុងឆ្នាំ២០២២ ការចិញ្ចឹមត្រីអនុវត្តបានចំនួន ៣៣០ ៦០០ តោន ស្មើ ៩១,៨៣% នៃផែនការ ៣៦០ ០០០តោន ប្រៀបធៀបរយៈ ពេលដូចគ្នាថយចុះចំនួន ១៧ ៧៥០តោន។ នៅក្នុងនោះបានបង្កើត ស្រះជម្រកត្រីសហគមន៍ចំនួន ៩២៩កន្លែង ក្នុងនោះខេត្តកំពង់ស្ពឺមានចំនួនច្រើនជាងគេរហូតដល់ ១៨០កន្លែង។ បានបង្កើតបណ្ដុំវារីវប្បករចំនួន ៣៣១កន្លែង មានសមាជិកចំនួ ន ១០.៨០៦នាក់ (ស្រី្ត២ ៩១២នាក់)។ បានរៀបចំបណ្តុះបណ្តាលអំពីការអនុវត្តវារីវប្បកម្មល្អដល់កសិដ្ឋានចំនួន០៨កសិដ្ឋាន និងបានចេញលិខិតអនុញ្ញាតឱ្យធ្វើវារីវប្បកម្មបានចំនួន ៣៥ច្បាប់ ៕ ដោយ ៖ វណ្ណ សុជាតា

ads banner