ស្ថានទូតថៃប្រចាំកម្ពុជា បានរៀបចំកម្មពិធីពិព័ណ៌ការសិក្សា និងការងាររបស់ប្រទេសថៃទៅដល់យុវជនកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖ ស្ថានទូតថៃប្រចាំកម្ពុជា បានរៀបចំកម្មវិធីពិព័ណ៌ការសិក្សា និងការងាររបស់ប្រទេសថៃ ក្នុងគោលបំណងដើម្បីឲ្យសិស្ស និងនិស្សិតកម្ពុជា ទទួលបានព័ត៌មានអំពីអាហារូបករណ៍នៅតាមគ្រឹះស្ថានសិក្សានានា ដែលឈានមុខគេមកពីប្រទេសថៃ និ ងព្រមទាំងការផ្តល់ជម្រើសការងារល្អៗ ដល់យុវជនកម្ពុជា។

កម្មវិធីពិព័ណ៌ការសិក្សា និងការងារនេះត្រូវបានប្រារព្វធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពី ថ្ងៃទី១៨ ខែកុម្ភៈ ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៃព្រះរាជាណាចក្រកម្ពុជា លោក ឈើតកៀត អត្ថាករ (Cherdkiat Atthakor)ផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូត ថៃ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើងក្នុងន័យចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជម្រើសការងារល្អៗ ដល់យុវជនកម្ពុជា ។

ឯកឧត្តម បានបន្តថា ការតាំងពិពណ៌ការសិក្សា នេះ ក៏ជាការផ្តល់ឱកាសដល់យុវជន សិស្ស និងនិស្សិតកម្ពុជា បានជួបផ្ទាល់ជា មួយគ្រឹះស្ថានសិក្សានានា ដែលឈានមុខគេមកពី ប្រទេសថៃ ដើម្បីទទួលបានព័ត៌មាន ពីការសិក្សា អាហារូបករណ៍ និងការតម្រង់ទិសសិក្សាគ្រប់ជ្រុងជ្រោយនៅថ្នាក់ឧត្តមសិក្សា ព្រមទាំងជួយជំរុញលើកទឹកចិត្តយុវជន សិស្ស និង និស្សិត ក្នុងការសិក្សាបន្ត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនបន្ថែមឆ្លើយតបទៅនឹងនិរន្តភាព និងចីរភាព នៃការអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។

រដ្ឋមន្រ្តីក្រសួងអប់រំបានបញ្ជាក់ថា ៖ «ស្ថិតក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ក្រោមការដឹកនាំដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យុវជន សិស្ស និងនិស្សិតកម្ពុជាគ្រប់រូបតែងតែទទួលបានឱកាសទៅបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស នាពេលកន្លងទៅដោយមានការបង្កលក្ខណៈងាយស្រួលពីស្ថានទូត ថៃ និងអង្គភាពពាក់ព័ន្ធ»។

ឯកឧត្តម ហង់ជួន ណារ៉ុន បានបន្តថា យុវជន សិស្ស និស្សិត ទាំងនោះក៏ មានទំនុកចិត្តខ្ពស់លើគុណភាព នៃការបណ្តុះបណ្តាលរបស់គ្រឹះស្ថានសិក្សានានាក្នុងប្រទេសថៃ ហើយនិស្សិតកម្ពុជាជាច្រើនពាន់នាក់ បានសម្រេចចិត្តជ្រើសរើសទៅបន្តការសិក្សា ដើម្បីទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ នៅក្នុងប្រទេសថៃ ទាំងក្នុងរូបភាពបង់ថ្លៃ និងអាហារូបករណ៍ផងដែរ។

ឯកឧត្តម ហង់ជួន ណារ៉ុន លើកឡើងថា ៖ «ក្នុងរយៈពេលជិត២ទសវត្សចុងក្រោយនេះ សិស្ស និងនិស្សិតកម្ពុជាប្រមាណ ២០១៧ នាក់ទទួលបាននូវអាហារូបករណ៍ពេញលេញរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន ទៅសិក្សាបន្តនៅកម្រិតមធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតនៅតាមគ្រឹះស្ថានសិក្សានានាក្នុងព្រះរាជាណាចក្រថៃ»។

បន្ថែមពីនេះទៀត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា រូបនេះ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខឹតខំប្រឹងប្រែងរបស់ស្ថា នទូតនៃព្រះរាជាណាចក្រថៃ និងក្រុមហ៊ុនវិនិយោគទុនថៃនៅកម្ពុជា ដែលបានផ្តល់ឱកាសសិក្សាបន្ត និងឱកាសការងារដ ល់យុវជនកម្ពុជា និងជាពិសេសសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រិយ៍សិរិនថន ដែលទ្រង់តែងតែយកព្រះហឬទ័យទុកដាក់ខ្ពស់ក្នុងការចូលរួមជួយកសាងសមត្ថភាព ។

ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ធ្លាប់ បានជូនដំណឹងនាពេល កន្លងមកថា ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរទេសចរណ៍ថៃ (TAT) និងបណ្ដាញអតីតនិសិ្សតកម្ពុជាដែលបញ្ចប់ការសិក្សាពីប្រទេសថៃ បានប្រកាសដល់ សិស្ស និស្សិត យុវជន និងសាធារណជន ចូលរួមកម្មវិធីពិព័រណ៍ការសិក្សានិ ងការងារ ២០២៣ (Thailand Education & Jobs Fair 2023) ដែលនឹងរៀបចំឡើង នៅអគារ CJCC សកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បាន លើកឡើងថា ៖ «នេះជាឱកាសដ៏ល្អសម្រាប់លោកអ្នកដែលអាចជួបជាមួយក្រុមហ៊ុនឈានមុខគេរបស់ថៃ និងកម្ពុជា ដោយអ្នកនឹងទទួលបាននូវព៌ត័មានទាក់ទាងជាមួយនឹងការងារ និងទទួលបានឱកាសការងារថែមទៀតផង លើសពីនេះទៅទៀតនោះអ្នកនឹងបានជួបជាមួយសកលវិទ្យាល័យល្បីៗមកពីប្រទេសថៃដែលនឹងធ្វើឲ្យអ្នកទទួលបានព៌ត័មានទាក់ទងជាមួយជាមួយនឹងអាហារូបករណ៍បន្តការសិក្សានៅប្រទេសថៃ»៕ ដោយ ៖ ជា សុខនី

ads banner