ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរចំពោះការដាក់ឱ្យដំណើរការ របស់ ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (Meko Intelligence Cambodia) ដែលបានធ្វើការវិនិយោគនៅកម្ពុជា ជាមួយនឹងដើមទុនសរុបប្រមាណ ៣២លានដុល្លារអាមេរិក
ខេត្តតាកែវ ៖ ក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរបស់ ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (Meko Intelligence Cambodia) ដែលបានធ្វើការវិនិយោគនៅកម្ពុជា ជាមួយនឹងដើមទុនសរុបប្រមាណ ៣២លានដុល្លារអាមេរិក។
ឯកឧត្តម បណ្ឌិត បន្តថា បន្ថែមលើរោងចក្រ-សហគ្រាសចំនួនជាង ២០០ ក្នុងទូទាំងខេត្ត រោងចក្រដ៏ថ្មីសន្លាងនេះនឹងជួយជំរុញនូវសក្តានុពលរបស់ខេត្តតាកែវក្នុងការស្រូបយកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ឧស្សាហកម្មគ្រឿងអេឡិចត្រូនិក ជាដើម។ រោងចក្រទាំងអស់នេះ បាននិងកំពុងបង្កើតការងារជូនដល់កម្មករ-និយោជិតប្រមាណ ៧ម៉ឺននាក់ និងមានប្រាក់ឈ្នួលសរុបប្រមាណ ២២៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយនេះគឺជាវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលដល់ប្រជាជនតាមមូលដ្ឋាន និងការចូលរួមក្នុងកិច្ចការសង្គមនានា។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា ជំនឿទុកចិត្តរបស់ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន ក្នុងការសម្រេចចិត្តធ្វើការវិនិយោគនៅកម្ពុជានេះ គឺជាតឹកតាងមិនអាចប្រកែកបាននៃដំណើរទៅមុខប្រកបដោយក្តីសង្ឃឹមនៃការអភិវឌ្ឍ ក៏ដូចជាគុណតម្លៃនៃកត្តាសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ៕ ហេង វណ្ណា




