ឯកឧត្តម សក់ សេដ្ឋាដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ និងឯកសារនានាពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ រៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” បានដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ និងឯកសារនានាដែលនៅសេសសល់ពាក់ព័ន្ធការងារសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ ។
ឯកឧត្តម សក់ សេដ្ឋា លើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះ គឺធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ ក៏ដូចជាឯកសារពាក់ព័ន្ធមួយចំនួនដែលរួមមាន៖ របៀវារៈ, ការបែងចែកក្រុមពិភាក្សាក្នុងសន្និបាត, ការរៀបចំប្រធានបទ និងការណែនាំសម្រាប់ការពិភាក្សា និងការរៀបចំទម្រង់គំរូរបាយការណ៍សង្ខេប ស្តីពីលទ្ឋផលពិភាក្សារបស់ក្រុមពិភាក្សានីមួយៗ ព្រមទាំងការងារដែលនៅសេសសល់មួយចំនួនទៀត។
ឯកឧត្តម ថាច់ វណ្ណៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាសមាជិកអនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការសង្ខេបស្តីពី កិច្ចការងារត្រៀមឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ ដោយឯកឧត្តមបានលើកឡើងថា អនុគណៈកម្មការ បានរៀបចំចង់ក្រងនូវឯកសារពាក់ព័ន្ធ និងទម្រង់គំរូរបាយការណ៍នានាបានចប់សព្វគ្រប់ ហើយជាមួយគ្នានេះក៏បានឯកភាពគ្នារួចរាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។ ជាងនេះទៀត ឯកឧត្តម បានបន្ថែមថា ទន្ទឹមនេះ អនុគណៈកម្មការ នឹងបន្តកែសម្រួលបំពេញបន្ថែមសម្រាប់មតិយោបល់ បន្ថែមទៀត ដេីម្បីធ្វេីយ៉ាងណាឱ្យការងាររៀបចំសន្និបាតនេះប្រព្រឹត្តទៅដោយគ្រប់ជ្រុងជ្រោយ។
ជាថ្មីម្តងទៀត ក្រោយពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធរួចមក ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តការងារក្នុងឆ្នាំបន្តនេះ គឺធ្វើឡើងក្នុងន័យដើម្បីបូកសរុបលទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រេចបានក្នុងរយៈពេលមួយឆ្នាំពេញ លើសពីនេះទៀត គឺដើម្បីដោះស្រាវនូវបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តការងារបន្តផងដែរ។
ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានបញ្ជាក់បន្ថែមថា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ឯកឧត្តម បានណែនាំដល់អង្គប្រជុំឱ្យយកចិត្តទុកដាក់ដោយលម្អិតល្អន់លើការងារបែងចែកក្រុមពីភាក្សាអង្គសន្និបាត និងប្រធានបទដែលត្រូវលើយកមកពិភាក្សា ជាពិសេសការងាររៀបចំរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃកិច្ចពិភាក្សានីមួយៗ ដោយត្រូវរៀបចំឱ្យបានល្អបំផុត ជាងនេះទៀត ត្រូវធ្វើនូវរបាយការណ៍ និងទិសដៅដែលបានពីកិច្ចពិភាក្សាជាក្រុមឱ្យស្របតាមផែនការ ដើម្បីធ្វើជាមូលដ្ឋានក្នុងការពង្រឹងនូវផែនការទិសដៅ។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពង់លើការងារប្រឡងប្រណាំងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដោយឯកឧត្តម បានសង្កត់ធ្ងន់ថា ការងារនេះត្រូវតែមានការយកចិត្តទុកដាក់ខ្លាំងបំផុត ដែលជាកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ធារណៈរបស់ជាតិ៕ដោយ-រ៉ាវុធ