ឯកឧត្តម ជា វ៉ាន់ដេត ៖ សន្តិភាពសំខាន់ណាស់ ទើបមានអ្វីៗទាំងអស់ បើគ្មានសន្តិភាពទេជីវិត្តយើងប្រៀបដូចសត្វ
ខេត្តតាកែវ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា សន្តិភាពសំខាន់ណាស់ ទើបមានអ្វីៗទាំងអស់ បើគ្មានសន្តិភាពនោះទេជីវិតរបស់យើងប្រៀបដូចជាសត្វ។
ឯកឧត្តម បានបន្ថែមថា យើងក្រលេកទៅមើលអតីតកាលរបស់យើង គឺប្រៀបដូចជាប្រទេសមួយចំនួននៅជិតយើង ដែលបាននិងកំពុងកាប់សំលាប់ជាតិសាសន៍ឯង រហូតមកទល់និងពេលនេះ មិនទាន់ឃើញមានសន្តិភាព ដែលសង្រ្គាមអូសបន្លាយជាយូរឆ្នាំមកហើយ ។ សង្រ្គាមគឺយើងបានឆ្លងកាត់អស់ហើយ ដែលយើងមិនដែលនឹកឃើញចង់វិលត្រឡប់ទៅអតីតកាលនោះទេ មានតែខិតខំកសាងប្រទេសយើង ឱ្យបានរីកចំរើន នៅក្នុងកំឡុងពេលដែលយើងទទួលបានសុខសន្តិភាពពេញលេញ។
ការថ្លែងបែបនេះ របស់ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ធ្វើឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូន កូនក្មួយ កម្មករ កម្មការិនី សរុបប្រមាណ ២៦៤៨នាក់ នៅក្នុងឃុំក្រាំងលាវ និងឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។
ឯកឧត្តម បន្ថែមថាការអភិវឌ្ឍន៍ប្រទេស គឺភ្ជាប់ជាមួយបងប្អូនកូនក្មួយទាំងអស់ គឺចូលរួមរក្សាសន្តិភាព និងនៅបន្តបំពេញការងារ ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ជាពិសេសគឺធ្វើការកំឈប់ ធ្វើការរហូតដល់ ២៥ ពោលគឺដល់អាយុចូលនិវត្តន៍ នោះយើងនិងទទួលបាននូវប្រាក់បៀរវត្សន៍ នៅពេលចាស់ទៅ ដែលទាំងអស់នេះគឺជាផលចំណេញពីការងារ។
ឯកឧត្តម ក៏បានជំរុញដល់បងប្អូនកូនក្មួយ ត្រូវចេះសន្សំថវិកាដែលបានមកពីបំពេញគារងារ ដើម្បីបង្កើនចំណេះ ជំនាញ ក៏ដូចជាបញ្ជូនកូនចៅឱ្យបន្តការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ និងប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិផងដែរ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម បានថ្លែងអំណរគុណដល់ប្អូន កូន ក្មួយ កម្មករ កម្មការិនី នៃអង្គពិធីដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបងប្អូន ក្មួយៗ បានទទួលផលប្រយោជន៍ដូចបច្ចុប្បន្ន និងបានទទួលផលប្រយោជន៍តទៅមុខទៀត ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត។
គួរបញ្ជាក់ថា ពិធីសំណេះសំណាល របស់ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ធ្វើឡើងចំនួន ២ទីតាំងផ្សេងៗគឺ កម្មវិធីទី១ ធ្វើឡើងនៅវត្តឈើទាលជ្រុំ ឃុំក្រាំងលាវ ដែលមានអ្នកចូលរួមប្រមាណចំនួន ១១៦៨នាក់ បន្ទាប់មកកម្មវិធីទី២ ប្រព្រឹត្តទៅនៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងក្រសាំង ដែលមានអ្នកចូលរួមប្រមាណ ១៤៨១នាក់ ផងដែរ៕ ដោយ ង៉ាន់ ទិត្យ