រដ្ឋមន្រ្តីអប់រំ ៖ គុណផលទទួលបានខេមរសហព័ន្ធកីឡាតេក្វាន់ដូជាការរួមចំណែក និងខិតខំយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣បានអញ្ជើញចូលរួមពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងបន្តទិសដៅអនុវត្តឆ្នាំ២០២៣របស់ខេមរសហព័ន្ធកីឡាតេក្វាន់ដូនៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា គុណផលទទួលបានពីខេមរសហព័ន្ធកីឡាតេក្វាន់ដូ គឺជាការរួមចំណែក និងខិតខំយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ (CAMSOC), សមាជិកក្លិបកីឡាតេក្វាន់ដូWT, ស្ថាប័ន/អង្គភាពរដ្ឋ និងឯកជន រួមទាំងអង្គការ អន្តរជាតិនានា ទើបអាចសម្រេចបាន ប្រកបដោយភាពជោគជ័យថែមមួយកម្រិតទៀត។
ឯកឧត្តម បានបន្តថា ទោះបីជាការងារអនុវត្តនៅមានការខ្វះចន្លោះ គណៈកម្មាធិការប្រតិបត្តិខេមរសហព័ន្ធតេក្វាន់ដូនឹងខិតខំប្រឹងប្រែងជានិច្ច ដើម្បីគោលដៅឆ្ពោះទៅកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ខាងមុខ និងសម្រាប់ឆ្នាំបន្តបន្ទាប់ ។
ឯកឧត្តម ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូបានបាននិយាយថា សម្រាប់ទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៣ត្រូវជំរុញឲ្យមានវគ្គបណ្តុះបណ្តាលភាសាបរទេស និងកុំព្យូទ័រ ២ដងក្នុងមួយឆ្នាំ ហើយជំរុញគ្រូបង្វឹក អាជ្ញាកណ្ដាលជាតិ ទៅហ្វឹកហាត់នៅក្រៅប្រទេស ៤ នាក់ក្នុងមួយឆ្នាំ ពង្រឹងអាជ្ញាកណ្តាលអន្តរជាតិក្នុងការចូលរួមវគ្គបំប៉នបន្ថែមនៅក្រៅប្រទេស ពង្រឹងការប្រឡងខ្សែក្រវ៉ាត់ខ្មៅដាន់KUKKIWON ឲ្យបាន ៤ដងក្នុងមួយឆ្នាំ ។
ឯកឧត្តម បានបន្ថែមទៀតថា ពង្រឹងការបណ្តុះបណ្តាលថ្នាល និងធ្វើការប្រកួតកុមារ ជារៀងរាល់ឆ្នាំ ហើយបង្កើនការងារប្រជុំ និងការយកចិត្តទុកដាក់ត្រួតពិនិត្យជាមួយបណ្តាក្លិបជាសមាជិក បង្កើន និងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ឲ្យមានតម្លាភាព និងសមស្រប ព្រមទាំងបង្កើនប្រព័ន្ធផ្សព្វផ្សាយផ្នែកបច្ចេកវិទ្យាឲ្យបានទូលំទូលាយ និងមានដំណើរការល្អ បង្កើនទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន និងអង្គការអន្តរជាតិនានា៕ ចាន់ វិចិត្រ