កូរ៉េខាងជើងព្រមានថា តំបន់ប៉ាស៊ីហ្វិកនឹងធ្លាក់ក្នុងភាពតានតឹងខ្លាំង គឺផ្អែកលើសកម្មភាពរបស់សហរដ្ឋអាមេរិក

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃចន្ទសប្តាហ៍នេះ បានព្រមានប្រឆាំងនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានអនុវត្តការបាញ់សាកល្បងមីស៊ីលចំនួនពីរក្នុងរយៈពេលពីរថ្ងៃមកនេះ។

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យ៉ូ ជុល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ចេញផ្សាយដោយសារព័ត៌មាន KCNA ថា ភាពញឹកញាប់នៃការប្រើប្រាស់តំបន់ប៉ាស៊ីហ្វិកជាទីតាំងបាញ់សាកល្បងមីស៊ីលរបស់យើង គឺអាស្រ័យលើចរិតលក្ខណៈសកម្មភាពរបស់កងកម្លាំងសហរដ្ឋអាមេរិក។

ការព្រមានរបស់លោកស្រី គីម យ៉ូ ជុល ខាងលើ បានកើតមានឡើងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ បានដឹកនាំការធ្វើសមយុទ្ធយោធាអាកាសរួមគ្នាតាមការគ្រោងទុក ដោយមានការចូលរួមពី យន្ដហោះទម្លាក់គ្រាប់បែក B-1B ដើម្បីជាការឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីល ICBM ពីសំណាក់ទីក្រុងព្យុងយ៉ាង។

កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ក៏បានថ្កោលទោសការធ្វើតេស្ដមីស៊ីលចុងក្រោយទាំងនេះរបស់កូរ៉េខាងជើងផងដែរ ដោយចាត់ទុកថា វាជាទង្វើបង្ករឿងដោយខុសច្បាប់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner