តួកគីរងការវាយប្រហារជាថ្មីពីគ្រោះរញ្ជួយដីកម្រិត៦.៣រុិចទ័រ
អង់ការ៉ា: តួកគីរងការវាយប្រហារជាថ្មីពីគ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័រដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់បីនាក់។ គ្រោះរញ្ជួយដីថ្មីនេះបានវាយប្រហារភាគខាត្បូងប្រទេសទួកគី ដោយ បណ្ដាលឱ្យមនុស្សបីនាក់បានស្លាប់និងជាច្រើននាក់រងរបួស។
យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រទេសទួកគី( AFAD ) បានអោយដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅត្រង់ចំណុចកណ្តាលនៃស្រុក Dfne ខេត្ត Hatay ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសស៊ីរី។
រដ្ឋមន្ត្រីមហាផ្ទៃទួកគី លោក Suleyman Soylu បានបន្ថែមទៀតថា តំបន់ទាំងអស់នេះបានជួបប្រទះការរញ្ជួយដីចំនួន ២៦ លើកមកហើយចាប់តាំងពីការរញ្ជួយដីពីមុនមក ។ លោកបញ្ជាក់ថា៖ «មនុស្សយ៉ាងហោចណាស់ បីនាក់បានបាត់បង់ជីវិត និង ២៩៤ នាក់ផ្សេងទៀតបានរងរបួសក្នុងការរញ្ជួយដីកាលពីថ្ងៃចន្ទ(ម៉ោងនៅតួកគី) ។ ក្នុងចំណោមអ្នករងរបួសទាំងអស់ មាន ១៨ នាក់ដែលកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅទីក្រុង Adana និង Dortyol» ។
ក្រុមអ្នកជួយសង្គ្រោះស្ម័គ្រចិត្ត White Helmet បាននិយាយថា ក្រុមខ្លួនបានជួយសង្គ្រោះប្រជាជនជាង ១៣០នាក់នៅភាគពាយព្យនៃប្រទេសស៊ីរី ក្រោយការដួលរលំអគារជាច្រើនដែលទំនង ជាធ្លាប់បានវាយប្រហារកាលពីការរញ្ជួយដីលើកមុន ។ White Helmets បានបន្តទៀតថា ពួកគេកំពុងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ពិនិត្យរកមើលជនរងគ្រោះតាមភូមិ និងទីប្រជុំជន និងប្រមូលកម្ទេចថ្មដើម្បីបើកផ្លូវអោយរថយន្តជួយសង្គ្រោះ។
តាមរបាយការណ៏ស្ទាបស្ទង់ភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក ( USGS ) បានអោយឃើញថា ការរញ្ជូយដីនេះដំបូងមានកម្រិត ៦.៤ រ៉ិចទ័រនៅជម្រៅក្រោមដីប្រវែង១០ គីឡូម៉ែត្រ ប៉ុន្តែកម្រិតរញ្ជួយបានធ្លាក់ចុះមកនៅត្រឹម ៦.៣ រ៉ិចទ័រវិញ។
អនុរដ្ឋប្រធានាធិបតីទួរគី Fuat Oktay បានអំពាវនាវដល់ប្រជាជនទាំងអស់អោយនៅឆ្ងាយពីអគារ និងជៀសវាងចូលទៅយករបស់របរខ្លួននៅអគារដែលកំពុងរងការខូចខាត ។
គួរបញ្ជាក់អោយដឹងផងដែរថា ការរញ្ជួយដីកាលពីថ្ថៃចន្ទនេះ បូករួមជាមួយការរញ្ជួយដីកាលពីពីរសប្តាហ៏មុនបាន សម្លាប់មនុស្សអស់ជាង ៤៦ ០០០ នាក់ ។កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នករស់រានមានជីវិត ត្រូវរារាំងដោយសារកត្តាអាកាសធាតុចុះត្រជាក់ទៀតផង៕
ដោយ: ឡេង អារីតា
ប្រភពព័ត៌មាន៖
Magnitude 6.3 aftershock strikes southern Turkey, killing 3 and injuring hundreds 2 weeks after massive quake killed thousands
Turkey quake: Magnitude 6.3 aftershock strikes, 2 weeks after huge quake killed thousands | CNN (https://edition.cnn.com/2023/02/20/middleeast/turkey-quake-aftershock-intl/index.html)