ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅខេត្តភាគឦសាន្ត

អត្ថបទដោយ៖
CPA

ភ្នំពេញ: ក្រសួងទេសចរណ៍ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅខេត្តភូមិភាគឦសាន្ត។ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោល ហូកា ដើម្បីជំរុញនិរន្តរភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចតាមបណ្តាខេត្តភូមិភាគឦសាន្ត ឈានពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ឡើងវិញបន្ទាប់ពីអ្នកធ្វើការក្នុងវិស័យនេះមួយចំនួនដែលបាត់បង់ការងារបណ្ដាលមកពីវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានលើកឡើងថា ការស្តារសម្បទាវិជ្ជាជីវៈទេសចរណ៍ជាការបង្កើតឱកាសការងារដល់យុវជនក្នុងបំណងប្រមូលអ្នកជំនាញដែលបានចាកចេញពីជំនាញវិជ្ជាជីវៈទេសចរណ៍អំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ឲ្យត្រឡប់មកចាប់ជំនាញវិជ្ជាជីវៈទេសចរណ៍ឡើងវិញ។ ឯកឧត្តមបន្តថាការបណ្ដុះបណ្ដាលនេះក៏ធ្វើឡើងដើម្បីពង្រឹងពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍សំដៅធានានូវគុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរ។
លោកបានបញ្ជាក់ថា៖« មន្ត្រីបង្គោលតាមខេត្តគោលដៅនឹងមានសមត្ថភាពផ្នែកបណ្តុះបណ្តាលបច្ចេកទេសផង និងការធ្វើតេស្តសមត្ថភាពផង សំដៅធានាឲ្យបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត»។
លោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact បានបង្ហាញជំហ៊រមុតមាំថា អង្គការ Swisscontact នឹងគាំទ្រគណៈកម្មការការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ឲ្យមានដំណើរការបានយ៉ាងរលូនប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសការចូលរួមចំណែកដល់វិស័យទេសចរណ៍កម្ពុជា។
លោកបានបញ្ជាក់ដូច្នេះថា៖« អង្គការ Swisscontact នឹងពង្រឹងគុណភាពភាពបន្ថែម តាមរយៈការពង្រឹង និងលើកកម្ពស់ជំនាញវិជ្ជាជិវៈទេសចរណ៍ ដូចដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងលើកឡើងថា ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក (Tourism Skills Is your Life)»។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោងហូកា បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នគណៈកម្មការគ្រប់គ្រងគម្រោងហូកាបានធ្វើការបណ្តុះបណ្តាលអ្នកជំនាញកម្រិតទាប យុវជនក្រីក្រ ប្រជាសហគមន៍ទេសចរណ៍/អេកូទេសចរណ៍ អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ បានចំនួនប្រមាណជាង ៣,០០០រូប ចាប់បីឆ្នាំ២០១៥ ដល់ ២០២២ ។លោកបញ្ជាក់ថា អាជ្ញាធររំពឹងថា អាជីវកម្មច្រើនជាង ៤០០ នឹងទទួលផលពីការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកានៅឆ្នាំ២០២៣នេះ។
លោកបានបន្តទៀតថា ៖«គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានខិតខំគៀងគរដៃគូរអភិវឌ្ឍន៍ និងអង្គការជាតិអន្តរជាតិ ដើម្បីជ្រោមជ្រែងការបណ្តុះបណ្តាលពង្រឹងសមត្ថភាព (Up-Skilling) ដល់អ្នកជំនាញទេសចរណ៍ក្នុងដំណាក់កាលគៀងគរមកវិញនូវអ្នកជំនាញដែលបានឈប់សម្រាកកន្លងមកដោយវិបត្តិជំងឺកូវីដ-១៩និងបានពង្រឹងសមត្ថភាពអ្នកជំនាញដែលកំពុងបម្រើការងារបច្ចុប្បន្នបានយ៉ាងល្អប្រសើរ ហើយកន្លងមកកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ត្រូវបានទទួលស្គាល់ជារបៀបវារៈនៃការបណ្តុះបណ្តាលថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់លើគុណភាព ប្រសិទ្ធភាព តម្លាភាព និងកិច្ចសហការដ៏ល្អ»។
លោក ធួន ស៊ីណាន ប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូ អិ ល ធី ឌី និង ជា ប្រធាន សមាគម ទេសចរណ៍ អាស៊ី ប៉ាស៊ីហ្វិក កម្ពុជា (PATACC) បានឱ្យដឹងថា មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងមានការខ្នះខ្នែងយ៉ាងខ្លាំងលើការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកវិជ្ជាជីវៈទេសចរណ៍។

លោកបានបញ្ជាក់ថា៖« ខេត្តនៅតំបន់ភូមិភាគឦសាននេះ នៅមានភាពខ្វះខាតច្រើនណាស់ លើផ្នែកធនធានមនុស្ស ដែលមានជំនាញបដិសណ្ឋារកិច្ចនេះ ។ម្យ៉ាងវិញទៀត ខេត្តនៅតំបន់នេះ មានភ្ញៀវច្រើនទៅតាមរដូវកាល និងមិនសូវមានភ្ញៀវជាបរទេស ឬភ្ញៀវលំដាប់ខ្ពស់ស្គាល់ច្រើនទេ ដែលអាចមកពីការតភ្ជាប់បណ្តាញទំនាក់ទំនងមិនទាន់បានទូលំទូលាយនៅឡើយ ជាពិសេសការរៀបចំ Bus Terminal »។

លោកបានបន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ គួរបន្ថែមការយកចិត្តទុកដាក់លើការរៀបចំទីតាំង Bus Terminal ដែលតភ្ជាប់ទៅកាន់ខេត្តទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរក្រៅស្រុកមកកំសាន្ត និងចង់ធ្វើដំណើរទៅកាន់ខេត្តទាំងនោះ ៕
ដោយ :វណ្ណ សុជាតា

ads banner