សហគមន៍កសិកម្មស្នើឱ្យធនាគារARDBកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការផ្ដល់ឥណទានដល់សហគមន៍កសិកម្ម
ភ្នំពេញ: សហគមន៍កសិកម្ម បានស្នើធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ជួយសម្រួលកាត់បន្ថយលើ លក្ខខណ្ឌមួយចំនួន ដែលធនាគារតម្រូវចង់បាននិងអត្រាការប្រាក់ ដើម្បីឱ្យសហគមន៍កសិកម្ម អាចទទួលបានកម្ចីដែលមានអត្រាការប្រាក់សមរម្យសម្រាប់តម្រូវការរបស់ប្រជាកសិករក្នុងសហគមន៍កសិកម្ម។
លោក ប៉ាត សាវឿន ប្រធានសហគមន៍ឃុំអូរសារាយ នៅខេត្តតាកែវ បានប្រាប់ឱ្យដឹងថា កន្លងទៅសហគមន៍ តែងតែទៅស្នើសុំកម្ចីពីធនាគារពាណិជ្ជដែលមានអត្រាការប្រាល់ខ្ពស់។លោកថាសហគមន៍របស់លោកមិនទាន់អាចទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បានព្រោះតែស្ថាប័នរដ្ឋនេះតម្រូវការឯកសារធានាច្រើននិងតម្រូវការទ្រព្យធានាដែលសហគមន៍មិនអាចបំពេញលក្ខខណ្ឌទាំងនេះបាននៅឡើយ។
លោកបានលើកឡើងជាសំណូមពរដូច្នេះថា៖« ខាងសហគមន៍ខ្ញុំសូមស្នើកម្ចី ដោយមិនបាច់ប្រើទ្រព្យបញ្ចាំ ប៉ុន្តែសហគមន៍ នឹងបំពេញលក្ខខណ្ឌមួយចំនួនជំនួសវិញ គឺផែនការផលិតច្បាស់លាស់ជាមួយសមាជិកសមាគមយើង, មានកុងត្រាច្បាស់ លាស់ ជាមួយរោងម៉ាស៊ីន ជាដើម។ ដូចនេះសុំឱ្យខាងធនាគារ ARDB យកចំណុចទាំងអស់នេះធ្វើជាគោល ដើម្បីឱ្យសហគមន៍អាចទទួលបានកម្ចីយកប្រើប្រាស់»។
លោកបានបន្ថែមថា បញ្ហាកង្វះទុនគឺជាបញ្ហាដ៏សំខាន់មួយសម្រាប់សហគមន៍ ជាពិសេសនៅពេលរដូវប្រមូលផលម្តងៗ ដោយសមាជិករបស់សមាគមត្រូវលុយបង្វិលភ្លាមៗទូទាត់ការចំណាយថ្លៃដើមរបស់គាត់។
ស្រដៀងគ្នានេះដែរ លោក ឌិន សាខន ប្រធានសហគមន៍កសិកម្មឃុំត្រពាំងឬស្សី បានឱ្យដឹងថា នៅរាល់ពេល ដល់រដូវប្រមូលផលស្រូវម្តងៗ សហគមន៍តែងជួបបញ្ហាកង្វះដើមទុនច្រើន ក្នុងការប្រមូលទិញស្រូវពីកសិករសមាជិក ដូចនេះ សហគមន៍ត្រូវការដើមទុនបន្ថែមក្នុងការប្រមូល ដោយសមាជិកមួយចំនួនរបស់សហគមន៍ជាអ្នកស្នើសុំកម្ចី ខណៈដែលសហគមន៍មិនអាចស្នើកម្ចីបានទេ។
លោកបានបញ្ជាក់បន្ថែមថា ការណ៍ដែលខ្ចីមិនបាននេះដោយសារតែគេបានលើកឡើង កន្លងទៅមានសហគមន៍កសិកម្មមួយចំនួនច្រើនមានបញ្ហា ទើបសហគមន៍កសិកម្មឃុំត្រពាំងឬស្សីពិបាកក្នុងការស្វែងរកទុនមកបង្វិល។ក្នុងមួយឆ្នាំៗ សហគមន៍ត្រូវការទុនប្រមាណ៥ម៉ឺនដុល្លារ ដើម្បីប្រមូលទិញស្រូវពីកសិករ។
លោកបានបញ្ជាក់ទៀតថា៖«ខាងសហគមន៍ខ្ញុំនេះ ពិបាករកទុនខ្លាំងណាស់ ដោយគណៈកម្មាការសហគមន៍របស់យើងបាន យកប្លង់ដី ដើម្បីតម្កល់នៅធនាគារ ARDBខ្លះ និងខ្ចីពីសមាជិកផ្សេងៗទៀតដែលមានធនធាន យកមកប្រើប្រាស់ក្នុងសហគមន៍នៅពេលរដូវប្រមូលផលម្តងៗ។ចំណែកការប្រាក់ដែលសមាជិកយើងខ្ចីវិញថ្លៃដែរគឺ៨ភាគរយបើធៀបនឹងផ្តល់កម្ចីទៅរោងម៉ាស៊ីនកិនស្រូវ ដែលមានត្រឹម៦ភាគរយ។យើងចង់បានអត្រាការប្រាក់ដូចរោងម៉ាស៊ីនកិនស្រូវដែរ ដើម្បីសហគមន៍មានលទ្ធ ភាពគ្រប់គ្រាន់ក្នុងប្រមូលទិញស្រូវពីកសិករយើង»។
បើតាមលោក សាខន សហគមន៍កសិកម្មឃុំត្រពាំងឬស្សី មានសមាជិកសហគមន៍៤០គ្រួសារប្រកបរបរផលិតស្រូវពូជផ្ការំដួល មានផ្ទៃដី ៥០ហិចតាដោយផលិតបានស្រូវពូជផ្ការំដួល ១៧០ តោនស្រូវពូជក្នុងមួយឆ្នាំ និងទីផ្សារផ្គត់ផ្គង់ដល់កសិករនៅក្នុងខេត្តកំពង់ធំ។
ឆ្លើយតបនឹងបញ្ហាទាំងអស់នេះប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)លោក កៅ ថាច មានប្រសាសន៍ថា ធនាគារ ARDB ត្រៀមកញ្ចប់ឥណទាន សម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់របរផលិតពូជស្រូវឬជាទុនបង្វិលសម្រាប់ប្រមូលទិញពូជស្រូវ។ លោកបញ្ជាក់ថាក្នុងករណីសហគមន៍កសិករមានចំណាប់អារម្មណ៍អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានដោយស្ថាប័នរដ្ឋមួយនេះមិនមានលក្ខខ័ណ្ឌអ្វីធ្ងន់ធ្ងររហូតក្លាយជាឧបសគ្គរារាំងសហគមន៍កសិករមិនឱ្យទទួលបានកម្ចីនោះឡើយ។
លោក កៅ ថាច មានប្រសាសន៍ថា៖«កន្លងមកលក្ខខណ្ឌរបស់ARDBមិនមានភាពស៊ាំញាំអ្វីនោះទេ។ពេលដែលខ្ញុំចុះមកដល់សហគមន៍ ដោយផ្ទាល់នេះ ឃើញថាមានការលើកឡើងបែបនេះដែរពីកសិករ ប៉ុន្តែអ្វីដែលពួកគាត់បានលើកឡើងនោះ ភាគច្រើនមិនមែន ជាប្រភពទុនរបស់ ARDB នោះទេ ។វាមានគម្រោងច្រើនរបស់ដៃគូអភិវឌ្ឍន៍អន្តរជាតិផ្សេងៗដូចជា គម្រោងរបស់ ADB គម្រោងរបស់world bank ដោយគម្រោងខ្លះ ត្រូវបានរើសអ្នកសុំខ្ចី ជាពិសេសសហគមន៍កសិកម្ម ដោយមន្ទីរមួយចំ នួន ដូចជា មន្ទីរកសិកម្ម ឬមន្ទីពាណិជ្ជកម្មជាដើម។ដូចនេះហើយ ពេលទៅពន្យល់ វាអាចប្រាសចាកខ្លះពីគោលការណ៍ដើមរបស់ ARDB។សម្រាប់ប្រភពទុន នៅពេលមន្រ្តីរបស់ ARDB ចុះទៅជួបពួកគាត់ផ្ទាល់ គឺមិនមានការលំបាកអ្វីនោះទេ គឺយើងធ្វើដោយរលូន និងលឿនរហ័សថែមទៀត»។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅអំឡុងពេលចុះទៅពិនិត្យទីតាំងប្រកបអាជីវកម្មមួយចំនួនរបស់សហគមន៍កសិកម្មឃុំត្រពាំងឬស្សី ស្ថិតនៅភូមិគោគនួង ឃុំត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានប្រាប់ឱ្យដឹងថា ដំណើរចុះទៅកាន់សហគមន៍នានារបស់លោកនាពេលនោះ ក៏ដើម្បីសិក្សាស្វែងយល់ឱ្យបានច្បាស់ពីដែលកសិករតែងលើកឡើង ចំពោះការលំបាកក្នុងទទួលបានឥណទានពីARDBនិងដើម្បីលើកទឹកចិត្តឱ្យកសិករព្យាយាមធ្វើកសិកម្មបែបទំនើបដើម្បីតម្រូវការទីផ្សារដែលនេះជាគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕
ដោយ:វណ្ណ សុជាតា