កិច្ចពិភាក្សាស្តីពី «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០»

ភ្នំពេញ៖ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៣ខាងមុខនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សា ស្តីពី «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០» ដោយមានសម្របសម្រួលកម្មវិធីដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានការបកស្រាយពីវាគ្មិនចំនួន ៤នាក់ រួមមាន លោកជំទាវ មុំ ចន្ទី នាយិការង នាយកដ្ឋានសុខភាព, លោកជំទាវ គឹម រ័ត្ននា នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងស្ត្រីជាម្តាយ២រូប លោកជំទាវ ស៊ា សំភា និងលោកជំទាវ គៀត សូហ្វីយ៉ា។

កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សិល្បៈការរិនី គរុសិស្ស សរុបចំនួន ១០៥នាក់។

មុននឹងឈានដល់ដំណើរការនៃកិច្ចពិភាក្សាខាងលើនេះ អ្នកសម្រមសម្រួល និងវាគ្មិនទាំង ៤នាក់ ព្រមទាំងអ្នកចូលរួមទាំងអស់ បានត្រងត្រាប់ស្តាប់នូវខ្លឹមសារគន្លឹះសំខាន់ៗនៅក្នុងមតិបើកកម្មវិធីរបស់ លោកជំទាវអគ្គលេខាធិការ ដែលបានគូសបញ្ជាក់ថា “ប្រធានបទនៃកិច្ចពិភាក្សានេះ គឺ ស្របទៅនឹងប្រធានបទរបស់ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៣ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចេញសារលិខិតផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងនាមជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ហើយដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជម្រាបជូនពីស្ថានភាពសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា នៅក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ-១៩ រួមជាមួយនឹងអ្វីដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាលភាពស្រ្តី និងកុមារ ឈានឆ្ពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០”។

លោកជំទាវអគ្គលេខាធិការ បានបញ្ជាក់ផងដែរថា “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វេទិការនៃកិច្ចពិភាក្សានេះ នឹងដំណើរការដោយរលូននឹងផលិត ចេញនូវផ្លែផ្កា ខ្លឹមសារសម្រាប់អប់រំផ្សព្វផ្សាយ យ៉ាងទូលំទូលាយជាប្រយោជន៍ដើម្បី ឱ្យបងប្អូន ប្រជាពលរដ្ឋយើង ជាពិសេស យុវវ័យ ស្រ្តីកំពុងពរពោះ ស្រ្តីមានកូនតូច និងលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពរបស់ខ្លួនក៏ដូចជាការបង្កើតបាននូវកូនជាទីស្រឡាញ់ របស់ខ្លួន ប្រកបដោយសុខភាពល្អ សតិបញ្ញាវាងវៃ។”

សូមបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនផ្សេងទៀត នឹងធ្វើការចាក់ផ្សាយកម្មវិធីខ្លឹមសារទាំងស្រុង នៅថ្ងៃទី ២១-២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner