រដ្ឋមន្រ្តីកិច្ចការនារី ៖ ចំនួនស្ត្រីកាន់តែច្រើនឡើងក្លាយជាម្ចាស់ក្រុមហ៊ុន និងម្ចាស់សហគ្រាសនៅកម្ពុជា
ភ្នំពេញ ៖ ចំនួនស្ត្រីកាន់តែច្រើនឡើងក្លាយជាម្ចាស់ក្រុមហ៊ុន និងម្ចាស់សហគ្រាសនៅ កម្ពុជា។ នេះបើតាមការបញ្ជាក់ របស់ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងកិច្ចនារី បានបញ្ជាក់ពីតួនាដ៏សំខាន់របស់ស្ត្រីក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។ អ្នកស្រីបន្ថែមថា នៅឆ្នាំ២០២២ ចំនួនស្ត្រីធ្វើជាម្ចាស់ ក្រុមហ៊ុន បានកើនឡើងជាង ២០% ចំណែកឯចំនួន ស្ត្រីជាម្ចាស់សហគ្រាសក៏បានកើន ជាង ៣០%។
លោកជំទាវ អ៊ឹង កន្ថាផាវី បានឱ្យដឹងថា ក្នុងកិច្ចការជ្រោមជ្រែងស្ត្រីខ្មែរ ត្រូវទទួលបានការកោតសរសើរពី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ «លទ្ធផលដែលសម្រេចជាច្រើនទៀតនៅលើវិស័យផ្សេងៗ ជាពិសេសការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីក្រសួងកិច្ចការនារី និងគ្រប់ភាគីពាក់ព័ន្ធ»។
លោកជំទាវ បញ្ជាក់ថា នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២ នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ «ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម ដែលមានកម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ % ហើយក្នុងនោះស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់»។
លោកជំទាវ បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា នូវការគាំទ្រទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
កាលពីខែមករាកន្លងទៅ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកស្រី កែវ មុំ ធ្លាប់បានលើកឡើងថា ការប្រកបមុខរបររកស៊ីទទួលទាន របស់សហគ្រិនជាស្រ្តី នៅក្នុងឆ្នាំ២០២២កន្លងទៅ គឺនៅមានកម្រិតនៅឡើយ នៅក្នុងការផលិត និងការលក់ផលិតផលរបស់ខ្លួន នៅតាមទីផ្សារ បន្ទាប់ពីវិបត្តិកូវីដ-១៩ បានកើតឡើង។
លោកស្រីប្រធានសមាគម ក៏បានរំពឹងខ្ពស់ថា នៅឆ្នាំ២០២៣ នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុង នឹងមានការងើបឡើងកាន់តែល្អប្រសើរ។ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជារូបនេះ ក៏បានអំពាវនាវ ឲ្យសហគ្រិនទាំងអស់ ជាពិសេសសហគ្រិនស្ត្រីកម្ពុជា ពង្រឹងសមត្ថភាព និងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងឆ្នាំថ្មីនេះ ខណៈកម្ពុជា ជាប្រទេសមានសក្តានុពល ដែលវិនិយោគិននៅតាមបណ្តាប្រទេសជាច្រើន កំពុងសំលឹងមើល ក្នុងការវិនិយោគ
ទន្ទឹមនឹងនេះដែរ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុនសែន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ ខណៈសម្តេចបានចាត់ទុកថា បច្ចុប្បន្ន ស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។ សម្តេច បានបំផុសគំនិតដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវពង្រីកសក្តានុពលរបស់ខ្លួន និងចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗបន្ថែមទៀត៕
អត្ថបទ៖ សែម ពិសី