ឯកឧត្តម ស៊ុន ចានថុល ស្នើថៃពិនិត្យលទ្ធភាពជួយបណ្តុះបណ្តាលជំនាញវិស្វកម្មនៅកម្ពុជា
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ភាគីថៃ ជួយលើការបណ្តុះបណ្តាលធនធានមនុស្ស ចែករំលែកចំណេះដឹងបន្ថែមដល់វិស្វករកម្ពុជា ឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម។ សំណើរនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកោតសសើរ ចំពោះរាជរដ្ឋាភិបាលថៃ ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសការផ្តល់ជំនួយលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធខេត្ត ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែន ដូចជាផ្លូវជាតិលេខ៤៨ លេខ៦៧ និងលេខ៦៨ ជាដើម ដែលរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរាជទូតថៃ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើឱ្យរាជរដ្ឋាភិបាលថៃ ជួយពិនិត្យលទ្ធភាពក្នុងការចាត់តាំងសាស្ត្រាចារ្យ ឬអ្នកជំនាញការ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងដើម្បីពង្រឹងពង្រីកចំណងមិត្តភាពការទូត និងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រវាងប្រទេសទាំងពីរ ស្របពេលទំនាក់ទំនងការទូតផ្លូវការរវាង កម្ពុជា និងថៃ គិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល ៧២ឆ្នាំហើយ។
តាមរយៈបេសកកម្មការទូតក្នុងអាណត្តិនេះ ឯកឧត្តម ប្តេជ្ញា នឹងខិតខំអនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត ។
គួរបញ្ជាក់ដែរថា បើតាមការសិក្សារបស់អង្កការជប៉ុន JICA ដែលធ្វើការនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវការកម្លាំងវិស្វករជំនាញប្រមាណ ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន ។
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ធ្លាប់បានអះអាងថា ពី មួយឆ្នាំ ទៅ មួយឆ្នាំ ចំនួនសិស្ស និស្សិត មានការកើនឡើង នៅតាមបណ្តាសាលាបណ្ដុះបណ្ដាលទាំង វិស័យ រដ្ឋ និង ឯកជនលើជំនាញវិស្វកម្ម ។ ប៉ុន្តែ ក្រសួងថា ទោះជាយុវជន ចាប់អារម្មណ៍ច្រើនលើផ្នែកនេះ ក៏កម្ពុជាត្រូវការនូវកម្លាំងពលកម្មដែលមានជំនាញ វិស្វកម្ម និងវិជ្ជាជីវៈបច្ចេកទេស រួមទាំងជំនាញការជាច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនិងទីផ្សារការងារ ក្នុងវិស័យ សាធារណការ និងដឹកជញ្ជូនបច្ចុប្បន្ន ៕
អត្ថបទ៖ សែម ពិសី