កម្ពុជាអនុញ្ញាតឱ្យពលរដ្ឋរកមើលព័ត៌មានស្ដីពីការ ចាក់វ៉ាក់ស៊ាំងកូវីដ-១៩របស់ពួកគេតាម APP មួយរបស់ធនាគារជាតិ (បាគង)

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖ កម្ពុជាអនុញ្ញាតឱ្យពលរដ្ឋរកមើលព័ត៌មានស្ដីពីការ ចាក់វ៉ាក់ស៊ាំងកូវីដ-១៩ របស់ពួកគេ តាម APP របស់ធនាគារជាតិឈ្មោះបាគង។ក្រសួងសុខាភិបាល និងធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់តំណភ្ជាប់ សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩របស់សាមីបុគ្គល តាមរយៈប្រព័ន្ធបាគង ដើម្បីទទួលបានភាពច្បាស់លាស់ពីការចាក់វ៉ាក់ស៊ាំង និងព្រមទាំងជាការលើកកម្ពស់ប្រព័ន្ធមួយ ដែលអភិវឌ្ឍដោយស្នាដៃកូនខ្មែរផងដែរ។

ការប្រកាសដាក់ឲ្យប្រើប្រាស់តំណភ្ជាប់ សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង ត្រូវបានធ្វើឡើងនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំឲ្យមានជាតំណភ្ជាប់ តាមរយៈប្រព័ន្ធបាគង និងប្រព័ន្ធចាក់វ៉ាក់ស៊ាំងកូវីដ-១៩។

លោកជំទាវ លើកឡើងថា ការប្រើប្រាស់ប្រព័ន្ធនេះ គឺវាជាការជំរុញឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងការប្រើប្រាស់ប្រព័ន្ធបាគង ដែលជាស្នាដៃកូនខ្មែរ ។ លោកជំទាវ បន្តថា ប្រជាពលរដ្ឋខ្មែរ កាន់តែស្រួលក្នុងការចូលមើលព័ត៌មានចាក់វ៉ាក់ស៊ាំងកូវីដ-១៩របស់ខ្លួនឯង ប្រសិនបើបុគ្គល ឬ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងនោះបានប្រើប្រាស់ប្រព័ន្ធបាគង និងចង់ដឹងពីព័ត៌មានចាក់វ៉ាក់ស៊ាំង ដោយមិនចាំបាច់ចូលមើលប្រព័ន្ធចាក់វ៉ាក់ស៊ាំងផ្សេងទៀតនោះទេ។

លោកជំទាវ បន្ថែមថា៖« ការសម្រួលធ្វើប្រព័ន្ធនេះ វាក៏ជាការរួមចំណែកជួយដល់ប្រជាពលរដ្ឋខ្មែរ និងអតិថិជន ដែលពួកគាត់អាចទទួលបាននូវព័ត៌មានត្រឹមត្រូវ ក៏ដូចជាពួកគាត់អាចដឹងបានពីស្ថានភាពនៃការចាក់រ៉ាក់ស៊ាំងកូវីដ-១៩របស់ខ្លួនពួកគាត់ និងអាចដឹងបានថា ខ្លួនរបស់ពួកគាត់កំពុងចាក់វ៉ាក់ស៊ាំងកូវីដ-១៩ បានដល់ដូសទីប៉ុន្មាន ហើយដូសដែលពួកគាត់ចាក់ បានចាប់ផ្ដើមពីថ្ងៃណាជាដើម»។

លោកជំទាវ ឱ វណ្ណឌីន បន្ថែមថា៖ «ដូច្នេះនៅពេលដែលពួកគាត់ឃើញ ពួកគាត់អាចគិតបានហើយថា ឥលូវដល់វេនដែលត្រូវចាក់ដូសបន្ទាប់ ឫក៏មិនទាន់ដល់វេននោះទេ។ អ៊ីចឹងអាហ្នឹងវាជាជំនួយមួយ ដើម្បីសម្រួលឲ្យពួកគាត់បានដឹងពីពេលវេលា នៃតម្រូវការនៃចាក់ដូសជាបន្តបន្ទាប់ ដែលជាអ្វីយើងតែងតែណែនាំ តែងតែប្រកាសជូនឲ្យពួកគាត់នៅតែបន្តចាក់ដូសជំរុញជាបន្តបន្ទាប់នេះ»។

អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា គឺលោកជំទាវ ជា សិរី បានថ្លែងថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះ មានអត្តសញ្ញាណពេញលេញ អាចស្វែងរកព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស ទោះបីពុំបានយកប័ណ្ណចាក់វ៉ាក់សាំងដាក់តាមខ្លួនក៏ដោយ។ លោកជំទាវ បានបន្ដថា ធនាគារជាតិនៃកម្ពុជា សូមលើកទឹកចិត្តដល់អ្នកប្រើប្រាស់ប្រព័ន្ធបាគង ទៅចុះឈ្មោះបំពេញអត្តសញ្ញាណ ឲ្យបានពេញលេញជាមុន។
លោកជំទាវ ជា សិរី ថា៖ «ធនាគារជាតិនៃកម្ពុជា សង្ឃឹមថា ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នឹងក្លាយជាសមិទ្ធិផលដ៏សំខាន់មួយទៀត រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសុខាភិបាល ហើយស្ថាប័ននឹងបន្ដកិច្ចសហប្រតិបត្តិល្អបន្ថែមទៀត ដើម្បីធ្វើឲ្យការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល កាន់តែប្រសើរឡើង ក៏ដូចជាជំរុញការប្រើប្រាស់ប្រព័ន្ធកត់ត្រា ការចាក់វ៉ាក់សាំងកូវីដ១៩ កាន់តែមានប្រសិទ្ធិភាព»។

សូមបញ្ជាក់ថា បាគង ជាប្រព័ន្ធដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ហើយក៏ជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ មានអតិថិជនជាង ៥០ម៉ឺននាក់ បានប្រើប្រាស់ប្រតិបត្តិការក្នុងប្រព័ន្ធបាគងគិតជាទឹកប្រាក់ចំនួ ១.២ប៊ីលានដុល្លារ ៕ ជា សុខនី

ads banner