អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បង្ហាញខ្លួននៅតុលាការ
អ៊ីស្លាម៉ាបាដ៖ អតីតនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) បានបង្ហាញខ្លួន នៅក្នុងតុលាការ ក្រុងឡាហ័រ។
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) បានបង្ហាញខ្លួននៅចំពោះមុខតុលាការ ឡាហ័រ (Lahore) ប្រទេសប៉ាគីស្ថាន ក្នុងសំណុំរឿងមួយ ដែលពាក់ព័ន្ធនឹងការតវ៉ា នៅខាងក្រៅបរិវេណរបស់គណៈកម្មការបោះឆ្នោត។
លោក ខាន់ និងមេដឹកនាំគណបក្ស PTI ផ្សេងទៀតត្រូវបានជាប់ នៅក្នុងសំណុំរឿងតុលាការមួយចំនួន ដែលជាឧបសគ្គទូទៅ ប្រឈមមុខនឹងក្រុមប្រឆាំង ដែលត្រូវអ្នកឃ្លាំមើលសិទ្ធិនិយាយថា ត្រូវបានរៀបចំដើម្បីបិទពួកគេ ចេញពីតំណែង។
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានតុលាការ ភាគខាងកើតប្រទេសប៉ាគីស្ថាន បានផ្តល់ការធានាឱ្យនៅក្រៅឃុំ ដោយផ្តល់ឱ្យលោក នូវការសម្រាក ពីការចាប់ខ្លួនរយៈពេលពីរសប្តាហ៍ នៅក្នុងករណីដែលពាក់ព័ន្ធនឹងការចោទប្រកាន់ ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ប្រទេស។
លោក ខាន់ មានរឿងក្តីមួយចំនួនដាក់បន្ទុកលើរូបលោក ចាប់តាំងពីការបោះឆ្នោតសភា បានទម្លាក់លោក ចេញពីអំណាច កាលពីឆ្នាំមុន។ សំណុំរឿងទាំងនោះមានចាប់ពីការប្រមូលមូលនិធិខុសច្បាប់សម្រាប់គណបក្សនយោបាយរបស់គាត់ រហូតដល់ការញុះញង់ឱ្យមានអំពើហិង្សា លើមន្ត្រីរដ្ឋ។ សាក្សីបាននិយាយថា Khan បានបង្ហាញខ្លួននៅមុខតុលាការជាន់ខ្ពស់ កាលពីល្ងាចថ្ងៃចន្ទ សប្តាហ៍នេះ រួមជាមួយអ្នកគាំទ្ររាប់រយនាក់។
ករណីនេះគឺទាក់ទងនឹងការចោទប្រកាន់ពីអំពើហិង្សាដោយអ្នកគាំទ្រលោកក្នុងអំឡុងពេលការតវ៉ាកាលពីឆ្នាំមុន ដែលលោក ខាន់ ត្រូវបានចោទប្រកាន់ពីបទញុះញង់។ នៅមុនថ្ងៃច័ន្ទ មេធាវីរបស់លោកខាន់ បានជំរុញឱ្យមានអភ័យឯកសិទ្ធិ ពីការបង្ហាញខ្លួនដោយផ្ទាល់ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុខភាព និងសុវត្ថិភាព ប៉ុន្តែ តុលាការបានច្រានចោលសំណើទាំងនេះ។
លោកខាន់ បានរងរបួសនៅក្នុងការបាញ់ប្រហារមួយនៅឯការប្រមូលផ្តុំតវ៉ារបស់លោក កាលពីឆ្នាំមុន ដោយពេលនោះ អ្នកគាំទ្រលោក ខាន់ បានគំរាមធ្វើបាតុកម្មទូទាំងប្រទេស ប្រសិនបើគាត់ត្រូវបានចាប់ខ្លួន៕ ប្រភពពីAFP ប្រែសម្រួលដោយ៖ សារ៉ាត