អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវដល់ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬសល់៩០ថ្ងៃផុតសុពលភាព ប្រញាប់ទៅស្នើសុំប្តូរយកថ្មី, មានពលរដ្ឋជាង ១លាននាក់មិនទាន់ទៅប្តូរថ្មី
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីអំពាវនាវដលបងប្អូនប្រជាពលរដ្ឋ ដែលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬសល់៩០ថ្ងៃផុតសុពលភាព សូមប្រញាប់ទៅស្នើសុំប្តូរយកថ្មី។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល ១០ឆ្នាំ គិតចាប់ពីថ្ងៃផ្តល់, ដូច្នេះអត្តសញ្ញាណប័ណ្ណដែលបានផ្តល់ ជូនតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗ ចាប់ពីខែមិថុនា ឆ្នាំ២០២២ នេះតទៅ។ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១ ៧២៧ ០៩៤នាក់ ត្រូវអស់សុពលភាព។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ ៦៩៤ ១៤២នាក់ បានទៅបំពេញបែបបទ ស្នើសុំប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីរួចហើយ។
សេចក្តីអំពាវនាវបានលើកឡើងថា «ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសម្រាប់កាន់ទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ អស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម៩០ថ្ងៃ សូមអញ្ជើញមកបំពេញបែបបទសុំប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា)»។
ការសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិថ្មី នៅតាមបណ្តាទីតាំងណាមួយដូចខាងក្រោម៖
១៖ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន
២៖ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)
៣៖ ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអីអនម៉ល២ (Aeon Mall II) សែនសុខ។
អ្នកស្នើសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី សូមភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម៩០ថ្ងៃ (និងឯកសារសំអាងផ្សេងៗ ក្នុងករណីមានការកែតម្រូវទិន្នន័យ)។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលពុំតម្រូវឱ្យមានការបង់ប្រាក់អ្វីឡើយ ក្នុងការស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា)។ បើមានចម្ងល់ ឬសំណួរផ្សេងៗ សូមទាក់ទងទៅកាន់លេខ៖ ១២៧១ / ០១៧ ៨៩៨ ៩១៥ ៕ ដោយ-រ៉ាវុធ