តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ៖ កម្ពុជា គាំពារសារព័ត៌មាន ដែលប្រកបដោយ វិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត
អត្ថបទដោយ៖
សួង ពិសិដ្ឋ
ទីក្រុងហ្សឺណែវ៖ ឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសម្ដែងការសោកស្ដាយ ដែលអ្នករាយការណ៍ពិសេស បីរូប បានធ្វើសេចក្ដីអត្ថាធិប្បាយដោយលម្អៀង និងមានការរើសអើង ពាក់ព័ន្ធស្ថានីយវិទ្យុដែលទទួល មូលនិធិពីបរទេស។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា មានភាពចាំបាច់ ត្រូវលើកឡើងនូវការពិតដូចខាងក្រោម៖
- ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលគ្រប់ប្រទេសទាំងអស់តែងតែថ្កោលទោស។ អង្គភាពសារព័ត៌មានមួយនេះបានចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃកិច្ចការផ្ទៃក្នុងរបស់កម្ពុជាស្តីពីការផ្ដល់ជំនួយមនុស្សធម៌។
- ការលើកឡើងដោយលំអៀងរបស់អ្នករាយការណ៍ពិសេសនេះ បានមើលរំលងការពិតមិនអាចប្រកែកបាន ដែលមណ្ឌលផ្សព្វផ្សាយនោះបានរំលោភបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស ដោយអនុលោមតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន។ មាត្រា ១០ (ខ) នៃច្បាប់នេះ ចែងថា “ក្នុងករណីបុគ្គលសារធារណៈ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬយកមកចុះផ្សាយបន្តខុសពីការពិតដោយចេតនាអាក្រក់ប្រឆាំងនឹងបុគ្គលសាធារណៈនោះ គឺជាការប្រមាថ និងត្រូវបានហាមឃាត់”។
- ការចោទប្រកាន់ដែលថា វិធានការនេះ និងលែងឱ្យមានប្រព័ន្ធផ្សព្វផ្សាយសេរី ប្រតិបត្តិការនៅក្នុងប្រទេស គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈនយោបាយខ្ពស់។ សេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបន្តរស់រវើក និងប្រកប ដោយថាមវ័ន្ត។ ប្រជាជនទូទៅ កំពុងទទួលបានសិទ្ធិអំណាច ក្នងការទទួលបានសេវាអ៊ីនធឺណិត ចល័តដោយគ្មានការរំខាន ក្នុងតម្លៃចំណាយទាបបំផុតក្នុងតំបន់។ សំឡេងរបស់ពួកគាត់ត្រូវបាន ពង្រីកបន្ថែមដោយវត្តមានដ៏រឹងមាំនៃប្រព័ន្ធផ្សព្វផ្សាយទាំងឌីជីថល និងប្រពៃណីជិត២០០០ អង្គភាព រួមទាំងសារព័ត៌មានដែលធ្វើការទិតៀន ដែលសុទ្ធតែទទួលបាននូវការធានា ការសម្ងាត់នៃប្រភព និងដោយគ្មានការពិនិតផ្ទៀងផ្ទាត់ជាមុន។
- ការអះអាងថា ជាសារព័ត៌មាន“ឯករាជ្យ” មិនមែនជាអាជ្ញាប័ណ្ណ ដើម្បីបំពានច្បាប់ដោយនិទណ្ឌភាព ឬដើម្បីគេចវេសពីការទទួលខុសត្រូវ និងគណនេយ្យភាពឡើយ។ ចំណាត់ការ ស្របច្បាប់ចំពោះវិទ្យុ មិនគោរពវិជ្ជាជីវៈនេះ មិនធ្វើឱ្យចុះខ្សោយសេរីភាពសារព័ត៌មានដ៏រស់រវើក នៅកម្ពុជាទេ តែផ្ទុយទៅវិញ គឺជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈ សារព័ត៌មាន។
- កម្ពុជា គាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិ របស់អ្នកដទៃ និង មិនបំភ្លៃការពិត ហើយកម្ពុជា ប្ដេជ្ញារៀបចំការបោះឆ្នោតជាតិខាងមុខនេះឱ្យប្រព្រឹត្តិទៅដោយ សេរី យុត្តិធម៌ និងត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវឆន្ទៈរបស់ប្រជាពលរដ្ឋ៕ ដោយ សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស