ក្រសួងការងារបង្ហាញពីភាពជោគជ័យ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣

ភ្នំពេញ៖ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញ ពីមោទនៈភាពក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ២០១៩-២០២៣ រយៈពេល ១ឆ្នាំនេះ ប្រកបដោយជោគជ័យ។

ជោគជ័យទាំងនេះ បានបង្ហាញតាមរយ:ការធានាបាននូវការអភិវឌ្ឍទីផ្សារការងារដែលមានភាពធន់ និងមានប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាពលរដ្ឋ, មានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទីផ្សារការងារ។
ការធ្វើបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ រួមមាន ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព និងការអនុម័តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីបង្កសេរីភាពអង្គការវិជ្ជាជីវ:កាន់តែប្រសើរ កាត់បន្ថយវិវាទការងារ, មានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោះស្រាយទាន់ពេលវេលាករណីរោងចក្រក្ស័យធន ឬបិទទ្វារដោយថៅកែរត់ចោល។

ទន្ទឹមនឹងនេះ ការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយបានពង្រីកវិសាលភាពលើរបបសន្តិសុខសង្គមដែលមានស្រាប់ ដើម្បីបង្កើនការគាំពារដល់ប្រជាជនគ្រប់រូប ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, ការសិក្សាលើលទ្ធភាពបង្កើតរបបសន្តិសុខសង្គមថ្មីៗ, និងការធ្វើបរិវត្តកម្មបច្ចេកវិទ្យាឌីជីថលក្នុងការ ផ្តល់សេវាកាន់តែប្រសើរ។ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលបម្រើការនៅក្នុងវិស័យឯកជន គឺជាសមិទ្ធផលដ៏ធំធេងមួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលនាំឱ្យប្រព័ន្ធគាំពារសង្គមមានលក្ខណៈពេញលេញសម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិតគ្រប់ៗរូប។

ក្រសួងក៏បានរួមសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងដៃគូសង្គម អនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍ទាំង ១០ចំណុច របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៧៧លើក ដែលមានចំនួនប្រមាណជិត ១លាននាក់ កន្លងទៅ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីការខិតខំអនុវត្តបានយ៉ាងល្អតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍមូលធន មនុស្សដែលជាធនធាន ជន្ទល់គាំទ្រឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយ ១-ជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យ និងកម្រិតជីវភាពកាន់តែប្រសើរឡើង ២-លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ៣-បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និង ៤-ធានាថា “ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner