ស៊ុយអែត ហ្វាំងឡង់ និងន័រវែស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

ស្តុកខុល៖ មេដឹកនាំប្រទេសស៊ុយអែត ហ្វាំងឡង់ និងន័រវែស នៅថ្ងៃពុធសប្តាហ៍នេះ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងការប្រឈមមុខនឹងបញ្ហាសន្តិសុខរួម។

ប្រធានាធិបតីហ្វាំងឡង់ សូលី នីអ៊ីនីស្តូ នាយករដ្ឋមន្ត្រីស៊ុយអែត លោក អូលហ្វ គ្រីស្ទឺសុន និងនាយករដ្ឋមន្ត្រីន័រវេស លោក ចូណាស់ ហ្គាស្ត័រ បានជួបប្រជុំគ្នានៅក្នុងថ្ងៃពុធសប្តាហ៍នេះ នៅទីក្រុងហាបសុន មានចម្ងាយប្រហែល១២០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីស្តុកខុល។

នាឱកាសនោះ មេដឹកនាំទាំងបីបានពិភាក្សាគ្នា អំពីបញ្ហាប្រឈមផ្នែកសន្តិសុខរួម និងកិច្ចសហប្រតិបត្តិការលើបញ្ហាគោលនយោបាយការបរទេស សន្តិសុខ និងការពារជាតិ។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស៊ុយអែត ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន ដោយសារតែជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ដដែលបន្តថា ន័រវែស ហ្វាំងឡង់ និងស៊ុយអែត រួមជាមួយនឹងប្រទេសជិតខាងន័រឌីគរបស់យើង មានទំនួលខុសត្រូវរួមគ្នា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់ រួមទាំងនៅក្នុងតំបន់ភាគខាងជើងរបស់យើង។

ស្របពេលដែលស៊ុយអែត និងហ្វាំងឡង់កំពុងធ្វើដំណើរទៅចូលរួមជាមួយអង្គការណាតូ យើងកំពុងធ្វើការនៅក្នុងវិធីរួមបញ្ចូលគ្នាបន្ថែមទៀត ដើម្បីពង្រឹងផ្នែកសន្តិសុខ។យើងនឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរបស់យើង នៅក្នុងសមយុទ្ធទ្រង់ទ្រាយធំនាប៉ុន្មានឆ្នាំខាងមុខនេះ។

គួរបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យចូលរួមអង្គការណាតូកាលពីខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីមានការផ្ទុះឡើងនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ ការចូលជាសមាជិកអង្គការណាតូទាមទារការយល់ព្រមពីរដ្ឋសមាជិកទាំងអស់នៃសម្ព័ន្ធមិត្តយោធានេះ។ តួកគី និងហុងគ្រី ដែលជាសមាជិកទាំងពីររបស់អង្គការណាតូនៅមិនទាន់ផ្តល់ការយល់ព្រមរបស់ពួកគេនៅឡើយទេ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner