ក្រសួងការងារ នឹងបើកប្រាក់ឧបត្ថម្ភចុងក្រោយដល់កម្មករ និយោជិត នៅសហគ្រាសចំនួនបីនៃវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកប្រាក់ ឧបត្ថម្ភ ជាលើកចុងក្រោយដល់កម្មករ និយោជិតចំនួន ១២៩នាក់ ដែលត្រូវបានសហគ្រាសទាំងបីនៃវិស័យទេសចរណ៍ ក្នុងខេត្តសៀម រាប បានព្យួរកិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
ការបើកប្រាក់ឧបត្ថម្ភជាចុងក្រោយដល់កម្មករនិយោជិតនៅក្នុងសហគ្រាសទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីការបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យ ទេសចរណ៍ ដែលបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃ កញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ជាលើកចុងក្រោយ។
សហគ្រាសទាំងនោះរួមមាន សណ្ឋាគារសុខាសៀមរាប សណ្ឋាគារស្មាយលីង និងសណ្ឋាគារតាព្រហ្មដែលមានកម្មករ និយោជិត ចំនួន ១២៩នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភជាលើកចុង ក្រោយ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋា ភិបាល តាមរយៈធនាគារ វីង (ខេមបូឌា) ម.ក។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ប្រាក់ ឧបត្ថម្ភ នេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះរួមមានចំនួន៖ ១២១ ៥០០រៀល (៣០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ និងចំនួន ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។
ធនាគារវីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជ រដ្ឋា ភិបាល វិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករនិយោជិតត្រូវ យក អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារ នោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។
ក្រសួងបានបញ្ជាក់ថា ៖ «កម្មករនិយោជិតដែលទទួលបានប្រាក់ ឧបត្ថម្ភ ជា លើកចុងក្រោយនេះ គឺមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារ វីង ឡើយពេល បើកប្រាក់ឧបត្ថម្ភនេះ។ ជាមួយគ្នានេះដែរ ក្នុងករណី កម្មករនិយោជិត ដែលបម្រើការងារនៅសហគ្រាសទាំង៣នេះ មិនបាន ទទួលសារទូរសព្ទពីធនាគារ វីង សូមបងប្អូនទំនាក់ទំនង សួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាល សហគ្រាសរបស់ខ្លួន»។
ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ក៏បានបន្ថែមដែរថា ដោយស្ថានភាពទេសចរណ៍បច្ចុប្បន្នមានសភាពធូរស្បើយជាលំដាប់ ដែលអនុញ្ញាតឲ្យសណ្ឋាគារជាច្រើនអាចបើកដំណើរការឡើងវិញ ដូច្នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភ រាជរដ្ឋាភិបាល ៤០ ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិត ១នាក់ ដែលបំពេញការងារក្នុងសណ្ឋាគារ នៅខេត្ត សៀមរាប ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ។
ទាក់ទិនរឿងនេះ ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី បានឱ្យដឹងថា កន្លងមកក្រសួង បានបើកប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិត ដែលធ្វើការក្នុងវិស័យ ទេសចរណ៍ក្នុងខេត្តសៀមរាប ដែលវាជារឿងល្អ ហើយក៏ជាការ សាទរ ពីព្រោះថាប្រាក់ឧបត្ថម្ភនេះ បានចូលរួមចំណែកជួយដោះ ស្រាយភាពលំបាកមួយចំនួនរបស់ពួកគាត់ផងដែរ ស្របពេលដែល ពួកគាត់ត្រូវបានព្យួរកិច្ចសន្យាការងារ។
លោកបានបន្តថា លោកលើកទឹកចិត្តដល់ក្រសួង គួរតែបើកប្រាក់ ឧបត្ថម្ភ ទាំងនេះជាបន្តទៀត ដោយសារវិស័យទេសចរណ៍ មិនទាន់ អាចងើបឡើងវិញល្អទេ ហើយចំពោះកម្មករនៅ តែបាត់បង់ការងារ ច្រើន។ ដូច្នេះប្រសិនក្រសួងនៅបន្តអនុវត្តគោលការណ៍បើក ប្រាក់ ឧបត្ថម្ភនេះដដែល នោះលោកគិតថា វាជារឿងល្អសម្រាប់កម្មករ និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាកាងារ៕
ដោយ៖ជា សុខនី

ads banner