សម្ព័ន្ធមិត្តអ៊ុយក្រែនប្តេជ្ញាពង្រឹងវិស័យការពារជាតិ ខណៈរុស្ស៊ីពង្រឹង ទំនាក់ទំនងចិន

អាមេរិក៖ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបជាមួយ មេដឹកនាំ ណាតូ និងមេដឹកនាំអឺរ៉ុបនៅទីក្រុងវ៉ាសូវីកាលពីពុធ ដោយ សម្ព័ន្ធមិត្តបានប្ដេជ្ញាពង្រឹងវិស័យការពារជាតិចាប់តាំងសមុទ្របាល់ទិករហូតដល់សមុទ្រខ្មៅ ស្របពេលដែលរុស្ស៊ីព្យាយាមពង្រឹងទំនាក់ ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយចិន។
លោក បៃដិន បានចូលរួមកិច្ចប្រជុំជាមួយប្រធានអង្គការណាតូលោក ជេនស៍ ស្តូលថេនប៊ឺគ និងប្រមុខ ប្រមុខនៃបណ្តាប្រទេសនៅអឺរ៉ុបខាង កើតក្នុងគោលបំណងដើម្បីគាំទ្រដល់ក្រុងកៀវ មុនការឈ្លានពានអ៊ុយ ក្រែន របស់រុស្ស៊ីឈានចូលដល់មួយឆ្នាំនៅថ្ងៃសុក្រនេះ។
មេដឹកនាំនៃប្រទេសប៊ុលហ្គារី សាធារណរដ្ឋឆេក អេស្តូនី ហុងគ្រី ឡាតូនី លីទុយអានី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី បានចូលរួមកិច្ចពិ ភាក្សា នេះ ចំពេលមានការព្រួយបារម្ភក្នុងប្រទេសរៀងខ្លួនថា ជម្លោះនៅ អ៊ុយក្រែននឹងរាលដាលឡើង។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយក្រោយកិច្ចប្រជុំ ក្រុមមេដឹក នាំបានប្តេជ្ញាថានឹង «ពង្រឹងការទប់ទល់ និងជំហរការ ពាររបស់យើង បន្ថែមទៀត នៅទូទាំងផ្នែកខាងកើតទាំងមូល ពីបាល់ទិកទៅសមុទ្រ ខ្មៅ»។ លោក ស្តូលថេនប៊ឺគ បានជំរុញឱ្យសម្ព័ន្ធមិត្តបង្កើនការ គាំទ្រសម្រាប់អ៊ុយក្រែន ដោយនិយាយថា ៖«យើងមិនអាចអនុញ្ញាត ឱ្យរុស្ស៊ី បន្តធ្វើឱ្យខូចសន្តិសុខអឺរ៉ុបបានទេ»។
ចំណែកមហាសន្និបាតអង្គការសហប្រជាជាតិក៏បានជួបប្រជុំគ្នានៅថ្ងៃពុធផងដែរ ដោយរដ្ឋាភិបាលក្រុងកៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួន សង្ឃឹម ថានឹងទទួលបានការគាំទ្រយ៉ាងច្រើនលើសេចក្ដីសម្រេច ដែលអំពាវនាវឱ្យមានសន្តិភាពយូរអង្វែង។
នៅទីក្រុងមូស្គូឯនោះវិញ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថ្លែងក្នុង កម្មវិធីជួបជុំអ្នកស្នេហាជាតិ ដោយប្រាប់ហ្វូងមនុស្សរាប់ម៉ឺននាក់ថា រុស្ស៊ីកំពុងប្រយុទ្ធ «ដើម្បីទឹកដីប្រវត្តិសាស្ត្ររបស់យើង ដើម្បី ប្រជាជន របស់យើង»។
មុននោះ លោក ពូទីន បានជួបពិភាក្សាជាមួយមន្ត្រីការទូតកំពូល របស់ចិន លោក វ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងមូស្កូ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូបានសម្តែងការព្រួយ បារម្ភថា ចិនអាចនឹងរៀបចំផ្គត់ផ្គង់អាវុធដល់រុស្ស៊ី។ លោក វ៉ាង បាននិយាយយ៉ាងដូច្នេះថា៖ «យើងនឹងមិនត្រូវបានគ្របដណ្ដប់ដោយ ការគំរាមកំហែង និងសម្ពាធពីភាគីទី៣ឡើយ»។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួ បានស្រង់សម្ដីលោក វ៉ាង ដែលថ្លែងក្នុងសេចក្ដីប្រកាសក្រោយជំនួបថា ចិនមានឆន្ទៈក្នុងការ បង្កើនទំនុកចិត្តផ្នែកនយោបាយ និងពង្រឹងការសម្របសម្រួលជា យុទ្ធសាស្រ្តជាមួយរុស្ស៊ី។ សេចក្ដីប្រកាសដែលចេញផ្សាយក្រោយជំនួបបានបន្តថា ចិននឹង «រក្សាគោលជំហរប្រកបដោយគោលបំណង និងយុត្តិធម៌ ហើយដើរ តួនាទីស្ថាបនាក្នុងការដោះស្រាយវិបត្តិតាមរយៈមធ្យោបាយនយោបាយ»។
គួររំឭកថា ការវិវត្តចុងក្រោយកើតមានឡើងក្រោយរុស្ស៊ីប្រកាស ផ្អាកកិច្ចព្រមព្រៀងគ្រប់គ្រងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដែលជាសកម្មភាពត្រូវបានក្រុងវ៉ាស៊ីនតោនមើលឃើញថា «គ្មានទំនួលខុសត្រូវ»៕
ដោយ៖ហួន ឌីណា

ads banner