រដ្ឋមន្រ្តីការពារជាតិ និងប្រធានចារកម្មប៉ាគីស្ថាន ពិភាក្សាសន្តិសុខជា មួយ ក្រុមតាលីបង់

កាប៊ុល៖គណៈប្រតិភូជាន់ខ្ពស់ប៉ាគីស្ថាន បានធ្វើដំណើរទស្សនកិច្ចទៅ ក្រុងកាប៊ុល កាលពីថ្ងៃពុធ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីតាលីបង់ ដែល កំពុងគ្រប់គ្រងអាហ្វហ្គានីស្ថាន ប៉ុន្មានថ្ងៃបន្ទាប់ពីការបិទ ច្រកព្រំដែនបានបង្កើនភាពតានតឹងរវាងប្រទេសទាំង២។
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khwaja Asif បានអមដំណើរ ជាមួយមន្ត្រីកំពូលៗផ្សេងទៀត រួមទាំងលោក Nadeem Anjum ដែលជាអគ្គនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អន្តរសេវាកម្មប៉ាគីស្ថាន បានជួបជាមួយឧបនាយករដ្ឋមន្ត្រីស្តីទីទទួលបន្ទុកផ្នែក សេដ្ឋកិច្ច អាហ្វហ្គានីស្ថាន លោក Mullah Abdul Ghani Baradar ក្នុងទីក្រុងកាប៊ុល។
សេចក្តីថ្លែងការណ៍មួយចេញពីការិយាល័យរបស់លោក Baradar បានឱ្យដឹងថា មន្ត្រីបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់ក្នុងតំបន់ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រទេសទាំង២។ លោក Baradar និយាយក្នុងសេចក្តីថ្លែងការណ៍ថា ការព្រួយបារម្ភ ផ្នែក នយោបាយ និងសន្តិសុខមិនគួរប៉ះពាល់ដល់អាជីវកម្ម ឬបញ្ហា សេដ្ឋកិច្ចនោះទេ។
លោកបានថ្លែងបន្តថា ៖ «ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានជា ប្រទេស ជិតខាង ហើយគួរតែមានភាពល្អប្រសើរ។ ប្រទេសអ៊ិស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាន សង្កត់ធ្ងន់លើការ អភិវឌ្ឍ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយប៉ាគីស្ថាន ព្រោះវាជាផល ប្រយោជន៍នៃប្រទេសទាំង២»។
សូមរំឭកថា កាលពីប៉ុន្មានថ្ងៃមុន អាជ្ញាធរអាហ្វហ្គានីស្ថានបាន បិទច្រកព្រំដែនសំខាន់ Torkham ដោយចោទប្រកាន់ប៉ាគីស្ថានថា មិនគោរពតាមការសន្យារបស់ខ្លួន ហើយប៉ាគីស្ថានក្នុងរយៈពេល ប៉ុន្មាន សប្តាហ៍ថ្មីៗនេះ បានរឹតបន្តឹងការគ្រប់គ្រងព្រំដែនដោយសារ តែការព្រួយបារម្ភអំពីសន្តិសុខ។
កាលពីថ្ងៃចន្ទ កងកម្លាំងសន្តិសុខដែលដាក់ពង្រាយនៅតាមព្រំដែន បានបាញ់ប្រហារគ្នាទៅវិញទៅមក ដែលធ្វើឱ្យឆ្មាំព្រំដែនប៉ាគីស្ថានម្នាក់រងរបួស។ គិតត្រឹមថ្ងៃពុធ ឡានដឹកទំនិញរាប់ពាន់គ្រឿង នៅតែជាប់គាំងនៅសងខាងព្រំដែននៃ ប្រទេសទាំង២។ នេះបើតាមការរាយការណ៍របស់បណ្ដាញព័ត៌មាន Al Jazeera ។
គួរកត់សម្គាល់ផងដែរថា កិច្ចប្រជុំនៅទីក្រុងកាប៊ុល ធ្វើឡើងខណៈ ប៉ាគីស្ថាន ប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សា ក្រោយក្រុមតាលីបង់ប៉ាគីស្ថាន TTP បានបញ្ចប់បទឈប់បាញ់ ជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ដែលតាលីបង់អាហ្វហ្គានីស្ថាន បានជួយសម្របសម្រួល។
TTP មានសម្ព័ន្ធមិត្តជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ប៉ុន្តែក្រុមទាំង២រក្សារចនាសម្ព័ន្ធដាច់ដោយឡែកពីគ្នា។ មន្ត្រីប៉ាគីស្ថានធ្លាប់ធ្វើការចោទប្រកាន់ថា ក្រុមប្រដាប់អាវុធនេះ កំពុងប្រើទឹកដីអាហ្វហ្គានីស្ថានដើម្បីបើកការវាយប្រហារលើប្រទេសរបស់ខ្លួន ប៉ុន្តែក្រុមតាលីបង់បានបដិសេធការចោទប្រកាន់ទាំងនោះ។
ជុំវិញបញ្ហានេះផងដែរ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Bilawal Bhutto-Zardari បាននិយាយកាលពីចុងសប្ដាហ៍កន្លងទៅថា «សន្តិសុខ និងការគំរាមកំហែងភេរវករ» ចេញពីអាហ្វហ្គានីស្ថាន គឺជាបញ្ហាធំបំផុតក្នុងតំបន់។ លោក Bhutto-Zardari បានថ្លែងនៅឯសន្និសិទសន្តិសុខទីក្រុងម៉ុយនិកថា ការកើនឡើងនៃ សកម្មភាពភេរវករនៅក្នុងប្រទេសប៉ាគីស្ថានចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់ក្រុងកាប៊ុល មិនយូរមិនឆាប់ទេនឹងរីក សាយភាយដល់ តំបន់ផ្សេងទៀត។
យ៉ាងណាមិញ រដ្ឋាភិបាល អាហ្វហ្គានី ស្ថាន របស់តាលីបង់ ដែលចង់បានការទទួលស្គាល់ភាពស្របច្បាប់លើឆាកអន្តរជាតិនោះ បានប្រឆាំងនឹងសេចក្តីថ្លែងការណ៍បែបនេះ ហើយនិយាយថា ប៉ាគីស្ថានគួរតែពិភាក្សាអំពីបញ្ហាទ្វេភាគីទល់មុខគ្នាជាជាង «ការត្អូញត្អែរនៅក្នុងសន្និសីទអន្តរជាតិ»៕
ដោយៈហួន ឌីណា

ads banner